FIFA
កីឡាជាតិ
ជាតិ
រំភើប! ​កម្ពុជា​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ World Cup ហើយ​ក្រោយឈ្នះប៉ាគីស្ថានទាំងពីរជើង ៤-១
12, Jun 2019 , 12:57 am        
រូបភាព
លោក Keisuke Honda អ្នក​ចាត់ការទូទៅជម្រើសជាតិកម្ពុជា នាការប្រកួតកន្លងមក។ រូបថត AFP
លោក Keisuke Honda អ្នក​ចាត់ការទូទៅជម្រើសជាតិកម្ពុជា នាការប្រកួតកន្លងមក។ រូបថត AFP
ដោយ: រួបរួម
ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៩ ក្រោយ​បន្ត​យកឈ្នះ​​ប៉ា​គី​ស្ថាន ២-១ នា​ជំនួប​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​បឋម ដែល​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Hamad bin Khalifa Stadium ក្រុង​ដូ​ហា ប្រទេស​កាតា ដែល​ប៉ា​គី​ស្ថាន​យក​ធ្វើជា​ទឹកដី​។ កម្ពុជា​ត្រូវ​ឡើង​បន្ត​ជាមួយ​ហ្គា​ម ម៉ុង​ហ្គោ​លី បង់​ក្លា​ដែ​ស ម៉ាឡេស៊ី និង​ស្រីលង្កា ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង​ឈ្នះ​ប៉ា​គី​ស្ថាន ៤-១​។​



​ប៉ា​គី​ស្ថាន បាន​នាំមុខ ១-០ នៅ​នាទី​១៧ ដែលជា​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​របស់​ខ្សែប្រយុទ្ធ Hassan Bashir ក្រោយ​ពេលដែល​ខ្សែការពារ ឆេង ម៉េង យកដៃ​ប៉ះបាល់​នៅ​តំបន់​គ្រោះថ្នាក់​។ នៅ​នាទី​៦៤ ក្រោយការបញ្ជូនយ៉ាងល្អ​របស់ កែវ សុខផេង ខ្សែការពារ សេត រ៉ស៊ីប បាន​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ​វិញ​សម្រាប់​កម្ពុជា​។​ រុឹង ប៊ុនហៀង បន្ថែមគ្រាប់ទីពីរ​នៅនាទី​៨៩ ពោលគឺរយៈពេល៥នាទី បន្ទាប់ពីគេមាន​វត្តមាននៅលើទីលាន។ ឱកាសកើតឡើងក្រោយការបញ្ជូន​របស់ សៀង ចន្ធា។

​ជម្រើសជាតិ​កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប (​សៀង ច​ន្ធា ៧៤), សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ប្រាក់ មុនី​ឧ​ត្ត​ម​, អ៊​ន ចាន់​ប៉ូ​លីន​, គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា (ប៊ិន ធារី ៦៥)​, អ៊ុក សុវណ្ណ​, ឆេង ម៉េង​, កែវ សុខ​ផេង (រឹង ប៊ុនហៀង ៨៤)​។​

​ជម្រើស​ដំបូង​ប៉ា​គី​ស្ថាន​៖ Yousuf Butt (​អ្នកចាំទី​), Umar Hayat, Zesh Rehman, Rahis Nabi, Muhammad Riaz, Adnan Mohammad Yaqoob, Ali Uzair, Mehmood Khan, Yaqoob Butt, Ahmed Faheem, Hassan Bashir​។​

​ដោយឡែក​ជំនួប​ផ្សេងទៀត ហ្គា​ម​បាន​យកឈ្នះ​ភ្ញៀវ​ប៊ូ​តង់ ៥-០ ក្រោយ​ចាញ់ ១-០ នៅ​ជើង​ទីមួយ​។ ម៉ុង​ហ្គោ​លី ទោះ​ចាញ់​ម្ចាស់ផ្ទះ​ព្រុយ​ណេ ២-១ ប៉ុន្តែ​ពួកគេ​មានប្រៀប​ក្នុង​លទ្ធផល ២-០ នៅក្នុង​ដី​។ បង់​ក្លា​ដែ​ស​ទប់​ត្រឹម​ស្មើ ១-១ នៅ​ទឹកដី​ខ្លួន បន្ទាប់ពី​បាន​យកឈ្នះ ១-០ នៅ​ទឹកដី​ឡាវ​។ ម៉ាឡេស៊ី​បន្ត​យកឈ្នះ​ម្ចាស់ផ្ទះ​ទី​ម័​រ​ខាងកើត ៥-១ ក្រោយ​ឈ្នះ ៧-១ នៅ​ទឹកដី​ខ្លួន​។ ដោយឡែក​ស្រីលង្កា ទោះបីជា​ពួកគេ​ចាញ់​ម៉ា​កាវ ១-០ កាលពី​ជើង​ទីមួយ​ក៏ដោយ ប៉ុន្តែ​ពួកគេ​រង់ចាំ​ការសម្រេច​របស់ FIFA ដើម្បី​ឲ្យ​ពួកគេ​ទៅកាន់​វគ្គ​បន្ត ដោយសារ​ម៉ា​កាវ បោះបង់​ការប្រកួត​ជើង​ទី​ពីរ ក្រោម​ហេតុផល​ព្រួយបារម្ភ​សុវត្ថិភាព​ក្រុម​ដែល​លេង​នៅ​ទឹកដី​ស្រីលង្កា​៕


Tag:
 ជម្រើសជាតិ
  Asian Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com