អន្តរជាតិ
ប្រមុខការទូតអុីរ៉ង់៖ អ្នកធ្វើសង្គ្រាមសេដ្ឋកិច្ចប្រឆាំងអុីរ៉ង់ កុំសង្ឃឹមបានសុខឲ្យសោះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ (ស្ដាំ) ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាល្លឺម៉ង់ ហៃខូ ម៉ាស (ឆ្វេង)។ រូបភាព AFP
× ស្របពេលភាពតានតឹងជាមួយទីក្រុងវា់ស៊ីនតោននៅតែក្កៅគគុក ប្រមុខការទូតអុីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានព្រមានពីផលវិបាក បើរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបញ្ឈប់សង្គ្រាមសេដ្ឋកិច្ចរបស់ខ្លួនទេនោះ។ បើតាមលោក ហ្សារីហ្វ អាមេរិក និងគូកនដែលធ្វើទុក្ខបុកម្នេញអុីរ៉ង់ នឹងមិនបានសុខឡើយចំពោះទង្វើរបស់ខ្លួន។ ថ្លែងក្រោយជំនួបជាមួយសមភាគីអាល្លឺម៉ង់ ប្រមុខការទូតអុីរ៉ង់រូបនេះ លើកឡើងថា អឺរ៉ុបមានតួនាទីសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹង។
សម្ពាធផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងរបស់អាមេរិក កំពុងតែធ្វើឲ្យអុីរ៉ង់ប្រឈមមុខបញ្ហាខ្លាំង។ រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានដាក់ទណ្ឌកម្មផ្ទួនៗដើម្បីរាំងខ្ទប់ដង្ហើមសេដ្ឋកិច្ចអុីរ៉ង់ សំដៅបង្ខំឲ្យអុីរ៉ង់ផ្លាស់ប្ដូរឥរិយាបថដែលអាមេរិកចាត់ទុកថា ជាការគំរាមផលប្រយោជន៍ខ្លួននោះ។ អុីរ៉ង់ដែលត្រូវសែងអម្រែកកាន់តែធ្ងន់ឡើងៗ ប្រកាសមិនអត់អោនឲ្យអាមេរិកនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១០ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ ព្រមានថា អាមេរិកកុំរំពឹងបន្តធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយប្រជាជនអុីរ៉ង់ទៀតឲ្យសោះ ហើយប្រទេសដែលធ្វើសង្គ្រាមនេះ និងអ្នកគាំទ្រផង កុំរំពឹងបានសុខដែរ។ លោក ហ្សារីហ្វ និយាយព្រមានបែបនេះក្រោយជំនួបរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ហៃខូ ម៉ាស (Heiko Maas) ដែលធ្វើទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ដើម្បីរកដំណោះស្រាយភាពតានតឹងរវាងអាមេរិក និងអុីរ៉ង់ ក៏ដូចជាសំណុំរឿងនុយក្លេអ៊ែរ។
ជុំវិញការប្រឈមមុខជាមួយទីក្រុងវ៉ាស៊ីនតោន លោក ហ្សារីហ្វ លើកឡើងថា ច្រកចេញតែមួយគត់ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ គឺការបញ្ឈប់សង្គ្រាមសេដ្ឋកិច្ច។ ចំពោះមុខសមភាគីអាល្លឺម៉ង់ ប្រមុខការទូតអុីរ៉ង់រូបនេះថ្លែងថា អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ក៏អាចដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានេះដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
អុីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រជាមួយមហាអំណាចទៀត៦មានអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ ដោយអន្តរជាតិបានដកទណ្ឌកម្មលើអុីរ៉ង់ ជាថ្នូរនឹងការផ្អាកកម្មវិធីនុយក្លេអ៊ែរ។ ប៉ុន្តែរដ្ឋបាលលោក ត្រាំ បានដកខ្លួន ហើយបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើអុីរ៉ង់រហូតទីក្រុងតេហេរ៉ង់ចាត់ទុកជាសង្គ្រាមសេដ្ឋកិច្ចទៀតផង។ មិនត្រឹមផ្នែកសេដ្ឋកិច្ចឡើយ អាមេរិកក៏បង្កើនសម្ពាធយោធាដាក់អុីរ៉ង់ផងដែរ។
ក្នុងកិច្ចសម្ភាសដដែល លោក ម៉ាស និយាយថា អាល្លឺម៉ង់ នឹងប្រឹងប្រែងដើម្បីទប់ស្កាត់ការរាលដាលជម្លោះ។ ដោយលើកឡើងពីជម្លោះនៅស៊ីរី និងយេម៉ែននោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះបង្ហាញសុទិដ្ឋិនិយមថា ជារឿងដែលការប្រយុទ្ធគ្នានៅអុីរ៉ង់មិនមានកើតមាន ហើយទីក្រុងបែរឡាំង ចង់ធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីជួយអុីរ៉ង់។ លោកព្រមានថា ហេតុការណ៍តូចមួយ អាចបញ្ឆេះភ្លើងឲ្យរាលដាលពេញបន្ទុកបាន តែអាល្លឺម៉ង់ នឹងព្យាយាមរកដំណោះស្រាយ៕
Tag:
អ៊ីរ៉ង់
អាមេរិក
អាល្លឺម៉ង់
Javad Zarif
Heiko Maas
© រក្សាសិទ្ធិដោយ thmeythmey.com