ជាតិ
សង្គមជាតិ
សុខភាព
២៥ខេត្ត/រាជធានី
កសិករគំរូខេត្តកំពង់ស្ពឺ សន សឿន ចាត់ទុក«បន្លែសរីរាង្គ» ជាប្រភពនៃសុខភាពដ៏ចម្បងរបស់ពលរដ្ឋទូទាំងប្រទេស
× ភ្នំពេញ៖ នៅក្នុងចំណោមការរស់នៅស្អាត, ការធ្វើលំហាត់ប្រាណទៀតទាត់, ការបរិភោគបន្លែ ផ្លែឈើ ដែលគ្មានសារធាតុគីមី ពោលគឺបិរភោគបន្លែ ផ្លែឈើធម្មជាតិនិងសរីរាង្គ ក៏ជាផ្នែកមួយធំជួយឲ្យមានសុខភាពល្អផងដែរ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សន សឿន ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មសរីរាង្គខេត្តកំពង់ស្ពឹ ចាត់ទុកបន្លែ «សរីរាង្គ» ជាប្រភពនៃសុខភាពចម្បងបំផុតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងវ័យ៦០ឆ្នាំ លោក សឿន ចង់ឃើញសង្គមជាតិកម្ពុជាពោរពេញដោយបរិស្ថានបរិសុទ្ធ ដោយកសិករគំរូរស់នៅខេត្តកំពង់ស្ពឺរូបនេះ បន្តការងារស្ម័គ្រចិត្តបណ្តុះបណ្តាលកសិករដទៃឲ្យយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុគីមី ហើយងាកមកដាំដុះកសិកម្មតាមបែបសរីរាង្គវិញ។
មិនមែនជារឿងងាយស្រួលទេ ដែលកសិករម្នាក់ៗ អាចបោះបង់ទម្លាប់នៃការដាំដុះដោយប្រើប្រាស់សារធាតុគីមី មកដាំដុះបន្លែបែបសរីរាង្គ។ បន្លែសរីរាង្គ ជាបន្លែដែលដាំដុះដោយមិនប្រើប្រាស់សារធាតុគីមី ហើយការដាំដុះបន្លែបែបសរីរាង្គ ត្រូវចំណាយពេលវេលាយូរ និងលំបាកថែទាំជាងបន្លែគីមី។ លក្ខណៈពិសេសរបស់បន្លែសរីរាង្គ មិនត្រឹមតែមានតម្លៃខ្ពស់ជាងបន្លែគីមីនោះទេ វាថែមទាំងបានផ្ដល់នូវសុខភាពល្អដល់អ្នកដាំ និងអ្នកទទួលទានផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សន សឿន ដូចតទៅ៖
លោក សន សឿន ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មសរីរាង្គខេត្តកំពង់ស្ពឺ និងជាអ្នកបណ្ដុះបណ្ដាលកសិករបានបញ្ជាក់ថា៖ «ការទទួលទានបន្លែសរីរាង្គ និងការដាំដុះបែបសរីរាង្គ ដែលមានបច្ចេកទេសត្រឹមត្រូវនាំឲ្យមានសុខភាពល្អ និងមានប្រាក់ចំណូលខ្ពស់»។
ការងារជាអ្នកជំរុញ និងបណ្ដុះបណ្ដាលដល់កសិករ មិនបានផ្ដល់ប្រាក់ចំណូលដល់លោក សន សឿន នោះទេ ប៉ុន្តែ ក្ដីស្រឡាញ់ចំពោះកសិកម្មសរីរាង្គ បណ្ដាលឲ្យលោក សឿន ធ្វើការងារមួយនេះ។ ប្រធានសហគមន៍វ័យ ៦០ឆ្នាំ និងជាកសិករគំរូនៅខេត្តកំពង់ស្ពឺរូបនេះ រៀបរាប់ថា៖ «មូលហេតុដែលខ្ញុំស្រឡាញ់ ខ្ញុំចង់ឲ្យសង្គមទាំងមូល ពោរពេញទៅបរិស្ថានបរិសុទ្ធ។ ខ្ញុំចង់ឲ្យកសិករយល់ច្បាស់ពីផលប៉ះពាល់នៃសារធាតុគីមី ដោយងាកមកដាំដុះបែបសរីរាង្គវិញ»។
ក្រោយចូលនិវត្តន៍ពីការងារទាហាន លោក សន សឿន បានចាប់ផ្ដើមស្វែងយល់ពីកសិកម្មសរីរាង្គ ជាមួយអង្គការសេដាកនៅឆ្នាំ២០០៧។ បច្ចុប្បន្ននេះ លោក សន សឿន មានតួនាទីជាអ្នកដឹកនាំ និងបណ្ដុះបណ្ដាលដល់កសិករ អំពីកសិកម្មសរីរាង្គនៅក្នុងខេត្តកំពង់ស្ពឺ។ ចំពោះការងារបណ្ដុះបណ្ដាលដល់កសិករពីកសិកម្មសរីរាង្គនេះ លោក សន សឿន នឹងបន្តការងារនេះ ដរាបលោកបាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់លោក សន សឿន៕
Tag:
សរីរាង្គ
គីមី
កំពង់ស្ពឺ
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com