អម្រឹត រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ រយៈ៤ថ្ងៃក្នុងខេត្តសៀមរាបពោលគឺចាប់ពីថ្ងៃទី ១១ មិថុនា ដល់ ១៤ មិថុនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចុះឈ្មោះចូលរៀនចំនួន៣០០នាក់។ កម្មវិធីបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើ ការសន្សំប្រាក់ដ៏មានប្រសិទ្ធភាព និងចំណេះដឹងមូលដ្ឋានក្នុងវិស័យហិរញ្ញវត្ថុ។
កញ្ញា កែវ ធីតា មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ពន្យល់ថា សិក្ខាកាមដែលបានចូលរៀនក្នុងវគ្គសិក្សានេះនឹងទទួលបានចំណេះផ្នែកគ្រប់គ្រងសាច់ប្រាក់ របៀបសន្សំ និងទីកន្លែងទុកដាក់ប្រាក់ដ៏មានសុវត្ថិភាព អត្ថប្រយោជន៍នៃការសន្សំ និងការប្រើប្រាស់ហិរញ្ញវត្ថុក្នុងជីវភាពប្រចាំថ្ងៃ។
“នេះគឺជាការយកចិត្តទុកដាក់មួយរបស់ អម្រឹត ចំពោះបងប្អូននៅតាមបណ្ដាលខេត្តដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសគឺស្ត្រីមេផ្ទះ។” មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់បន្ថែម។
លោកស្រី ទុន និស្ស័យ ដែលបានចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នាថ្ងៃទី១១ មិថុនា នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថា “កាលពីមុនខ្ញុំមិនចេះចាត់ចែងលុយកាក់របស់ខ្ញុំនោះទេ បន្ទាប់ពីបានរៀនវគ្គនេះចប់ ខ្ញុំអាចចេះបែងចែកលុយកាក់ណាខ្លះដែលត្រូវចាយ និងលុយកាក់ណាខ្លះមិនត្រូវចំណាយ និងយកលុយទៅសន្សំនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល”។
វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ដែលថ្ងៃទី១១ និង១២មិថុនាធ្វើនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ខណៈថ្ងៃទី១៣ និង១៤មិថុនា ធ្វើនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយក្នុងមួយថ្ងៃមានសិក្ខាកាមចូលរួមប្រមាន៧៥នាក់។
សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ដល់សិក្ខាកាមតាមបណ្ដាលខេត្តក្រុងទាំង២៥ចាប់តាំងពីឆ្នាំ២០១១មក ដោយគិតត្រឹមឆ្នាំ២០១៩នេះសិក្ខាកាមដែលបានចូលរៀនសរុបចំនួនប្រមាណជាង ៤.០០០ នាក់ ក្នុងនោះ អម្រឹត ក៏តែងតែបញ្ជ្រាបការយល់ដឹងអំពីបរិស្ថាន និងវិធានការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។
តាមរយៈការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងការការពារអតិថិជន និងទំនួលខុសត្រូវសង្គម អម្រឹត ទទួលបានវិញ្ញាបណ្ណប័ត្រ ការការពារអតិថិជន នៅឆ្នាំ២០១៨ ពី Smart Campaign ដែលជាអង្គការអន្តរជាតិទទួលខុសត្រូវលើគោលការណ៍ការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។
(អត្ថបទពាណិជ្ជកម្ម)