ជាតិ
សង្គមជាតិ
ប៉ូលិស​ម្នាក់​ត្រូវបាន​ផ្អាក​ការងារ ដោយសារ​ផាកពិន័យ​ពលរដ្ឋ​មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​
11, Jun 2019 , 4:20 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន ដោយសារ​ការផាកពិន័យ​លើ​ពលរដ្ឋ​មិន​ត្រឹមត្រូវ តាមច្បាប់​កំណត់​។ ការសម្រេច​ផ្អាក​ការងារ​មន្ត្រីនគរបាល​រូបនេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ បាន​លួច​ថត​សកម្មភាព​យកប្រាក់​ផាកពិន័យ​មិន​ត្រឹមត្រូវ ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីពេល​ថ្មីៗ​នេះ​។​

 
​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត បានចេញ​លិខិត​បង្គាប់​ឲ្យ​លោក ស៊ឹម ប៊ុនធឿន ដែលមាន​ឋានៈ​នាយរង​ផ្នែក​ការពារ និង​អន្តរាគមន៍ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផ្អាក​ការងារ ក្រោម​ហេតុផល​ថា មន្ត្រី​រូបនេះ បាន​ផាកពិន័យ​ពលរដ្ឋ​មិន​ត្រឹមត្រូវ ហើយ​ថែមទាំង​មិន​ចេញ​បង្កាន់ដៃ​ផាកពិន័យ​តាម​ការកំណត់​ទៀត​។​
 
 
​តាមរយៈ​លិខិត​របស់​មេ​ប៉ូលិស​ក្រុង ចុះ​ថ្ងៃទី​១១ មិថុនា បាន​សរសេរ​ដូច្នេះ​ថា​៖«​សាមីខ្លួន​(​លោក ស៊ឹម ប៊ុនធឿន​) ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ មានការ​ចែករំលែក​វី​ដេ​អូ​ជាង​៣​នាទី លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ការចរចា​រវាង​មន្ត្រីប៉ូលិស​ខាងលើ ជាមួយ​យុវជន​ម្នាក់ ដែលជា​ម្ចាស់​ម៉ូតូ​មួយគ្រឿង ហើយ​ត្រូវបាន​ប៉ូលិស​ផាកពិន័យ​នេះ​។ ក្នុងការ​ចរចា​គ្នា​នោះ​លោក ស៊ឹម ប៊ុនធឿន បាន​ទារប្រាក់​ផាកពិន័យ​ពី​យុវជន​រូបនោះ ចន្លោះ​ពី​១០​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល ដើម្បី​គេចផុត​ពី​ការយក​ម៉ូតូ ដែល​ផាកពិន័យ​នេះ ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ដោយសារ​ទារប្រាក់​លើស​កំណត់ ទើប​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត ចេញ​សេចក្តីសម្រេច​បញ្ឈរជើង​មន្ត្រីប៉ូលិស​ខាង​ល​មួយ​រយៈពេល​សិន​៕

Tag:
 ស ថេត​
  ប៉ូលិស​
  ផាកពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com