អន្តរជាតិ
ទៅ​ទស្សនកិច្ច​នៅ​អុីរ៉ង់​លើកដំបូង លោក អា​បេ អាច​ពន្លត់ភ្លើង​ជម្លោះ​អាមេរិក​-​អុីរ៉ង់​?
12, Jun 2019 , 2:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាកចេញទៅកាន់អ៊ីរ៉ង់។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាកចេញទៅកាន់អ៊ីរ៉ង់។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១២ ខែមិថុនា នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទឹកដី​អុីរ៉ង់​។ លោក អា​បេ នឹង​ក្លាយជា​មេដឹកនាំ​ជប៉ុន​ដំបូង​គេ​ដែល​ជាន់​ទឹកដី​អុីរ៉ង់​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៧៩ មក​។ គោលដៅ​ចម្បង​នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​ជួយ​សម្របសម្រួល​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់ ដ្បិត​ជប៉ុន​ក៏​ជួប​បញ្ហា​ដោយសារ​ទណ្ឌកម្ម​អាមេរិក​លើ​អុីរ៉ង់​ដែរ​។ យ៉ាងណាមិញ គេ​មិន​រំពឹងថា ទស្សនកិច្ច​របស់លោក អា​បេ ពេលនេះ នឹង​ទទួលបាន​លទ្ធផល​គាប់ចិត្ត​ឡើយ​។​

 
​តាម​គម្រោង លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នឹងធ្វើ​ទស្សនកិច្ច​នៅ​អុីរ៉ង់​ពីថ្ងៃ​ទី​១២ ដល់ទី​១៤ ខែមិថុនា​។ ជួយ​ដោះស្រាយ​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស និង​ការបង្កើន​ប្រជាប្រិយភាព​ក្នុងស្រុក ទំនងជា​ក្ដី​រំពឹងទុក​សម្រាប់​លោក អា​បេ ។ លោក​មាន​គម្រោង​ជួប​ជាមួយ​មេដឹកនាំ​កំពូល​អុីរ៉ង់ អា​យ៉ា​តូ​ឡា​ហ៍ អា​លី ខា​មី​ណេ (Ayatollah Ali Khamenei) និង​ជួបចរចា​ជាមួយ​ប្រធានាធិបតី ហាសាន់ រូ​ហា​នី ផងដែរ​។  
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក អា​បេ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បើកភ្លើង​ខៀវ​រួចមក​។ ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ទីមួយ​ជាន់​ទឹកដី​អុីរ៉ង់​ក្នុង​រយៈពេល​៤១​ឆ្នាំ លោក អា​បេ និង​មេដឹកនាំ​អុីរ៉ង់ នឹង​រៀបចំ​ពិធី​រំឭក​ខួប​ទី​៩០​ឆ្នាំ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​។ បន្ទាប់​ទៅ ទើប​មេដឹកនាំ​ទាំងពីរ​ជជែក​ពី​ភាព​តានតឹង​នៅក្នុង​តំបន់​ដែល​កើតឡើង​ក្រោយ​អាមេរិក​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ហើយ​ដាក់ទណ្ឌកម្ម​បន្តបន្ទាប់​លើ​អុីរ៉ង់​។​
 
​ស្ថានការណ៍​ចុងក្រោយ​កាន់តែ​តានតឹង នៅពេល​អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ និង​យន្តហោះ​ចម្បាំង​ទៅ​កៀក​អុីរ៉ង់​។ ត្រឹម​ហេតុការណ៍​តូច​មួយ​ប៉ុណ្ណោះ នឹង​ដុត​បញ្ឆេះ​ជម្លោះ​នោះ​ខ្លាំង​មិន​ខាន​។ ការ​បង្រួប​ជម្លោះ ជា​គោលដៅ​សំខាន់​របស់លោក អា​បេ នៅ​អុីរ៉ង់​។ ទោះ​មិនមែនជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ក្ដី ជប៉ុន​មាន​ប្រយោជន៍​ច្រើន​ដែល​ត្រូវ​គិតគូរ​ក្នុងការ​រកស៊ី​ជាមួយ​អុីរ៉ង់ ពិសេស​ការនាំ​ចូល​ប្រេង​ពី​អុីរ៉ង់​តែម្ដង​។ ប៉ុន្តែ​ទណ្ឌកម្ម​អាមេរិក បាន​បង្ខំ​ឲ្យ​ជប៉ុន​ផ្អាក​ការនាំ​ចូល​។​
 
​តើ​អុីរ៉ង់​ទុកចិត្ត​ជប៉ុន​បាន​ឬទេ​? នេះ​ជា​សំណួរ​សំខាន់ ហើយ​លោក អា​បេ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ទីក្រុង​តេ​ហេ​រ៉ង់​ជឿជាក់​។ តាមពិតទៅ អុីរ៉ង់ និង​ជប៉ុន​មាន​ទំនាក់ទំនង​ល្អប្រសើរ​ខ្លាំង​នាពេល​កន្លងមក​។ ប៉ុន្តែ​ទំនាក់ទំនង​ចាក់ទឹកមិនលិច​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​វ៉ាស៊ីនតោន អាចធ្វើ​ឲ្យ​ទីក្រុង​តេ​ហេ​រ៉ង់ នៅ​សង្ស័យ​ទឹកចិត្ត និង​ការប្រឹងប្រែង​របស់លោក អា​បេ ។ ម្យ៉ាងទៀត​នោះ មេដឹកនាំ​ជប៉ុន​រូបនេះ​ក៏​ទើប​ជួប​លោក ត្រាំ ថ្មីៗ​ផងដែរ​។ 
 
​ការចូល​ខ្លូន​សម្របសម្រួល​របស់លោក អា​បេ មិន​ត្រឹម​លើកមុខ​មាត់​ជប៉ុន​លើ​ឆាក​អន្តរជាតិ តែ​ក៏​ជួយ​បង្កើន​ប្រជាប្រិយភាព​លោក អា​បេ ផ្ទាល់​ក្នុង​ឆាកនយោបាយ​ក្នុងស្រុក​ដែរ​។ មាន​អ្នកវិភាគ​ខ្លះ​ជឿថា គោលដៅ​ពិតប្រាកដ​របស់លោក អា​បេ គឺ​បញ្ហា​ក្នុងស្រុក​ទៅវិញ​ទេ​។ លោក Robert Dujarric ប្រធាន​វិ​ទ្យ​សា្ថ​ន​ដើម្បី​ការសិក្សា​អាស៊ី​នៅ​ទីក្រុង​តូ​ក្យូ​ប្រាប់​ទូរទស្សន៍ BBC ថា វិបត្តិ​អុីរ៉ង់​-​អាមេរិក ទំនង​មិនអាច​រក​ច្រកចេញ​បានទេ តែ​ជា​រឿង​ល្អ​សម្រាប់​លោក អា​បេ ដែល​អាច​បង្ហាញ​ទៅកាន់​ប្រជាជន​ជប៉ុន ថា លោក​ជា​រដ្ឋបុរស​ពិភពលោក​៕ 
 

Tag:
 ជប៉ុន​
  អុីរ៉ង់​
  អាមេរិក​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com