អន្តរជាតិ
លោក ត្រាំ ប្រឆាំង​ការប្រើ​គិញ CIA ដើម្បី​ស៊ើប​ព័ត៌មាន​ពី​មេដឹកនាំ​កូរ៉េខាងជើង​
12, Jun 2019 , 10:28 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែមិថុនា បានប្រកាស​ជំហរ​ប្រឆាំង​ជា​សាធារណៈ​ទៅនឹង​ការប្រើប្រាស់​គិញ​សម្ងាត់​របស់​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) ដើម្បី​ប្រមូល​ព័ត៌មាន​ពី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ លោក ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា លោក នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើបែបនេះ​ក្រោម​អាណត្តិ​របស់លោក​ឡើយ​។ ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​បែបនេះ ទំនង​ផ្ដាច់​ផ្លូវ​របស់​សហគមន៍​ចារកម្ម​អាមេរិក​ក្នុងការ​ស៊ើបការណ៍​ពី​រដ្ឋ​ឯកោ​មួយ​នេះ​។​

 
​មួយថ្ងៃ​ក្រោយ​ធ្លាយ​ព័ត៌មាន​ថា លោក គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​ស្លាប់​នៅ​ម៉ាឡេស៊ី​ជា​អ្នកស៊ើប​ការណ៍​ឲ្យ​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) លោក ដូ​ណា​ល់ ត្រាំ បានចេញ​មុខមក​ជំទាស់​ការប្រមូល​ព័ត៌មាន​ពី​មេដឹកនាំ​កូរ៉េខាងជើង​តាមរយៈ​គិញ​សម្ងាត់​បែបនេះ​។ 
 
​ប្រាប់​ពី​អ្នកសារព័ត៌មាន​នៅ​សួនច្បារ​សេត​វិមាន លោក ត្រាំ និយាយ​នៅ​ថ្ងៃទី​១១ ខែមិថុនា ថា លោក​បានដឹង​ព័ត៌មាន​ពី CIA ទាក់ទង​លោក គីម ជុង​ណា​ម បងប្រុស​លោក គីម ជុង​អ៊ុន ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា លោក​នឹងមិន​រឿង​បែបនេះ​កើតឡើង​ក្នុង​អាណត្តិ​របស់លោក​ឡើយ​។​
 
​ការលើកឡើង​របស់លោក ត្រាំ ទំនងជា​ការបន្ត​គោលនយោបាយ​ថ្នមចិត្ត​មេដឹកនាំ​កូរ៉េខាងជើង សំដៅ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​។ ប៉ុន្តែ​វា​បង្ហាញ​ពី​ការផ្ទុយ​គំនិត​ជាមួយ​សហគមន៍​ចារកម្ម​អាមេរិក​ដែល​ត្រូវ​ការប្រមូល​ព័ត៌មាន​ពីរ​ដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។ 
 
​អតីតមន្ត្រី​អាមេរិក​ខ្លះ បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការប្រកាស​ជា​សាធារណៈ​របស់លោក ត្រាំ បែបនេះ​។ លោកស្រី Susan Rice អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សម័យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បង្ហោះ​សារ​ក្នុងន័យ​ចំអក​ឲ្យ​លោក ត្រាំ តាម​បណ្ដាញ​សង្គម Twitter ។ ដោយ​សំដៅ​ការអធិប្បាយ​របស់លោក ត្រាំ លោកស្រី​ថា​៖ «​ប្រជាជន​អាមេរិក សម្ដី​នេះ​បាន​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​ដឹង​ពី​អគ្គមេបញ្ជាការ​របស់​អ្នក​។​» 
 
​កូរ៉េខាងជើង ត្រូវបាន​សហគមន៍​ចារកម្ម​ចាត់ទុកជា​គោលដៅ​ដែល​ពិបាក​ជ្រើសរើស​មនុស្ស​ធ្វើការ​ឲ្យ​ខ្លួន​។ ការបិទ​ជិត​ខ្លាំងពេក​ពី​ពិភព​ខាងក្រៅ គឺជា​រឿង​សាំ​ញាំ​សម្រាប់​អាមេរិក និង​ប្រទេស​ណា​ដែល​ចង់​ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​កូរ៉េខាងជើង​។ ព័ត៌មាន​ទាក់ទង​មេដឹកនាំ​សំខាន់ៗ ពិសេស​លោក គីម ជុង​អ៊ុន និង​គ្រួសារ​ត្រកូល គីម មិន​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ​ឡើយ ហើយក៏​ត្រូវបាន​បិទបាំង​យ៉ាង​អាថ៌កំបាំង​ទៅទៀត​ផង​។ 
 
​ចារកម្ម​អាមេរិក ត្រូវការ​ព័ត៌មាន​ពី​កូរ៉េខាងជើង​ដើម្បី​វិភាគ​ស្ថានការណ៍ ស្រប​ពេលដែល​ការចរចា​រឿង​រំសាយ​នុយក្លេអ៊ែរ​មិន​ដំណើរការ​។ ពី​សេត​វិមាន លោក ត្រាំ ក៏​បង្ហើប​ដែរ​ថា លោក​បានទទួល​សំបុត្រ​ដ៏​ស្រស់ស្អាត និង​កក់ក្ដៅ​ពី​មេដឹកនាំ​កូរ៉េខាងជើង​។ លោក​លើកឡើងថា រឿង​វិជ្ជមាន​នឹង​កើតឡើង​នៅពេល​ខាងមុខ​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  CIA
© រក្សាសិទ្ធិដោយ thmeythmey.com