FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ជើងទីពីរ ស្រីលង្កា-ម៉ាកាវ ត្រូវលុបចោល ដោយសារម៉ាកាវអត់ហ៊ានទៅស្រីលង្កា ស្រីលង្កា ធ្វើសន្និសីទសារព័ត៌មានមុនការប្រកួត មុនពេលដែល FIFA សម្រេចលុបចោលការប្រកួតផ្លូវការ
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានសម្រេចលុបចោលជាផ្លូវការជំនួបជើងទីពីរនៃវគ្គជម្រុះបឋម World Cup រវាងម្ចាស់ផ្ទះស្រីលង្កា និងម៉ាកាវ ដែលគ្រោងរៀបចំឡើងនាថ្ងៃទី១១ ខែមិថុនា នៅក្រុងកូឡុំបូ។ នេះបើតាមការអះអាងរបស់សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា (FFSL) ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
សហព័ន្ធកីឡាបាល់ទាត់ម៉ាកាវ (MFA) បានប្រកាសថា ពួកគេសម្រេចមិនបញ្ជូនក្រុមទៅប្រកួតជើងទីពីរនៅទឹកដីស្រីលង្ការវិញឡើយ បើទោះបីជាពួកគេមានប្រៀបជាមួយនឹងលទ្ធផល ១-០ ក៏ដោយ។ MFA បញ្ជាក់ថា ពួកគេព្រួយបារម្ភពីសុវត្ថិភាពកីឡាករ និងក្រុមទាំងមូលដោយសារតែស្រីលង្កា ទើបតែរងការវាយប្រហារដោយភេរវកម្មកាលពីពេលថ្មីៗកន្លងមកនេះ។
MFA ស្នើឲ្យរៀបចំប្រកួតនៅទឹកដីកណ្តាល ប៉ុន្តែ FFSL អះអាងថា ពួកគេធានាសន្តិសុខពិសេសសម្រាប់ជំនួបនៅកូឡុំបូ ដោយស្រីលង្កាចង់ប្រើប្រាស់ឱកាសនេះ ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងបង្ហាញជំហររួមគ្នាក្នុងសហគមន៍ក្នុងការបង្ហាញសាមគ្គីភាពក្នុងវិស័យកីឡា។
ជាធម្មតា ស្រីលង្កា នឹងឡើងទៅជុំទីពីរដោយស្វ័យប្រវត្តិ ប៉ុន្តែពួកគេរង់ចាំការប្រកួត និងការកំណត់លទ្ធផលជាផ្លូវការពីសំណាក់ FIFA ជាមុនសិន។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិស្រីលង្កា បានរៀបចំធ្វើសន្និសីទមុនការប្រកួតតែម្នាក់ឯង ដោយឡែកមន្ត្រីរៀបការប្រកួតរបស់ FIFA ក៏ត្រូវធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរៀងៗខ្លួនផងដែរ។
តាមពិតទៅ ក្រុមកីឡាករម៉ាកាវ ពិតជាចង់លេងនៅជើងទីពីរក្នុងប្រទេសស្រីលង្កាខ្លាំងណាស់ ប៉ុន្តែពួកគេខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com