អន្តរជាតិ
ពលរដ្ឋហុងកុង ប្រមូលផ្ដុំតវ៉ាជាថ្មី ខណៈរដ្ឋាភិបាលមិនចុះញ៉មរឿងច្បាប់បត្យាប័នជាមួយចិន ការធ្វើបាតុកម្មនៅហុងកុងនៅថ្ងៃទី៩ ខែមិថុនា ។ រូបភាព AFP
× ពលរដ្ឋហុងកុង នឹងប្រមូលផ្ដុំទ្រង់ទ្រាយធំម្ដងទៀតនៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដើម្បីតវ៉ាសេចក្ដីស្នើច្បាប់ដែលអនុញ្ញាតឲ្យមានការធ្វើបត្យាប័នជនសង្ស័យពីហុងកុងទៅកាត់ក្ដីនៅតុលាការចិនដីគោក។ ការតវ៉ទ្រង់ទ្រាយធំនៅថ្ងៃទី៩ ខែមិថុនា បានអាចបង្ខំរដ្ឋាភិបាលហុងកុងឲ្យផ្អាកការជជែកពីសំណើច្បាប់នេះឡើយ ដោយមេដឹកនាំហុងកុង Carrie Lam ចាត់ទុកជារឿងមិនត្រឹមត្រូវ។ ប៉ូលិសប្រមាណប្រាំពាន់នាក់ នឹងត្រូវពង្រាយដើម្បីទប់ទល់ការធ្វើបាតុកម្មជាថ្មីនេះ។
នាយកប្រតិបត្តិរដ្ឋបាលស្វយ័តហុងកុង លោកស្រី Carrie Lam ប្រកាសជំហរមិនចុះញ៉មការតវ៉ារបស់ប្រជាជនទីក្រុងនេះជុំវិញសំណើច្បាប់ធ្វើបត្យាប័នជាមួយចិន។ ការតវ៉ាទ្រង់ទ្រាយធំបំផុត ត្រូវបានរៀបចំនៅចុងសប្ដាហ៍មុនដើម្បីប្រឆាំងសំណើច្បាប់នេះ ប៉ុន្តែរដ្ឋាភិបាលហុងកុងហាក់មិនអើពើការតវ៉ាដែលចូលដោយមនុស្សជាងមួយលាននាក់កាលពីថ្ងៃទី៩ ខែមិថុនាឡើយ។ មានការអំពាវនាវឲ្យការជួបជុំតវ៉ាម្ដងទៀតនៅថ្ងៃទី១២ ខែមិថុនា ពេលសភាហុងកុងជជែកលើសំណើនេះជាលើកទីពីរ។
នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង Carrie Lam ។
លោកស្រី Lam និយាយការពារជំហររបស់ខ្លួនថា វាជារឿងមិនសមរម្យឡើយដែលត្រូវដកសេចក្ដីស្នើច្បាប់នេះចេញពីសភានោះ។ មេដឹកនាំហុងកុងរូបនេះ បន្តថា រដ្ឋាភិបាលលោកស្រី នឹងបន្តជជែក និងពន្យល់ពីសារសំខាន់នៃគម្រោងធ្វើបត្យាប័ននេះដែលរាប់បញ្ចូលការដោះដូរជនសង្ស័យជាមួយប្រទេសឯទៀត មិនមែនជាមួយចិនមួយឡើយ។
បើតាមកាសែតហុងកុង South China Morning Post គម្រោងធ្វើបាតុកម្ម នឹងធ្វើនៅជុំវិញអាគាររដ្ឋាភិបាល ពិសេសអាគារសភាទីក្រុងនេះ។ ប្រភពប៉ូលិសហុងកុងទម្លាយថា ប៉ូលិសច្រើនជាងប្រាំពាន់នាក់ ត្រូវពង្រាយដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងតវ៉ា។ ការពង្រាយប៉ូលិសច្រើនបែបនេះ ធ្វើឡើងបន្ទាប់ពីការធ្វើបាតុកម្មលើកទីមួយកាលពីចុងសប្ដាហ៍មុនដែលអ្នករៀបចំអះអាងថា មានអ្នកចូលរួមច្រើនជាងមួយលាននាក់ឯណោះ។
ប៉ូលិសហុងកុង ចាត់ទុកការពង្រាយលើកនេះ ជាប្រតិបត្តិការដ៏ធំ ដោយកម្លាំងប៉ូលិសត្រូវបានប្រមូលមកពីខណ្ឌទាំងអស់របស់ទីក្រុងមួយនេះ។ គិតតាមចំនួននេះ ចំនួនប៉ូលិសដែលត្រូវពង្រាយ មានចំនួនតិចជាងចំនួនសន្តិសុខដែលត្រូវរក្សាសណ្ដាប់ធ្នាប់អំឡុងទស្សនកិច្ចមេដឹកនាំចិននៅហុងកុងតិចតួចប៉ុណ្ណោះ។ មន្ត្រីប៉ូលិសមកពីអង្គភាពកម្លាំងពិសេស ក៏ត្រូវពង្រាយផងដែរដើម្បីទប់ស្កាត់ការប៉ះទង្គិចណាមួយក្នុងពេលតវ៉ា។
គេរំពឹងថា មនុស្សជាច្រើននឹងចូលរួមការប្រមូលផ្ដុំដែលចាប់ផ្ដើមនៅពីយប់ថ្ងៃទី១១ ខែមិថុនា។ កាលពីថ្ងៃទី១០ ខែមិថុនា ម្ចាស់ក្រមហ៊ុន សហគ្រាស និងហាងជាច្រើន ប្រកាសថា ពួកគេនឹងបិទទ្វារនៅថ្ងៃទី១២ ខែមិថុនា ដើម្បីអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនចូលរួមការប្រមូលផ្ដុំប្រឆាំងសំណើច្បាប់ធ្វើបត្យាប័នដដ៏ចម្រូងចម្រាសនេះ។ ម្ចាស់ក្រុមហ៊ុនម្នាក់ប្រាប់កាសែតហុងកុងខាងលើថា ខ្លួននឹងមិនធ្វើប្រតិបត្តិការឡើយ ដោយអនុញ្ញាតឲ្យបុគ្គលិកទាំង១៥ ទៅធ្វើបាតុកម្ម៕
Tag:
ហុងកុង
ចិន
Carrie Lam
© រក្សាសិទ្ធិដោយ thmeythmey.com