ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ “​ស្ងាប​” មិន​ឈប់​មែន​ទេ​? អាន​អត្ថបទ​នេះ​!
25, Mar 2023 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ស្ងាប​អាច​ចាត់ទុកជា​សកម្មភាព​ធ​ម្ម​តា​មួយ​របស់​រាងកាយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្ងាប​មិន​ឈប់​សោះ ច្រើនដង​ពេក​នោះ​វា​អាច​បណ្ដាលមកពី​បញ្ហា​សុខភាព​ហើយ​។ ថា​តើ​ការ​ស្ងាប​សឹង​គ្រប់ពេល​បណ្ដាលមកពី​មូលហេតុ​អ្វី​ខ្លះទៅ​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ស្ងាប​ច្រើន ៖ 
 
១. បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង​
 
​ជាពិសេស​ប្រសិនបើ​អ្នកការ​ស្ងាប​របស់​អ្នក​អម​មក​ជាមួយនឹង​ស្នាម​ខ្មៅ​ដក់​ក្រោម​រង្វង់​ភ្នែក ហើយ​ងងុយគេង​ខ្លាំង​។ ការ​ស្ងាប​មិន​ឈប់ ស្នាម​ខ្មៅ​ក្រោម​ភ្នែក និង​អារម្មណ៍​ងងុយគេង គឺអាច​បណ្ដាលមកពី​ការដែល​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ចន្លោះ​ពី ៧ ទៅ ៩ ម៉ោង​នៅពេល​យប់​។ 
 
២. បញ្ហា​ថប់​អារម្មណ៍​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ក្រៅពី​ចង្វាក់បេះដូង​លោត​ញាប់ តឹង​ថប់​ទ្រូង ភាព​ខ្លី​នៃ​ដង្ហើម មាន​អារម្មណ៍​រកកល់នឹង​សន្លប់ ខ្សោយកម្លាំង និង​បែកញើស​ច្រើន​ហើយ​នោះ​ការ​ស្ងាប​សឹង​គ្រប់ពេល​ក៏​ជា​អាកា​រៈ​នៃ​បញ្ហា​ថប់​អារម្មណ៍ដែរ​? ដូច្នេះ​ដើម្បី​បញ្ឈប់​ការ​ស្ងាប​ច្រើន ចូរ​ព្យាយាម​គ្រប់គ្រង​ការ​ថប់​បារម្ភ​របស់​អ្នក​។​

៣. ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)
 
​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​ជំងឺផ្លូវចិត្ត​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្ងាប​សឹង​គ្រប់ពេល​។ វា​ជា​អ្វីមួយ​ដែល​អាច​បណ្ដាល​ឲ្យ​ផ្លូវចិត្ត​និង​រាងកាយ​ហត់នឿយ​អស់កម្លាំង​បង្ក​អាកា​រៈ​ស្ងាប​ច្រើនដង​។ 
 
៤. បញ្ហា​បេះដូង​
 
​វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា​វា​ក៏​អាចទៅរួច​ដែរ ដែល​បញ្ហា​បេះដូង​ជា​មូលហេតុ​នៃ​ការ​ស្ងាប​មិន​ឈប់​របស់​មនុ​ស្សណា​ម្នាក់​។ នោះ​ក៏​ព្រោះតែ​បញ្ហា​បេះដូង​អាច​រាំងស្ទះ​សរីរាង្គ​ផ្សេងៗ​ក្នុង​រាងកាយ​ពី​ការទទួលបាន​អុកស៊ីត​សែន​គ្រប់គ្រាន់​។ ភាគច្រើន​នៃ​ការ​ស្ងាប​មិន​ឈប់​កើតមាន​ចំពោះ​អ្នក​ដែល​កំពុង​ប្រឈមមុខ​ជាមួយ​បញ្ហា​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
៥. បញ្ហា​ថ្លើម​
 
​ការ​ស្ងាប​សឹង​គ្រប់ពេល​ក៏​ច្រើន​ឃើញ​មាន​លើ​អ្នក​ដែលមាន​បញ្ហា​ខ្សោយ​ថ្លើម ជាពិសេស​អ្នក​ដែល​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​។ អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​ជឿថា​វា​អាច​កើតឡើង​ដោយសារតែ​ភាព​អស់កម្លាំង​ខ្សោយ​ខ្លាំង​នៃ​អ្នកជំងឺ​។ ក្រៅពី​ការ​ស្ងាប​ច្រើន រោគសញ្ញា​មួយចំនួន​ផ្សេងទៀត​នៃ​បញ្ហា​ខ្សោយ​ថ្លើម​រួមបញ្ចូល​ទាំង​ការ​ងងុយគេង​ខ្លាំង​កំឡុងពេល​ថ្ងៃ ស្បែក​និង​ភ្នែក​ឡើង​លឿង បាត់បង់​ចំណង់​អាហារ ចង្អោរ​ចង់​ក្អួត ភាន់ភាំង និង​របកស្បែក​ដៃ ឬ​ជើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com