អន្តរជាតិ
ក្លាយជា «​កូន​នាគ​អាស៊ី​» សិង្ហ​បុរី ឲ្យ​តម្លៃ​ខ្ពស់​លើ​ធនធានមនុស្ស​
13, Jun 2019 , 8:29 am        
រូបភាព
ប្រភពរូប៖​ AFP
ប្រភពរូប៖​ AFP
ដោយ:
​សិង្ហ​បុរី បាន​ក្លាយជា​ប្រទេស​ឯករាជ្យ​ពេញលេញ ក្នុង​ឆ្នាំ​១៩៦៥  ដោយ​កាលនោះ​ប្រទេស​កោះ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ  មាន​មិត្ត​តិចតួច និង​ពុំ​សូវ​សម្បូរ​ធនធានធម្មជាតិ​ឡើយ​។ គេ​លើក​ជា​សំណួរ​ថា តើ​សិង្ហ​បុរី បាន​ប្រើប្រាស់​មធ្យោបាយ​អ្វី ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ដ៏​ធំ​សម្បើម​មួយ​លើ​ពិភពលោក ដែល​ស្គាល់​ថា «​កូន​នាគ​អាស៊ី​»?  ចំពោះ​យុទ្ធសាស្ត្រ​នោះ បិតា​ស្ថា​បិ​ក​សិង្ហ​បុរី​ទំនើប លោក លី ក្វាន់​យូ បាន​ពន្យល់ថា  «​សិង្ហ​បុរី អភិវឌ្ឍ​ធនធានធម្មជាតិ​ដែលមាន​តែមួយគត់ នោះ​គឺជា ប្រជាជន​»​។​

 
​ប្រព័ន្ធ​អប់រំ​សិង្ហ​បុរី ត្រូវបាន​ចាត់ទុកថា ល្អ​បំផុត​មួយ​លើ​ពិភពលោក​។ សម្រាប់​រយៈពេល​ជាង​១​ទស្សវត្សរ៍​ចុងក្រោយ​នេះ សិង្ហ​បុរី រួមជាមួយ​នឹង​ជប៉ុន ហ្វាំ​ង​ឡង់ តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង និង​សៀង​ហៃ ឈរ​នៅលើ ឬ​ក្បែរ​កំពូល​នៃ​តារាង​ក្រុម​ប្រទេស​អន្តរជាតិ ដែល​វាយតម្លៃ​សមត្ថភាព​របស់​កុមារ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​។ រដ្ឋាភិបាល​សិង្ហ​បុរី បានរួម​ចំណែក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ភាពជោគជ័យ​នេះ ដោយ​ផ្គត់ផ្គង់​ទីតាំង និង​សម្ភារ​សិក្សា​ទំនើបៗ និង​គ្រូបង្រៀន​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​បង្ហាត់​ក្នុង​សាលារៀន​។ ដូច្នេះ តើ​អ្វី​ជា​ភាព​លេចធ្លោ​នៃ​ប្រព័ន្ធ​អប់រំ​របស់​សិង្ហ​បុរី ហើយ​មាន​កត្តា​អ្វីខ្លះ​ដែល​ចូលរួមចំណែក​ក្នុង​ភាពជោគជ័យ​នេះ​? 
 
​ការអប់រំ គឺជា​កាតព្វកិច្ច​ដែល​ចាំបាច់​បំផុត សម្រាប់​ប្រជាជន​សិង្ហ​បុរី 
 
​ក្នុងប្រទេស​សិង្ហ​បុរី ការសិក្សា រៀនសូត្រ គឺជា​អ្វីដែល​ស្ថិតក្រោម​អំណាចច្បាប់​។ សិស្សានុសិស្ស​គ្រប់រូប តម្រូវ​ឲ្យ​ចូលរៀន​យ៉ាង​ចាំបាច់ ចាប់តាំងពី​អាយុ​៣ និង​៤​ឆ្នាំ ក្នុង​ម​តេ្ត​យ្យ​សាលា​។ ដូចគ្នា​អី​ច៊ឹ​ង​ដែរ សម្រាប់​ថ្នាក់បឋមសិក្សា ពួកគេ នឹងត្រូវ​ចុះឈ្មោះ​ចូលរៀន​ក្នុង​សាលាបឋមសិក្សា ក្រោយ​សាលា​ត្រៀម (pre-school) ។ សម្រាប់​ឳ​ពុក​ម្តាយ ឬ​អាណាព្យាបាល ដែល​ពុំបាន​បញ្ជូន​កូនៗ​របស់​ពួកគេ​ឲ្យ​ចូលរៀន​ទេនោះ ពួកគេ អាចមាន​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយ​អាជ្ញាធរ​សិង្ហ​បុរី ដែល​អាច​ឈានដល់​ការបង់​ពិន័យ​ជា​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជាដើម​។ ចំណែកឯ ជនជាតិ​បរទេស ដែល​ស្នាក់អាស្រ័យ​ក្នុងប្រទេស​សិង្ហ​បុរី ក៏​តម្រូវ​ឲ្យ​នាំ​កូនៗ​ពួកគេ​ទៅ​ចុះឈ្មោះ​ចូលរៀន​ផងដែរ​។ 

