អន្តរជាតិ
អុីរ៉ង់ប្រាប់ជប៉ុនថា ភាពតានតឹងកើតឡើងដោយសារទណ្ឌកម្មអាមេរិក នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតី ហាសាន់ រូហានី ក្នុងរដ្ឋធានីតេហេរ៉ង់។ រូបភាព AFP
× ប្រធានាធិបតីអុីរ៉ង់ ហាសាន រូហានី បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ដែលកំពុងធ្វើទស្សនកិច្ចនៅទឹកដីអុីរ៉ង់ក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងនៅតំបន់ឈូងសមុទ្រ។ លោក រូហានី លើកឡើងពីមូលហេតុនៃភាពតានតឹងក្នុងតំបន់ដែលដែលលោកអះអាងថា មានទណ្ឌកម្មអាមេរិកលើអុីរ៉ង់ជាដើមចម។ លោក អាបេ ដែលចង់ដើរតួជាអន្តរការីនោះ បានប្រាប់ឲ្យអុីរ៉ង់ធ្វើសកម្មភាពដែលនាំប្រយោជន៍ដល់ស្ថិរភាពតំបន់។
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានទៅដល់រដ្ឋធានីតេហេរ៉ង់នៅថ្ងៃទី១២ ខែមិថុនាក្នុងដំណើរទស្សនកិច្ចបីថ្ងៃ។ លោក អាបេ ត្រូវបានស្វាគមន៍ដោយលោក ហាសាន់ រូហានី ប្រធានាធិបតីអុីរ៉ង់ដែលកំពុងប្រឈមមុខជាមួយអាមេរិក។ គោលដៅនៃដំណើរទស្សកិច្ចរបស់លោក អាបេ ដែលជានាយករដ្ឋមន្ត្រីទីមួយធ្វើទស្សនកិច្ចនៅអុីរ៉ង់ក្នុងពេល៤១ឆ្នាំ គឺការសម្របសម្រួលបញ្ហាតានតឹងរវាងអាមេរិក និងអុីរ៉ង់ ដែលធ្វើឲ្យមានគេឯងបារម្ភយ៉ាងខ្លាំងនោះ។
ក្នុងសន្និសិទសារព័ត៌មានរួមគ្នា លោក អាបេ និយាយថា ជប៉ុនមានបំណងដើរតួនាទីឲ្យបានល្អបំផុតតាមសមត្ថភាពរបស់ខ្លួនក្នុងការបន្ធូរបន្ថយភាពតានតឹង ដែលនេះក៏ជាគោលដៅមួយគត់នៃដំណើរទស្សនកិច្ចរបស់លោកផងដែរ។ លោក អាបេ បានបង្ហាញក្ដីបារម្ភចំពោះសភាពការណ៍ដែលកើតឡើងនៅតំបន់ឈូងសមុទ្រ និងថា ភាពតានតឹងកើនឡើងរាល់ថ្ងៃ ហើយជម្លោះទ្រង់ទ្រាយធំងាយស្រួលកើតឡើងណាស់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
«ជម្លោះប្រដាប់អាវុធទាំងអស់ ត្រូវតែបញ្ចៀសឲ្យបានដាច់ខាត ទោះប្រើគ្រប់មធ្យោបាយក្ដី។» នេះជាការបញ្ជាក់របស់មេដឹកនាំជប៉ុនទៅកាន់ប្រធានាធិបតីអុីរ៉ង់ ហើយបន្តថា អុីរ៉ង់ផ្ទាល់ក៏មានតួនាទីសំខាន់ក្នុងការបង្កើតសន្តិភាព និងស្ថិរភាពរឹងមាំនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។
លោក រូហានី វិញ បានប្រាប់លោក អាបេ ថា ការផ្លាស់ប្ដូរជាវិជ្ជមាននៅមជ្ឈិមបូព៌ា និងពិភពលោក នឹងកើតឡើង ប្រសិនបើអាមេរិកបញ្ឈប់សម្ពាធសេដ្ឋកិច្ចតាមរយៈទណ្ឌកម្មរបស់ខ្លួនលើអុីរ៉ង់នោះ។ ប្រធានាធិបតីអុីរ៉ង់ បានទម្លាក់កំហុសនៃការកើតឡើងការប្រឈមមុខដូចសព្វថ្ងៃទៅលើទីក្រុងវ៉ាស៊ីនតោន ដោយថា ប្រសិនបើភាពតានតឹង ឬសគល់វាកើតឡើងដោយសារទណ្ឌកម្មអាមេរិកមួយមុខគត់ ហើយអាមេរិកបញ្ឈប់សកម្មភាពខ្លួន រឿងល្អនឹងកើតតាមក្រោយដែរ។
ជប៉ុនដែលជាសម្ព័ន្ធចាក់ទឹកមិនលិចរបស់អាមេរិក មានទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរជាមួយអ៊ីរ៉ង់ដែលជាសត្រូវសួពូជរបស់អាមេរិក។ ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីនេះ បានប្រែប្រួលខ្លាំងតាំងពីខែឧសភាមក ពេលដែលក្រុងតូក្យូឈប់នាំចូលប្រេងពីអុីរ៉ង់ដើម្បីគេចពីទណ្ឌកម្មអាមេរិក។ មហាអំណាចអាសុីមួយនេះ នៅតែសម្លឹងឃើញការរកស៊ីវិស័យថាមពលជាមួយអុីរ៉ង់ដើម្បីធានាការផ្គត់ផ្គង់ថាមពលសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន៕
Tag:
អុីរ៉ង់
ជប៉ុន
អាមេរិក
ហាសាន់ រូហានី
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com