ជាតិ
នយោបាយជាតិ
អតីតថ្នាក់ដឹកនាំប្រឆាំង រៀបផែនការលើកទីពីរពី «ការវិលត្រឡប់មកកម្ពុជា» គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ បើកកិច្ចប្រជុំជាលើកទី២ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ពីថ្ងៃទី៨-ទី៩ ខែមិថុនា ឆ្នាំ២០១៩ (រូបពីលោកទំព័រហ្វេសបុក Mu Sohua)
× គណៈកម្មាធិការអចិន្ត្រៃយ៍នៅក្រៅប្រទេសរបស់អតីតគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំជាលើកទី២ នៅថ្ងៃទី៨-ទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីផែនការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់គណបក្សនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្រោយកិច្ចប្រជុំ អតីតគណបក្សប្រឆាំង បានប្រកាសជាថ្មីថា ថ្នាក់ដឹកនាំរបស់ខ្លួន នឹងវិលមកកម្ពុជាវិញក្នុងពេលខាងមុខដ៏ខ្លីនេះ។
បើតាមសេចក្តីថ្លែងការណ៍ ការវិលត្រឡប់របស់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង គឺដើម្បីតស៊ូនយោបាយអហិង្សា ទាមទារឲ្យគណបក្សរបស់ពួកគេរស់ឡើងវិញ ទាមទារឲ្យដោះលែងលោក កឹម សុខា ស្តារលទ្ធិប្រជាធិបតេយ្យ និងបញ្ចៀសការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក។
«ដើម្បីសម្រេចគោលបំណងនេះ គណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ និងគ្រប់គណបក្ស រួមកម្លាំងគ្នារក្សាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ដើម្បីបញ្ចៀសការឈឺចាប់ និងសេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរយើង»។ នេះជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់អតីតគណបក្សប្រឆាំង។
លោក សម រង្ស៊ី និង អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ប្រកាសជាញឹកញាប់ថា ពួកគេ នឹងវិលមកកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ។ លោក សម រង្ស៊ី ជឿជាក់ថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នឹងធ្វើដំណើរមកកម្ពុជាជាមួយលោក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ចំអកថាលោក សម រង្ស៊ី មិនធ្វើមាតុភូមិនិវត្តតាមការកំណត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍នោះទេ។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមថា «ទណ្ឌិតរត់ចោលស្រុកនិយាយថា មានប្រជាជនកម្ពុជាទូទាំងប្រទេសគាំទ្រខ្លួន បើដូច្នេះមែន ទណ្ឌិតនេះ នឹងចូលមកក្នុងប្រទេសភ្លាមៗហើយ មិនមែននៅពន្យារពេលម្តងហើយម្តងទៀតទេ»៕
Tag:
សម រង្ស៊ី
មាតុភូមិនិវត្ត
EBA
© រក្សាសិទ្ធិដោយ thmeythmey.com