អន្តរជាតិ
លោក ត្រាំ គំរាមដំឡើងពន្ធលើទំនិញចិន បើមិនបានជួបលោក ស៊ី នៅជប៉ុន ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីអាមេរិក ដូណាល់ ត្រាំ ជួបគ្នាក្រៅកិច្ចប្រជុំ G20 នៅអាហ្សង់ទីន។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១០ ខែមិថុនា បានគំរាមដាក់ពន្ធនាំចូលលើទំនិញចិន ប្រសិនបើប្រធានាធិបតីចិន ស៊ី ជិនភីង មិនបង្ហាញមុខនាជំនួបនៅជប៉ុនទេនោះ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាមេរិក មិនត្រឹមគំរាមដំឡើងពន្ធលើចិនឡើយ លោក ត្រាំ ប្រកាសថា អាមេរិកក្រោមការដឹកនាំរបស់លោក នឹងមិនឲ្យសេដ្ឋកិច្ចចិនវ៉ាដាច់ទៅមុនឡើយ ហើយកិច្ចព្រមព្រៀងបញ្ចប់ជម្លោះពាណិជ្ជកម្ម នឹងសម្រេចបានមិនខាន។
មុនកិច្ចប្រជុំមេដឹកនាំប្រទេសរីកចម្រើនទាំង២០ (G20) នៅជប៉ុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារតឹងរ៉ឹងមួយទៅកាន់សមភាគីចិន ស៊ី ជិនភីង ។ តាមគម្រោង លោក ត្រាំ និងលោក ស៊ី នឹងត្រូវជួបគ្នានៅក្រៅកិច្ចប្រជុំនេះ ដែលមានសង្គ្រាមពាណិជ្ជកម្មជាប្រធានបទសំខាន់។ មកទល់សព្វថ្ងៃ តំណាងចរចាប្រទេសទាំងពីរបានអាក់ខានជួបគ្នាយូរគួរសមហើយ ខណៈកិច្ចព្រមព្រៀងមិនទាន់លេចរូបរាងនៅឡើយ។
នាកិច្ចសម្ភាសជាមួយទូរទស្សន៍ CNBC លោក ត្រាំ ត្រូវបានសួរថា បើលោក ស៊ី មិនទៅជួបលោកនៅជប៉ុន អាមេរិកនឹងដាក់ពន្ធនាំចូលលើទំនិញចិននៅសេសសល់ដែលមានតម្លៃ៣០០ពាន់លានដុល្លារឬយ៉ាងណា។ លោក ត្រាំ ក៏ឆ្លើយថា អាមេរិកនឹងយកពន្ធនាំចូលនោះមិនខាន។ លោកបន្តថា ជំនួបចរចាទ្វេភាគី ត្រូវបានរៀបចំរួចអស់ហើយ ដូចនេះលោករំពឹងថា នឹងបានជួបលោក ស៊ី មិនខាន។ តែលោកពិតជាភ្ញាក់ផ្អើលបើប្រធានាធិបតីចិនមិនមកតាមការណាត់នោះ។
ទីក្រុងប៉េកាំង មិនទាន់ចេញព័ត៌មានលម្អិតទាក់ទំនងជំនួបមេដឹកនាំនៅក្រៅកិច្ចប្រជុំ G-20 នៅទីក្រុងអូសាការបស់ជប៉ុនដែលធ្វើឡើងនៅថ្ងៃទី២៨ និងទី២៩ ខែមិថុនាខាងមុខ។ យ៉ាងណាមិញ បើធ្វើឡើងមែននោះ ជំនួបចរចារវាងលោក ត្រាំ និងលោក ស៊ី ទំនងយកគម្រូតាមជំនួបនៅទឹកដីអាហ្សង់ទីន ដោយមេដឹកនាំទាំងពីរជួបចរចានៅតុអាហារពេលល្ងាចតែម្ដង។
និយាយពីរឿងពន្ធនាំចូលវិញ តាំងពីសង្គ្រាមពាណិជ្ជកម្មឆេះឡើងកាលពីពាក់កណ្ដាលឆ្នាំ២០១៨ អាមេរិកបានបានដាក់ពន្ធចំនួន២៥ភាគរយហើយលើទំនិញចិនតម្លៃ២០០ពាន់លានដុល្លារ ខណៈចិនវិញបានឆ្លើយតបតាមរយៈការយកពន្ធលើទំនិញចិន៦០ពាន់លានដុល្លារ។ កាលពីខែមុន លោក ត្រាំ ក៏គំរាមយកពន្ធលើទំនិញចិនតម្លៃ៣០០ពាន់លានដុល្លារថែមទៀត ដែលវាស្មើនឹងវ៉ាស៊ីនតោនយកពន្ធលើគ្រប់ទំនិញចិននាំចូលទៅអាមេរិកទៅហើយ។
ការយកពន្ធនាំចូល បានក្លាយជាអាវុធសម្រាប់រដ្ឋបាលប្រធានាធិបតី ត្រាំ ដើម្បីគំរាមសម្ព័ន្ធមិត្តផ្សេងទៀតឲ្យបន្ទន់ជំហររបស់ខ្លួន ហើយធ្វើតាមការទាមទាររបស់ខ្លួន។ ក្នុងកិច្ចសម្ភាសវែងអន្លាយជាមួយទូរទស្សន៍អាមេរិក លោក ត្រាំ បង្ហាញគោលដៅចម្បងរបស់ខ្លួន គឺធ្វើយ៉ាងណាក៏ដោយ ក៏មិនត្រូវឲ្យអាមេរិកវ៉ាដាច់អាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចដែរ។ បើតាមលោក ត្រាំ បើបក្សប្រជាធិបតេយ្យកាន់អំណាច ចិនទៅផុតអាមេរិកហើយ៕
Tag:
ចិន
អាមេរិក
ដូណាល់ ត្រាំ
ស៊ី ជិនភីង
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com