ជាតិ
សម្ដេច ស ខេង ហាមកងកម្លាំងទាំងអស់ ទៅយាមនៅតាមទីតាំងក្លិបកម្សាន្ត
× ភ្នំពេញ៖ កងកម្លាំងប្រដាប់អាវុធទាំងអស់ មិនត្រូវទៅយាមការពារនៅកន្លែងក្លិបកម្សាន្តនោះឡើយ។ នេះជាការបញ្ជារបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី១២ មិថុនា។
ថ្លែងចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សារាជធានី សម្ដេច ស ខេង បានបញ្ជាក់ថា មូលហេតុដែលសម្ដេច មិនចង់ឲ្យសមត្ថកិច្ច និងកងកម្លាំង ទៅយាមការពារទីតាំងកម្សាន្តនាពេលរាត្រីនោះ ដោយសារតែកន្លែងមួយចំនួន អាចមានករណីលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា បើសិនជាកងកម្លាំង ទៅយាមកន្លែងកម្សាន្តដែលមានករណីគ្រឿងញៀននោះ វាហាក់ដូចជាសមត្ថកិច្ចកំពុងជួយការពារទីតាំងខុសច្បាប់ដែរ។ ដូច្នេះវានឹងបង្កឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាពអនុវត្តច្បាប់។
និយាយពីបញ្ហានេះហើយ សម្ដេច ស ខេង ក៏ស្នើឲ្យថ្នាក់ដឹកនាំតាមអង្គភាពចំណុះនៃក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទាំងអស់ មិនត្រូវបញ្ជូនកម្លាំងទៅយាមទីតាំងក្លិបកម្សាន្ត និងខារ៉ាអូខេ តាមការស្នើសុំរបស់ម្ចាស់អាជីវកម្មទាំងនោះឡើយ ។ សម្ដេច ស ខេង នឹងចេញលិខិតជាផ្លូវការ ដើម្បីដាក់បម្រាមនៅតាមអង្គភាពនានា ជុំវិញបញ្ហានេះ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រកាសជាកំហិតថា សមត្ថកិច្ច ត្រូវតែបោសសម្អាតគ្រឿងញៀន នៅតាមក្លិបកម្សាន្ត និងKTV ឲ្យអស់ នៅត្រឹមឆ្នាំ២០១៩នេះ ៕
Tag:
ស ខេង
សមត្ថកិច្ច
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com