ជាតិ
​​​ន​យោ​បាយ​ជាតិ​
អឺរ៉ុប ដាស់តឿន​កម្ពុជា​ថា «​ត្រូវតែ​» កែប្រែ​បញ្ហា ដើម្បី​បន្ត​មាន EBA
13, Jun 2019 , 5:29 pm        
រូបភាព
អ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប (រូបពី AFP) និង លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា (រូបពីអង្គភាពប្រតិកម្មរហ័ស)
អ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប (រូបពី AFP) និង លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា (រូបពីអង្គភាពប្រតិកម្មរហ័ស)
ដោយ: ថ្មីៗ
​ជាថ្មី​ម្តងទៀត សហភាព​អឺរ៉ុប បាន​រម្លឹក​ឲ្យ​កម្ពុជា កែប្រែ​ស្ថានការណ៍ ដើម្បី​រក្សាទុក EBA​។ មន្ត្រី​រដ្ឋាភិបាល តប​ថា ចង់ទុក​ ក៏​ទុកទៅ ហើយ​ចង់​ដក ក៏ដក​ទៅ​។​

 

 
​សហភាព​អឺរ៉ុប បាន​ផ្សាយ​ព័ត៌មាន​លើ​គេហទំព័រ​របស់ខ្លួន​ ជុំវិញ​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប ដែល​បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ផ្តោតលើ​ការពិភាក្សា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ សហភាព​អឺរ៉ុប កត់សម្គាល់ថា កម្ពុជា កំពុងមាន​បញ្ហា​ធំៗ​មួយចំនួន ដូចជា សិទ្ធិ​នយោបាយ សេរីភាព​បញ្ចេញមតិ​និង​ជួបជុំ  និង ការដកហូត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ជាដើម​។ 
 
​ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១១​មិថុនា បានសរសេរថា គោលបំណង​របស់​សហ​ភាព​អឺរ៉ុប គឺ​ចង់​ឲ្យ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ហើយ​សហភាព​អឺរ៉ុប ប្តេជ្ញា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រេចបាន​ចំណុច​ទាំងនេះ​។ សហ​ភា​ពឺ​អ​រ៉ុ​ប សង្កត់ធ្ងន់​ដូច្នេះ​ថា «​កម្ពុជា ត្រូវតែ​បង្ហាញ​ពី​ការរីកចម្រើន​ពិតប្រាកដ និង​អាច​ជឿទុកចិត្ត​បាន ទៅលើ​បញ្ហា ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ដើម្បី​ចៀសវាង​ការដក EBA»​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល អរគុណ​សហភាព​អឺរ៉ុប ដែល​យកចិត្ត​ទុក​លើ​កម្ពុជា  ជាពិសេស​ពាក់ព័ន្ធ​នឹង EBA​។ ប៉ុន្តែ លោក ឆ្លើយតប​ថា សហភាព​អឺរ៉ុប មិនត្រូវ​ប្រើ​ប្រព័ន្ធ EBA ដើម្បី​រំលោភ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ឡើយ​។  
 
​លោក សង្កត់ធ្ងន់​បែបនេះ​ថា «​សហភាព​អឺរ៉ុប មិនអាច​ចាប់​កម្ពុជា ធ្វើជា​ចំណាប់ខ្មាំង ដោយសារតែ EBA នោះទេ​។ គាត់​ជា​ម្ចាស់ គាត់​ចង់ទុក​ក៏​ទុក​ទៅ ចង់​ដក​ក៏​ដក​ទៅ​។ យើង មិន​យក​ជំនួយ មក​ដោះដូរ​ជាមួយ​សន្តិភាព​ឡើយ​»​។​
 
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យរូបនេះ លើកឡើងថា រដ្ឋាភិបាល​កម្ពុជា គ្មាន​អ្វីដែល​ត្រូវ​កែប្រែ​នោះទេ​។ លោក ថ្លែង​បែបនេះ​ថា «មិនដឹងជា​ត្រូវ​កែប្រែ​អ្វី​? របាយការណ៍ គឺ​យើង​បានធ្វើ​ជូន​គាត់​រួចហើយ​»​។

ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បកស្រាយ​ថា បាត់ EBA  មិនមែន​បាត់​ទីផ្សារ​នាំ​ទំនិញ​ចូល​សហគម​ន៏​អ​រ៉ុ​ប​នោះទេ គឺ​គ្រាន់​តែនាំ​ទំនិញ​ចូល ដោយ​បង់ពន្ធ​ប៉ុណ្ណោះ​។ លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា «​ប្រតិកម្ម​ទៅ​រឿង​កាត់ EBA គឺជា​វោហារសាស្ត្រ  ហើយ​ការនិយាយ​បំភិតបំភ័យ​រឿង​បាត់ EBA ក៏​ជា​វោហារសាស្ត្រ​ដែរ​»​។

​ម្យ៉ាងទៀត អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ទម្លាក់កំហុស​ទៅ​ឲ្យ​អតីត​គណបក្សប្រឆាំង ប្រសិនបើ EBA ត្រូវ​បាត់បង់​។ លោក លើកឡើងថា «​ការព្យួរ EBA គឺជា​ស្នាដៃ​របស់​មេក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​បានប្រកាស​ពី​ជ័យជម្នះ​របស់ខ្លួន​។ ឥឡូវ​មក​ស្រែក​ដើម្បី​ការពារ ​EBA»​។​
 
​ក្នុងជំនួបទ្វេភាគី​កាលពី​ថ្ងៃទី​៦​មិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ប្រាប់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ថា កម្ពុជា នឹង​ព្យាយាម​ការពារ​មិន​ឲ្យ EBA បាត់បង់​ឡើយ​។ ប៉ុន្តែ លោក បន្ថែមពាក្យតាមក្រោយថា កម្ពុជា មិនអាច​អនុញ្ញាត​ឲ្យ​បរទេស​យក EBA មក​ដាក់​សម្ពាធ និង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះទេ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​​ថា កម្ពុជា គង់តែ​នឹង​បាត់បង់ EBA នៅពេល​ណាមួយ​ជាមិនខាន ជាពិសេស​នៅពេលដែល​កំ​ណី​ន​សេដ្ឋកិច្ចកម្ពុជា កាន់តែ​កើនឡើង​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល ធ្លាប់​បំភ្លឺ​ទៅកាន់​ប្រជាពលរដ្ឋ​ថា កម្ពុជា មិនមែន​រកស៊ី​តែ​ជាមួយ​សហភាព​អឺរ៉ុប​នោះទេ គឺ​នៅមាន​ទី​ផ្សាយ​ច្រើន​ទៀត ដូចជា ចិន និង ជប៉ុន ជាដើម ដូច្នេះ គ្មាន​ដែល​គួរ​ព្រួយបារម្ភ​នឹង​ការបាត់ EBA ឡើយ​។​
 
​ពេល​គណៈប្រតិភូ​សហភាពអឺរ៉ុប មក​បំពេញបេសកកម្ម​នៅ​កម្ពុជា លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​និរទេស ក៏​បង្ហាញ​ជំហរ​គាំទ្រ​ឲ្យ​សហភាព​អឺរ៉ុប​ព្យួរ EBA ពី​កម្ពុជា​។ លោក ចាត់ទុក​វិធានការ​របស់​សហភាព​អឺរ៉ុប ថា​ជា​ប្រតិកម្ម​ដ៏​ត្រឹមត្រូវ​ទៅនឹង​ការ​រំកិល​ទៅរក​អំណាច​ផ្តាច់ការ​នៅ​កម្ពុជា​។​
 
​មេដឹកនាំក្រុម​ប្រឆាំង​រូបនេះ បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​៦​មិថុនា យ៉ាង​ដូច្នេះ​ថា «​ចំពោះ​លទ្ធភាព​នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រជារាស្ត្រ​ខ្មែរ យល់ព្រម​និង​ត្រៀមខ្លួន ប្រឈម​ការលំបាក​ខ្លះ​ថែមទៀត​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី ពីព្រោះ​យើង គិតពី​អនាគត​វែងឆ្ងាយ ហើយ​យល់ឃើញថា មានតែ​លទ្ធិប្រជាធិបតេយ្យ​ទេ ដែល​អាច​ធានា​អនាគត​មួយ​ដ៏​រុងរឿង​សម្រាប់​ខ្លួន​យើង​និង​កូនចៅ​យើង​»​។ 
 