​តួនាទី​របស់​ក្រសួង​អប់រំ វិទ្យាស្ថាន​ជាតិ​អប់រំ និង​គ្រូបង្រៀន​សិង្ហ​បុរី​
 
​ដើម្បី​សម្រេចបាន​នូវ​ប្រព័ន្ធ​អប់រំ​កម្រិត​ខ្ពស់​លើ​ពិភពលោក គុណភាព​របស់​គ្រូបង្រៀន និង​ភាពជា​អ្នកដឹកនាំ គឺជា​ប្រភព​ដ៏​មានតម្លៃ និង​គ្រោងឆ្អឹង​ដ៏​សំខាន់បំផុត​មួយ ដែល​ពុំ​អាច​ខ្វះ​បាន​។ តួនាទី​ស្នូល​របស់​មេដឹកនាំ​សាលា​នានា គឺ បំពាក់បំប៉ន់​គ្រូបង្រៀន​ឲ្យ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ នវានុវត្តន៍ និង​ប្រកបដោយ​ត្រិះរិះ​ពិចារណា នៅពេលដែល​ពួកគេ​បង្ហាត់បង្រៀន​សិស្សានុសិស្ស ដែលមាន​ទេ​ព្យ​កោសល្យ​ខុសៗ​គ្នា ហើយ​ព្រមទាំង​មាន​សមត្ថភាព​បង្កើត​បរិយាកាស​សិក្សា​សម្រាប់​សិស្ស​ឲ្យ​កាន់តែ​ប្រសើរឡើង​។  ចំណុច​សំខាន់​នោះ​គឺ គ្រូបង្រៀន  គឺជា​មនុស្ស​ដែល​ចំណាយពេល​ជាច្រើន​បំផុត​ជាមួយ​សិស្ស ហេតុ​ដូច្នេះហើយ ពួកគេ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​សិស្ស​ទាំងនោះ​។ 
 
​សិង្ហ​បុរី ជឿជាក់ថា ភាពជោគជ័យ​នៃ​ដំណើរការ​រៀនសូត្រ​ទាំងមូល ពឹងផ្អែក​យ៉ាង​ធំធេង​លើ​សមត្ថភាព​របស់​គ្រូបង្រៀន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សិស្ស​ប្រកបដោយ​ប្រសិទ្ធភាព ក៏ដូចជា ការអនុវត្ត​គរុកោសល្យ ជា​ឧបករណ៍​សម្រាប់​ចែករំលែក​ចំណេះដឹង​របស់​ពួកគេ​។ ទន្ទឹមនឹង​គ្នា​នេះ ក្រសួង​អប់រំ​សិង្ហ​បុរី កំពុង​វិនិយោគ​យ៉ាង​ក្រាស់ក្រែល​លើ​គុណភាព​នៃ​គ្រូបង្រៀន និង​បណ្តុះបណ្តាល​ពួកគេ​ឲ្យ​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​របស់​ពិភពលោក​ក្នុង​វិស័យ​អប់រំ​។ ម្យ៉ាងវិញទៀត វិទ្យាស្ថាន​ជាតិ​អប់រំ​សិង្ហ​បុរី ក៏មាន​កាតព្វកិច្ច ដើម្បី​ធានា​ឲ្យ​បាន​ថា គ្រូបង្រៀន​ដែល​បញ្ចប់​ការសិក្សា​រួច មាន​សមត្ថភាព​ក្លាយជា​អ្នក​អប់រំ​ល្អ​បំផុត​សម្រាប់​អ្នកសិក្សា​សតវត្សរ៍​ទី​២១ ។ 
 
​ការចូលរួម​របស់​ឪពុកម្តាយ ឬ​អាណាព្យាបាល​ ក្រសួង​អប់រំ​សិង្ហ​បុរី មាន​ទំនួល​ខុសត្រូវ​ចម្បង​មួយ​ដោយ​ធានា​ឲ្យ​បាន​ថា ឪពុកម្តាយ​នៅ​សិង្ហ​បុរី ចូលរួម និង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ភាព​រីកចម្រើន​របស់​កុមារ​។ ឪពុកម្តាយ ឬ​អាណាព្យាបាល មាន​តួនាទី​ជួយ​ពង្រឹង​បន្ថែម​នូវ​អ្វីដែល​គ្រូបង្ហាត់​បង្រៀន​ទាំង​ចំណេះដឹង និង​សីលធម៌​។ លើសពីនេះ ឪពុកម្តាយ និង​គ្រូបង្រៀន ក៏មាន​កិច្ចប្រជុំ​រួមគ្នា​ផងដែរ​ដើម្បី​ពង្រឹង​ការប្រាស្រ័យ​ទាក់ទង​រវាង​សាលារៀន និង​ឪពុកម្តាយ​៕
 

Tag:
 សិង្ហ​បុរី​
  ប្រព័ន្ធ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com