ជាតិ
សេដ្ឋកិច្ច
EDC វិនិយោគ ៣៨០លានដុល្លារ សង់រោងចក្រអគ្គិសនី ៤០០មេហ្គាវ៉ាត់ នៅខេត្តកណ្តាល
11, Jun 2019 , 6:43 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីរដ្ឋាភិបាល អគ្គិសនីកម្ពុជា (EDC) បានវិនិយោគ ៣៨០លានដុល្លារ សាងសង់រោងចក្រផលិតអគ្គិសនីអានុភាព ៤០០ មេហ្គាវ៉ាត់ ដំណើរការដោយប្រេងខ្មៅ ដើម្បីបំពេញបន្ថែមតម្រូវការថាមពលអគ្គិសនី។



នៅថ្ងៃទី១១ខែមិថុនានេះ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុនពាក់ព័ន្ធនឹងការផ្គត់ផ្គង់ម៉ាស៊ីន និងសង់រោងចក្រ ក្នុងគម្រោងវិនិយោគនេះ។ រោងចក្រផលិតអគ្គិសនីនេះ ត្រូវសាងសង់ក្នុងភាពបន្ទាន់ ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ និងបញ្ចប់ក្នុងរយៈពេល១០ខែ ដែលអាចនឹងដាក់ឲ្យប្រើក្នុងអំឡុងខែមីនាឬខែមេសា ឆ្នាំ២០២០ ។ រោងចក្រនេះប្រើប្រាស់វត្ថុធាតុដើមប្រេងខ្មៅ(HFO) និងថ្ងៃអនាគតប្ដូរទៅប្រើឧស្ម័ន(LNG) ដើម្បីផលិតថាមពលអគ្គិសនី។

រោងចក្រផលិតអគ្គិសនីនេះ ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយត្រូវបែងចែកជា២ផ្នែក។ ផ្នែកទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ដោយប្រើប្រាស់ម៉ាស៊ីន Wartsila របស់ប្រទេសហ្វាំងឡង់ ដែលសាងសង់ដោយក្រុមហ៊ុន CGGC-UN Power Co., Ltd. និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន MAN របស់អាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន China National Heavy Machinery Corporation ។ ក្នុងគម្រោងនេះ ម៉ាស៊ីនត្រូវបញ្ជាទិញពីប្រទេសហ្វាំងឡង់ និងអាល្លឺម៉ង់ តែការសាងសង់ដំឡើងជារោងចក្រគឺធ្វើឡើងដោយក្រុមហ៊ុនចិន។

គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីនេះ ចំណាយថវិកាសរុប ៣៨០លានដុល្លារ ដែលក្នុងនេះការស្ថាបនារោងចក្រទាំងពីរត្រូវចំណាយ ៣៥៥លានដុល្លារ និងអនុស្ថានីយអគ្គិសនីរួមសម្រាប់រោងចក្រទាំងពីរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគឺប្រមាណ ២៥លានដុល្លារ។ លោក កែវ រតនៈ ឲ្យដឹងថា ទឹកប្រាក់ ៣០០លានដុល្លារ គឺ EDC ទទួលឥណទានពីរដ្ឋាភិបាលកម្ពុជា និង ៨០លានដុល្លារ EDC បោះទុនផ្ទាល់។

ការចាក់បញ្ចូលថាមពលអគ្គិសនី ៤០០មេហ្គាវ៉ាត់ក្នុងបណ្ដាញជាតិក្នុងពេលខាងមុខ តាមរយៈរោងចក្រខាងលើនេះ ត្រូវបានលោក កែវ រតនៈ អះអាងថា គឺជាចំណែកនៃតម្រូវការជាង ១០០០មេហ្គាវ៉ាត់បន្ថែមនៅឆ្នាំ២០២០ ។ លោកថ្លែងដូច្នេះថា៖«៤០០មេហ្គាវ៉ាត់នេះ គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រមូលឲ្យបានជាង ១០០០មេហ្គាវ៉ាត់បន្ថែមមុនដំណាច់ឆ្នាំ២០២០ ដើម្បីជួយការពារមិនឲ្យមានការខ្វះខាតថែមទៀត។