​ប៉ុន្តែ ក្រោយមក​ប៉ុន្មាន​ថ្ងៃ ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង ក៏បាន​បើក​កិច្ចប្រជុំ​សំខាន់​មួយ ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ជុំវិញ​ផែនការ​នៃ​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី និងបានបង្ហាញ​ជំហរ​មិន​ចង់​ឲ្យ​បាត់ EBA វិញ​។ ពួកគេ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការវិលត្រឡប់​របស់​ពួកគេ គឺ​ដើម្បី​តស៊ូ​នយោបាយ​អហិង្សា ទាមទារ​ឲ្យ​គណបក្ស​របស់​ពួកគេ​រស់​ឡើងវិញ ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​បញ្ចៀស​ការ​កាត់ផ្តាច់ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក​។​
 
«​ដើម្បី​សម្រេច​គោលបំណង​នេះ គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ និង​គ្រប់​គណបក្ស រួម​កម្លាំង​គ្នា​រក្សា​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP ដើម្បី​បញ្ចៀស​ការឈឺចាប់ និង​សេចក្តី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​»​។ នេះ​ជា​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្សប្រឆាំង ដែល​ផ្សាយ​ក្រោយពី​កិច្ចប្រជុំ ពីថ្ងៃ​ទី​៨-​ទី​៩ ខែមិថុនា នៅ​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក​។ 
 
​កន្លងមក មាន​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក ក៏បាន​ព្រមាន​ពី​ទណ្ឌកម្ម​មកលើ​កម្ពុជា​ផងដែរ​។ ពួកគេ បាន​តាក់តែង​សេចក្តីព្រាង​ច្បាប់ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដែល​ហៅថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​។ យ៉ាងណា មក​ដក់​ពេលនេះ សេចក្តីព្រាងច្បាប់​នោះ មិនទាន់​ត្រូវបាន​អនុម័ត​ឲ្យ​ក្លាយជា​ច្បាប់​នៅឡើយ​ទេ​។ 
 
​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប ទាមទារ​ដូចគ្នា គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សម្រួល​ស្ថានការណ៍​នយោបាយ ដូចជា ដោះលែង​លោក កឹម សុខា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក បើកផ្លូវ​ឲ្យ​គណបក្ស​របស់​ពួកគេ ធ្វើ​សកម្មភាព​ដូច​មុន ហើយ​ធ្វើ​ឲ្យ​សិទ្ធិសេរីភាព​និង​សារព័ត៌មាន មាន​ភាពទូលំទូលាយ ជាដើម​។

សហភាព​អឺរ៉ុប បានចាប់ផ្តើម​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​លើកដំបូង កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩ ស្តីពី​នីតិវិធី​នៃ​ការ​ឈានទៅ​ដក EBA ជា​បណ្តោះអាសន្ន​នៅ​កម្ពុជា​។ មកដល់ពេលនេះ វា មាន​រយៈពេល​ជិត​៦​ខែ​ហើយ​។ 
 
​នីតិវិធី នៃ​ការព្យួរ EBA មាន​៣​ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល​៦​ខែ ដោយ​រយៈ​ពេលនេះ សហភាព​អឺរ៉ុប ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ ដោយមាន​ការចូលរួម​ពិភាក្សា​ពី​ភាគី​កម្ពុជា ដែលជា​សាមីខ្លួន​។ ដំណាក់កាល​ទី​២ មាន​រយៈពេល​៣​ខែ ដែល​ដំណាក់កាល​នេះ សហភាព​អឺរ៉ុប ត្រូវធ្វើ​របាយការណ៍​។ ដំណាក់កាល​ទី​៣ ដែលជា​ដំណាក់កាល​គ្រប់​រយៈ​១២​ខែ សហភាព​អឺរ៉ុប នឹងធ្វើ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​និង​ធ្វើ​សេចក្តីសម្រេច​ផ្លូវការ​ថា ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ឬក៏​មិន​ដក។

EBA (Everything but Arms) គឺ​សំដៅលើការមិនយកពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​៕  

Tag:
 EU
  EBA
  ផៃ ស៊ី​ផាន​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com