កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន AFC៖ កូរ៉េខាងត្បូង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ បង្ហាញ​ពី​ការរីកចម្រើន​វិស័យ​បាល់ទាត់​អាស៊ី​
12, Jun 2019 , 9:39 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​កូរ៉េខាងត្បូង​អាយុ​ក្រោម​២០​ឆ្នាំ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​តាមរយៈ​ការឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ​២០១៩ បន្ទាប់ពី​ទម្លាក់​អេ​ក្វា​ឌ័​រ​ក្នុង​លទ្ធផល ១-០ នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​យប់​ថ្ងៃទី​១១ ខែមិថុនា​។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) លោក Sheikh Salman bin Ebrahim Al Khalifa សរសើរ​កូរ៉េខាងត្បូង​ថា​ជា​អ្នក​ជួយ​ធ្វើ​ឲ្យ​ស្តង់ដា​កីឡាបាល់ទាត់​អាស៊ី​កាន់តែ​រីកមុខ​មាត់​ឡើង​។​

 
​នេះ​ជាការ​បង្ហាញខ្លួន​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​សម្រាប់​កូរ៉េខាងត្បូង​ក្នុង​ព្រឹត្តិការណ៍ World Cup U-20 ក្រោយ​វីរបុរស Choi Jum ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​លើ​អេ​ក្វា​ឌ័​រ​ក្រុម​ពី​អាមេរិក​ឡាទីន​នា​កីឡដ្ឋាន Arena Lublin ប្រទេស​ប៉ូឡូញ​។ 


 
​ក្រុម U-22 កូរ៉េខាងត្បូង​បានបង្ហាញ​ភាពខ្លាំង និង​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​តាំងពី​វគ្គ​ចែក​ពូ​ល​ម្លេះ ដោយ​ពួកគេ​បាន​យកឈ្នះ​ម្ចាស់​ជើងឯក​៦​សម័យកាល​អា​ហ្ស​ង់​ទីន ២-១​។ ក្រុម​ពី​អាស៊ី​មួយ​នេះ បាន​បន្ត​ឈ្នះ​ជប៉ុន​នៅ​វគ្គ​១៦​ក្រុម សេ​ណេ​ហ្គា​ល់វគ្គ​៨​ក្រុម និង​អេ​ក្វា​ឌ័​រ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​តទល់​ជាមួយ​អ៊ុយ​គ្រែ​ន​នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ អ៊ុយ​គ្រែ​ន​បាន​ទម្លាក់​ក្រុម​ពី​អឺរ៉ុប​ដូចគ្នា​អ៊ីតាលី​នៅ​វគ្គ ១/២ ដោយ​លទ្ធផល ១-០​។​
 
​ការឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ល​ដាប់​ពិភពលោក​នេះ ប្រធាន AFC បានបង្ហាញ​ការ​សារ​ទ​យ៉ាងខ្លាំង​ជាមួយនឹង​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​។  
​លោក Ebrahim Al Khalifa លើកឡើងថា​៖«​សមិទ្ធផល​របស់​ពួកគេ​មកដល់ពេលនេះ​គឺ​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​អនុវត្តតាម​ទម្រង់​បែបបទ​នេះ​រហូត​បន្ត​ឈ្នះ​ពាន​តែម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កូរ៉េ​ខាង​ត្បូ​បាន​ដើរតួ​យ៉ាងសំខាន់​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ស្ទង់​ដារ​របស់​វិស័យ​កីឡាបាល់ទាត់​ក្នុង​ទ្វីបអាស៊ី​ទាំងមូល​ទៅកាន់​ពិភពលោក​ផង​»​។​
 
​គ្រូបង្វឹក​លោក Chung Jung-yong ក៏មាន​សុទិដ្ឋិនិយម​ដែរ ថា​បាល់ទាត់​យុវជន​របស់​កូរ៉េខាងត្បូង​កំពុងស្ថិត​លើផ្លូវ​ដ៏​ត្រចះត្រចង់ និង​អាច​បន្តទៅ​ប្រកួតប្រជែង​ជាមួយ​ក្រុម​លំដាប់​កំពូលៗ​ពិភព​នាពេលខាងមុខ​ដ៏​ខ្លី​៕

Tag:
 បាល់ទាត់​
  World Cup U-20
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com