កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា វិល​មក​ទ្រនំ​ចាស់​វិញ ដោយ​ចុះ​កុងត្រា​៣​ឆ្នាំ​
12, Jun 2019 , 2:12 pm        
រូបភាព
​ភ្នំពេញ​៖ កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ត្រឡប់​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេត​ជាថ្មី ក្រោយចាកចេញពី​ក្លិប PKNS របស់​ម៉ាឡេស៊ី ​កាលពី​ពេលថ្មីៗ​នេះ​។ ចាន់ វឌ្ឍនាកា បន្ត​កុងត្រា​ជាមួយ​ក្លិប​បឹងកេត ​រយៈពេល​៣​ឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការរបស់​ក្លិប​បាល់ទាត់​បឹងកេត នៅ​ថ្ងៃទី​១២ មិថុនា​។​

 
​ក្លិប​បាល់ទាត់​បឹងកេត បាន​បញ្ជាក់ថា ចាន់ វឌ្ឍនាកា ដែល​ប្រើ​ឯកសណ្ឋាន​លេខ​១១ ដដែល​នេះ នឹងត្រូវ​ចូលរួម​ជួយ​ក្រុម ក្នុងការ​ប្រកួត​ជើង​ទី​២ នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ ។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹងកេត ដែល​បាន​ស្រង់​សម្ដី​គ្រូបង្វឹក ហៅ សុជាតិ ពី​ចំណាប់អារម្មណ៍​ចំពោះ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ យ៉ាង​ដូច្នេះ​ថា​៖ « ការ​មកវិញ​របស់ វឌ្ឍនាកា គឺ​ល្អ​សម្រាប់​យើង​ក្នុង​ជើង​ទី​២ ព្រោះ​ចំណុច​ល្អ​របស់គាត់ នឹង​បំពេញ​នូវ​អ្វីដែល​យើង​ខ្វះខាត​ក្នុង​ជើង​ទី​១​នេះ ពិសេស​គឺ​តំបន់​ប្រយុទ្ធ » ។​
 
​ការវិលត្រឡប់​មកកាន់​ទ្រនំ​ចាស់​វិញ​នេះ គឺធ្វើឡើង​ក្រោយពី ចាន់ វឌ្ឍនាការ បដិសេធ​ទៅ​ចូលរួម​ជាមួយ​ក្លិប Terengganu FC របស់​ម៉ាឡេស៊ី និង​ក្លិប​មួយចំនួនទៀត​។ នេះ​បើតាម​ការអះអាង​របស់​ក្លិប​បឹងកេត​។​
 
​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​រួមរស់​ជាមួយ​ក្លិប​បឹងកេត បន្ទាប់ពី​រូបគេ បាន​ចូលរួម​ជា​លើកដំបូង គឺ​នៅ​ឆ្នាំ​២០១២ ក្រោយ​ផ្លាស់​ពី​ក្លិប​ស្វាយរៀង និង​ឆ្នាំ​២០១៨ ក្រោយពី​ទៅលេង​ឲ្យ​ក្លិប Fujieda MYFC នៅ​ជប៉ុន រយៈពេល​១​ឆ្នាំ​។​
 
​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទើបតែ​ចាក​ចេញពី PKNS FC របស់​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៩ ឧសភា នៃពាក់កណ្ដាល​រដូវ​កាល ឆ្នាំ​២០១៩​។ ចាន់ វឌ្ឍនាកា បាន​ជួយ​ក្រុម PKNS រយៈពេល​ខ្លី គឺ​ចាប់​ដើមខែ​មករា ដល់​ខែឧសភា ឆ្នាំ​២០១៩​។ ហើយ​កីឡាករ​កម្ពុជា​រូបនេះ ក៏​ធ្លាប់​ត្រូវបាន​ក្លិប Pahang FA  បញ្ចប់​កុងត្រា​ពាក់កណ្ដាល​រដូវ​កាល ២០១៨ ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី Malaysia Super League ផងដែរ​៕

Tag:
 ចាន់ វឌ្ឍនាកា​
  បឹងកេត​
© រក្សាសិទ្ធិដោយ thmeythmey.com