សេដ្ឋកិច្ច
អន្តរជាតិ
ថៃ ចង់ស្រោចស្រង់ពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ក្រោយវៀតណាមចរចាជោគជ័យ កំពុងផែ Laem Chabang ដែលជាស្នូលក្នុងគម្រោងច្រករបៀងភាគខាងកើតថៃ (ប្រភពរូប៖ AFP)
× ថៃ បានប្រកាសជំហរបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) នៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី។ ការត្រៀមលក្ខណៈជាថ្មីនេះ ធ្វើឡើងក្រោយពីការពិភាក្សារវាងភាគីថៃ និង EU ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានផ្អាកចាប់តាំងពីឆ្នាំ២០១៤ ពោលគឺក្រោយពីរដ្ឋប្រហារយោធាមកម្ល៉េះ ខណៈ FTA ជាមួយវៀតណាម ទទួលបានការអនុម័តពីគណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៨ និងត្រៀមដាក់ឲ្យចូលធរមាននាពេលណាមួយក្នុងឆ្នាំនេះ។
នៅថ្ងៃទី១១ ខែមិថុនា លោកស្រី Auramon Supthaweethum ប្រធាននាយកដ្ឋានទទួលបន្ទុកការចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ លើកឡើងថា មន្ត្រីពាណិជ្ជកម្មរបស់ថៃ និងសហភាពអឺរ៉ុប នឹងជួបពិភាក្សាគ្នាអំពី លទ្ធភាពនៃការស្រោចស្រង់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ ស្របពេលដែលថៃ កំពុងដំណើរការនីតិវិធីដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយបោះឆ្នោត។
បើតាមលោកស្រី Auramon កិច្ចពិភាក្សានេះ នឹងធ្វើឡើងក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១១ ខែមិថុនា ហើយព័ត៌មានលម្អិតទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចធ្វើឡើង នឹងពុំត្រូវបានលើកយកមកពិភាក្សានោះឡើយក្នុងជំនួបពាណិជ្ជកម្មខាងមុខនេះ។ យ៉ាងណាមិញ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ថៃរូបនេះ បន្ថែមទៀតថា រដ្ឋាភិបាលថៃ កំពុងត្រៀមខ្លួនសម្រាប់ការចរចាជាផ្លូវការ ដែលនឹងចាប់ផ្តើមនៅដើមខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation អំឡុងពេល៤ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មថៃ-EU មានតម្លៃស្មើនឹង ១៣,៤ពាន់លានដុល្លារ ដោយថៃនាំចេញ ៧ពាន់លានដុល្លារ និងនាំចូល ៦ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីការធ្លាក់ចុះដែលគួរឲ្យកត់សម្គាល់មួយ ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងសហភាពអឺរ៉ុប ដែលមានទំហំ ១៥,១ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០១៨។
ទាក់ទិននឹងការថមថយនេះ លោក Aat Pisanwanich ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាធុរៈកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ព្រមានថា ទំហំពាណិជ្ជកម្មរវាងថៃ និងសហភាពអឺរ៉ុប នឹងបន្តធ្លាក់ចុះក្នុងត្រីមាសទី៣នៃឆ្នាំ២០១៩នេះទៀត និងអូសបន្លាយរហូតរាប់ទសវត្សរ៍ខាងមុខផងដែរ ប្រសិនបើរដ្ឋាភិបាលថៃ ពុំអាចទទួលផ្លែផ្កាណាមួយក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្លុកអឺរ៉ុបទេនោះ។
អ្នកជំនាញខាងពាណិជ្ជកម្មថៃរូបនេះ ពន្យល់បែបនេះ៖«នេះគឺដោយសារតែ វៀតណាម ដែលជាគូប្រជែងនាំចេញដ៏ចម្បងមួយរបស់ថៃទៅកាន់ទីផ្សារអឺរ៉ុប បានបង្កើតកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ដែលនឹងចូលជាធរមានក្នុងត្រីមាសទី៣នៃឆ្នាំនេះ»។ លើសពីនេះ លោក Aat និយាយថា ទំនិញវៀតណាម ដែលប្រកួតប្រជែងជាមួយទំនិញថៃ រួមមាន សម្ភារអេឡិចត្រូនិក អង្ករ និងផ្លែឈើ នឹងក្លាយមានភាពប្រកួតប្រជែងខ្លាំងបន្ថែមទៀត ដោយសារការទម្លាក់តម្លៃពន្ធនាំចូល បន្ទាប់ពី FTA ចូលជាធរមាន។ ការណ៍នេះ នឹងកាត់បន្ថយចំណែកទីផ្សារនៃទំនិញរបស់ថៃក្នុងតំបន់អឺរ៉ុប និងបង្កជាផលប៉ះពាល់រយៈពេលវែងលើការនាំចេញរបស់ថៃ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថៃ-EU មួយ ពុំអាចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខទេនោះ។
សូមបញ្ជាក់ថា ការស្រាវជ្រាវមួយ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាធុរៈកិច្ចអន្តរជាតិរបស់ថៃ (CITS) បង្ហាញថា ក្រោយពីកិច្ចព្រមព្រៀងរវាងវៀតណាម និងសហភាពអឺរ៉ុប ចូលជាធរមាននោះ ការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុប នឹងកើនឡើងពី ៥០ពាន់លានដុល្លារ ទៅ ៧០ពាន់លានដុល្លារ ប្រចាំឆ្នាំ។ ការណ៍នេះ នឹងកាត់បន្ថយការនាំចេញរបស់ថៃទៅកាន់ទីផ្សារអឺរ៉ុប មកត្រឹម ២០ពាន់លានដុល្លារ ក្នុងត្រីមាសទី២ នៃឆ្នាំ២០១៩នេះ និង ៤០ពាន់លានដុល្លារ ក្នុង២ឆ្នាំខាងមុខទៀត៕
Tag:
ថៃ
វៀតណាម
ពាណិជ្ជកម្ម
FTA
EU
© រក្សាសិទ្ធិដោយ thmeythmey.com