ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ដែលរកបាន១គ្រាប់ក្នុងជ័យជម្នះ ២-១ នាជំនួបជើងទី២វគ្គជម្រុះបឋម World Cup នៅទីក្រុងដូហាប្រទេសកាតា ដែលប៉ាគីស្ថានប្រើជាទឹកដីនោះ បានឲ្យតម្លៃខ្ពស់លើដំបូន្មានរបស់លោក Keisuke Honda និងក្រុមគ្រូបង្វឹកក្នុងការរួមចំណែកនៃជ័យជម្នះកម្ពុជា។ ការលេងសហការគ្នាបានល្អក្នុងក្រុម ក៏ជាកត្តារួមចំណែកមួយផងដែរ។
ក្រោយរួមចំណែកជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ទទួលបានកៅអីឡើងទៅវគ្គជម្រុះជុំទី២ World Cup និង AFC Asian Cup ជាមួយជ័យជម្នះទាំងពីរជើង ៤-១ លើប៉ាគីស្ថាន ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានលើកពីគុណបំណាច់របស់លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា។ ប៊ុនហៀង បាននិយាយថា លោក Honda បានផ្តល់ដំបូន្មានល្អជាច្រើនពាក់ព័ន្ធបញ្ហាបច្ចេកទេស និងផ្លូវចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា។
ខ្សែប្រយុទ្ធក្រសួងការពារជាតិរូបនេះ បានចាត់ទុកដំបូន្មានរបស់លោក Honda បានរួមចំណែកយ៉ាងធំក្នុងជ័យជម្នះរបស់ក្រុមជម្រើសជាតិ ដែលអាចយកឈ្នះប៉ាគីស្ថានទាំងពីរជើង។ នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យកីឡាបាល់កម្ពុជា ព្រោះតាំងពីចូលរួចព្រឹត្តិការណ៍ World Cup តាំងពីឆ្នាំ១៩៩៧ កម្ពុជាមិនធ្លាប់យកឈ្នះគូប្រកួតទាំងពីរនោះឡើយ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រ៉ឹង ប៊ុនហៀង ដែលរកបានគ្រាប់បាល់លើកដំបូងក្នុងព្រឹត្តិការណ៍ជម្រុះ World Cup បានលើកពីគុណសម្បត្តិរបស់លោក Honda យ៉ាងដូច្នេះថា៖«កត្តាដែលធ្វើឲ្យយើងទទួលបានជ័យជម្នះដោយសារយើងលេងសហការគ្នាបានល្អ ហើយលោកគ្រូ Honda បានប្រាប់យើងពីបច្ចេកទេសល្អៗ ឲ្យយើងចេះស្រលាញ់គ្នា សាមគ្គីគ្នា ដើម្បីជោគជ័យទៅថ្ងៃខាងមុខទៀត»។
ដ្បិតទទួលបានជោគជ័យ ប៉ុន្តែការប្រកួតក្រៅទឹកដីនេះ ក្រុមជម្រើសជាតិកម្ពុជា ក៏មានផលវិបាកក្នុងការលេងខ្លះដែរ។ ត្រង់ចំណុចនេះ រ៉ឹង ប៊ុនហៀង បានរៀបរាប់ថា កត្តាអាកាសធាតុក្តៅ អមជាមួយពេលវេលាខុសគ្នានិងទីលានប្រកួតមានស្ថានភាពរអិលដោយសារប្រើស្មៅធម្មជាតិនោះ ជាបញ្ហាប្រឈមសម្រាប់រូបគេ ក៏ដូចជាមិត្តរួមក្រុមដទៃទៀត ក្នុងការប្រកួតជើងទី២នៅទីក្រុងដូហាប្រទេសកាតា ដែលក្រុមប៉ាគីស្ថានប្រើជាទឹកដីរបស់ខ្លួន។ «ការលេងដូចជាមិនសូវមានសម្ពាធខ្លាំងនោះទេ តែអ្វីដែលជាបញ្ហា គឺកត្តាទីលាននិងអាកាសធាតុ។ ស្មៅនៅលើទីលានមានស្ថានភាពរអិលខ្លាំង ដោយសារវាជាស្មៅធម្មជាតិ ហើយអាកាសធាតុក្តៅហប់ៗ មិនដូចនៅកម្ពុជាមានខ្យល់ត្រជាក់តិចៗ»។ នេះជាការរៀបរាប់របស់កីឡា រ៉ឹង ប៊ុនហៀង។
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាចាត់ទុកការដណ្តើមបានកៅអីឡើងទៅវគ្គជម្រុះជុំបន្តរបស់ក្រុមជម្រើសជាតិ ជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា ក៏ដូចជាវិស័យកីឡាបាល់ទាត់។ ប៉ុន្តែលោកអះអាងថា ជ័យជម្នះនេះមានការរួមចំណែកតិចតួចបំផុតពីលោក ដែលបានធ្វើការជាមួយលោក Keisuke Honda និងលោក Felix Dalmas រួមទាំងក្រុមការងារនៃក្រុមជម្រើសជាតិកម្ពុជា តាមរយៈការផ្ដល់ឱកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាលើកដំបូងនេះ។
គ្រូបង្វឹកដឹកនាំក្រុម Cambodia All Stars យកឈ្នះក្រុម Muangthong United ២-១ នាជំនួបមិត្តភាពអន្តរជាតិកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩រូបនេះបានបញ្ជាក់ថា «អត់នឹកស្មានសោះថា ខ្លួនឯងអាចមកធ្វើការជាមួយក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះពេលយើងបានឱកាសហើយ យើងត្រូវដាក់ចិត្តធ្វើការឲ្យបានល្អ ដើម្បីជំរុញក្រុមឲ្យមានការអភិវឌ្ឍល្អប្រសើរឡើង ពិសេសផ្នែកបច្ចេកទេសតែម្តង»។
លោកបានបន្ថែមថា៖«បើយើងមើលការរៀបចំដំបូង សូម្បីមជ្ឈដ្ឋានទូទៅដែលគាត់តាមដានបាល់ទាត់ ក៏គាត់គិតថា យើងរៀបចំមិនបានល្អដែរ ដោយសារយើងមានរយៈពេលខ្លីក្នុងការប្រមូលផ្តុំ។ ប៉ុន្តែយើងបានព្យាយាមធ្វើតាមគ្រូបង្គោល ដែលបានជ្រើសរើសកីឡាករមានបទពិសោធន៍ស្រាប់ មានការយល់ដឹងពីតាក់តិច និងការរៀបចំរបស់ក្រុមក្នុងការលេង»។
ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានមកដល់មាតុភូមិ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកគាំទ្រយ៉ាងច្រើនកុះករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សម្រាប់ការស្វាគមន៍នេះដែរ គឺមានក្រុមភ្លេងឆៃយ៉ាំរួមជាមួយក្បួនឈរជាពីរជួរ ដោយមានកាន់ទង់ជាតិ និងស្លាកអក្សរ«អបអរសាទរក្រុមគោព្រៃកម្ពុជា» ដែលរៀបចំដោយសហព័ន្ធ និងដៃគូសហការឧបត្ថម្ភ៕