ក្រៅពីដើម្បីបង្រ្គប់តម្រូវការបន្ថែមជាង ១០០០មេហ្គាវ៉ាត់នៅឆ្នាំ២០២០ គម្រោងវិនិយោគខាងលើនេះ ធ្វើឡើងក៏ដើម្បីលើកកម្ពស់គុណភាពផ្គត់ផ្គង់អគ្គិសនីនៅក្រុង និងជាយក្រុងភ្នំពេញឲ្យល្អជាងមុន។

រោងចក្រផលិតអគ្គិសនីនេះ ក៏នឹងជួយគាំទ្រការពង្រាយរោងចក្រផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលរដ្ឋាភិបាលបានអនុម័តរួចរាល់ផងដែរ។ «យុទ្ធសាស្រ្តទី៣ រោងចក្រនេះសម្រាប់បម្រើឲ្យការគាំទ្រទៅលើស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជាច្រើនដែលរដ្ឋាភិបាលបានអនុម័តរួចហើយ ហើយនឹងត្រូវដាក់ពង្រាយនៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តមួយចំនួនទៀត។ ហេតុអ្វីយើងត្រូវការម៉ាស៊ីននេះជួយ? ព្រោះថាគ្មានម៉ាស៊ីនបែបនេះជួយទេ ពេលពពកបក់មក ភ្លៀវមក មានពន្លឺថ្ងៃមកពីណា ហើយយប់អត់មានទេ ដូចនេះយើងត្រូវការដំឡើងម៉ាស៊ីននេះ»។

ក្រៅពីរោងចក្រអគ្គិសនី ៤០០មេហ្គាវ៉ាត់នេះ រោងចក្រផលិតអគ្គសនីគ្រប់ប្រភេទ នឹងត្រូវដាក់ឲ្យដំណើរការ ដើម្បីបំពេញតម្រូវការជាង ១០០០មេហ្គាវ៉ាត់បន្ថែម ក្នុងឆ្នាំ២០២០ ។ លោក កែវ រតនៈ ថ្លែងដូចនេះ៖«ជាបន្តបន្ទាប់ រហូតដល់ចុងឆ្នាំ២០២០ យើងនឹងដាក់ពង្រាយរោងចក្រជាច្រើនឲ្យដំណើរការ មានន័យថារោងចក្រធ្យូងថ្ម ស្ថានីយដើរដោយពន្លឺព្រះអាទិត្យ ក៏ដាក់ដំណើរការ ទិញពីប្រភពតម្លៃថោកដូចជាប្រទេសឡាវ ក៏យើងទាញមកបង្រ្គប់ ធ្វើឲ្យការផ្គត់ផ្គង់មានស្ថិរភាពល្អប្រសើរ»។

ក្នុងរដូវប្រាំងឆ្នាំនេះ ការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជាមានកង្វះខាត ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីជាញឹកញាប់។ បញ្ហានេះ ត្រូវបានអគ្គនាយកអគ្គិសនីកម្ពុជា ប្រាប់ថាមកពីតម្រូវការកើនឡើងខ្ពស់ដល់ ៣២ភាគរយ និងបញ្ហាភាពរាំងស្ងួតអូសបន្លាយ។ ប៉ុន្តែបញ្ហានេះ ត្រូវបានលោក កែវ រតនា រំពឹងថានឹងមិនកើតឡើងទៀតទេ ចាប់ពីខែមិថុនានេះ ដោយសារអាកាសធាតអំណោយផលឡើងវិញ និងការដាក់ឲ្យដំណើរការរោងចក្រផលិតអគ្គិសនីជាបន្តបន្ទាប់៕

Tag:
 កែវ រតនៈ
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com