ជាតិ
សង្គមជាតិ
ជាង​៥​ខែ ផ្ទុះ​ជំងឺគ្រុនឈាម​ដល់​ទៅ​ជាង​៤០០​ករណី​នៅ​ក្រចេះ និង​បណ្តាល​ឲ្យ​ស្លាប់​៤​នាក់​
12, Jun 2019 , 9:19 pm        
រូបភាព
​រូបភាពពី​ទី​ភ្នាក់​ងា​រសារព័ត៌មាន​កម្ពុជា (AKP)
​រូបភាពពី​ទី​ភ្នាក់​ងា​រសារព័ត៌មាន​កម្ពុជា (AKP)
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ មាន​ជំងឺ​គ្រុន​ឈាន​៤៤២​ករណី​នៅ​ខេត្តក្រចេះ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​។ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ចុះផ្សាយ​ពីស​ម្តី​របស់លោក ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ថា ជំងឺគ្រុនឈាម បាន​ផ្ទុះឡើង​នៅ​ឆ្នាំនេះ គឺមាន​ការកើនឡើង​ខ្លាំង​ជាង​ឆ្នាំមុនៗ ដោយសារតែ​កត្តា​អាកាស ពី​រដូវក្តៅ ទៅ​រដូវវស្សា​មានការ​អូសបន្លាយ​យូរ​។


 
​លោក ឈ្នាង សុវត្ថា បាន​បញ្ជាក់ថា មានស្រុក​ពីរ គឺ​ស្រុក​ស្នូល និង​ស្រុក​ចិត្រ​បុរី ក្នុង​ខេត្តក្រចេះ ដែល​បាន​ផ្ទុះ​ជំងឺគ្រុនឈាម​ច្រើនជាងគេ ដែល​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ក្នុងនោះ​មាន​ក្មេង​ជំទង់​អាយុ​១៥​ឆ្នាំ​ម្នាក់​។  
 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​រូបនេះ អះអាងថា ជំងឺគ្រុនឈាម​ច្រើនតែ​កើតឡើង​ដោយសារតែ​មូស​ខ្លា ដែល​រស់នៅ​កន្លែង​មាន​ដក់​ទឹក ដូចជា ពាងទឹក អាងទឹក សំបក​ដប សំបក​ដូង កំប៉ុង ថូផ្កា និង​សំបក​កង់ឡាន​ជាដើម​។ បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺគ្រុនឈាម​នេះហើយ លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល មន្ទីរពេទ្យបង្អែក​មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព​ទាំងអស់​ឲ្យ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅតាម​តំបន់​ដែល​ផ្ទុះ​ជំងឺគ្រុនឈាម​នេះ​រួចហើយ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ បើកទ្វារ បង្អួច​ឲ្យ​មាន​ពន្លឺ​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​សម្អាត​អណ្តូងទឹក ពាង ដោយ​ដាក់​ថ្នាំ​អា​ប៊ែ​ត ក្នុង​មួយ​សប្តាហ៍​ម្តង ដែល​វិធី​នេះ​មាន​ប្រសិទ្ធភាព​ជាង​បាញ់ថ្នាំ​ទៅទៀត​។ 
 
​គិត​ត្រឹម​ដើមខែ​មិថុនា​នេះ ជំងឺគ្រុនឈាម​ក៏បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ខេត្តរតនគិរី ដែល​កើតមាន​ចំនួន​៨៧​ករណី តែ​មិន​បន្ត​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ដោយ​ខាង​មន្ទីរ​សុខាភិបាល​តាម​តំបន់​បាន​ពិនិត្យ ព្យាបាល និង​បាញ់ថ្នាំ​សម្លាប់​ប្រភព​មូស​ខ្លា​រួចហើយ​។ 
 
​បើ​ផ្អែក​តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩ មាន​អ្នក​កើត​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស​ជិត​៨​ពាន់​នាក់​។ ចំនួន​នេះ​មានការ​កើនឡើង​ខ្លាំង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៨​។ 
 
​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​៣​ខែ (​ខែមករា​-​ខែមីនា​) ឆ្នាំ​២០១៩ កុមារ​កម្ពុ​ជាជាង​៣,៥​ពាន់​នាក់ បានកើត​ជំងឺគ្រុនឈាម និង​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែឧសភា​៕
 

Tag:
 ជំងឺ​
 ​គ្រុនឈាម​
 ​មនុស្ស​
 ​ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com