កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ចាយអស់៣៨០លានដុល្លារលើកីឡាករ៤រូបរួចហើយ សម្រាប់រដូវកាលថ្មី
× គិតត្រឹមថ្ងៃទី១៣ ខែមិថុនានេះ Real Madrid បានចំណាយប្រាក់ ៣០០លានផោន (៣៨០លានដុល្លារអាមេរិក) រួចហើយក្នុងការនាំចូលកីឡាករទៅកាន់ទឹកដី Santiago Bernabeu ចាប់ពីទីផ្សារដោះដូរកីឡាកររដូវកាលថ្មីផ្តើមបើកទ្វារនាពាក់កណ្តាលខែឧសភាមក។ ខ្សែការពារឆ្វេង Ferland Mendy ដែលក្លិបយក្សអេស្ប៉ាញទិញពី Lyon ជាកីឡាករទី៤ បន្ទាប់ពីទិញបាន Eder Militao, Luka Jovic និង Eden Hazard។
Mendy ខ្សែការពារសញ្ជាតិបារាំង បានយល់ព្រមចុះកិច្ចសន្យារយៈពេល៦ឆ្នាំជាមួយ Real Madrid ក្នុងតម្លៃផ្ទេរ ៤៧,១លានផោន (៦០លានដុល្លារ)។ អតីតកីឡាករយុវជន Paris St-Germain រូបនេះបានចាកចេញពី Le Havre ទៅចូលរួមជាមួយ Lyon កាលពីឆ្នាំ ២០១៧ ដោយបង្ហាញខ្លួន៧៩ប្រកួតក្នុងរយៈពេលពីររដូវកាល។
ខ្សែការពារវ័យ២៤ឆ្នាំរូបនេះ ទើបជាប់ជម្រើសជាតិបារាំងបាន៣ប្រកួតប៉ុណ្ណោះ ក្នុងនោះបង្ហាញខ្លួនលើកចុងក្រោយពីក្រុមមាន់គកឈ្នះ Andorra ៤-០ ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០។
មុនការមកដល់របស់ Mendy ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Zinedine Zidane បានចំណាយប្រាក់ជាកំណត់ត្រាក្លិប ១៩០លានដុល្លារដើម្បីនាំយកខ្សែបម្រើ Eden Hazard ពី Chelsea និងរួមទាំងខ្សែប្រយុទ្ធ Luka Jovic ពី Eintracht Frankfurt ក្នុងតម្លៃ ៦៧លានដុល្លារ។
កាលពីខែមីនាកន្លងទៅ ក្រុមរហស្សនាមស្តេចសបានទិញខ្សែការពារសញ្ជាតិប្រេស៊ីល Eder Militao ពី Porto ផងដែរក្នុងតម្លៃ ៥៤លានដុល្លារ។ ដូច្នេះម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញ ៣៣សម័យ បានចំណាយជិត៤០០លានដុល្លាររួចហើយសម្រាប់រដូវកាល ២០១៩-២០ នេះ។
Real ក៏នឹងត្រូវស្វាគមន៍ខ្សែប្រយុទ្ធប្រេស៊ីល Rodrygo វ័យ១៨ឆ្នាំ ដែលពួកគេបានទិញពី Santos ក្នុងតម្លៃ៥០លានដុល្លារ តាំងពីខែមិថុនា ឆ្នាំ២០១៨ មកនោះ៕
Tag:
បាល់ទាត់
Real Madrid
Ferland Mendy
Eden Hazard
© រក្សាសិទ្ធិដោយ thmeythmey.com