ជាតិ
សង្គមជាតិ
អាជ្ញាធរកំពុងតាមចាប់អាជីវករលក់សាច់សត្វព្រៃខុសច្បាប់ នៅផ្សារស្ទឹងត្រែង រូបពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
× ភ្នំពេញ៖ សមត្ថកិច្ច និងមន្ត្រីជំនាញបរិស្ថាន កំពុងតាមចាប់ក្រុមអាជីវករលក់សត្វព្រៃខុសច្បាប់ នៅខេត្តស្ទឹងត្រែង យកមកដាក់ទោសតាមច្បាប់។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រុមអាជីវករដែលលក់សត្វព្រៃខុសច្បាប់ទាំងនោះ បានរត់គេចខ្លួនបាត់ នៅគ្រាដែលមន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរដើរល្បាតនៅតាមទីកន្លែងលក់ដូរ។ ហើយនៅពេលនេះសមត្ថកិច្ចកំពុងតែញាប់ដៃញាប់ជើងតាមចាប់ជនល្មើសដើម្បីមកផ្តន្ទាទោសទៅតាមច្បាប់ និងកំពុងស៊ើបអង្កេតរកមុខសញ្ញាបន្ថែមទៀត។
រូបពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរសត្វព្រៃខុសច្បាប់នេះ រឹបអូសបានសត្វអាញីចំនួន ៣ក្បាល ក្រពះកាំប្រមាចំនួន២ សត្វត្រកួតចំនួន៩គីឡូក្រាម ងៀតប្រើសចំនួន៤៧គីឡូក្រាម សាច់ជ្រូកព្រៃចំនួន៦០គីឡូក្រាម សត្វសំពោចចំនួន១ក្បាល និងសាច់កាំប្រមាជិត៣គីឡូក្រាម។ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបញ្ជាក់នៅក្នុងបណ្ដាញសង្គមតេឡូក្រាមមកកាន់ខាងសារព័ត៌មានThmey Thmeyថា៖«សាច់សត្វព្រៃជាវត្ថុតាងនៃបទល្មើសដែលត្រូវបានដុតកម្ទេចចោលហើយ»។
លោក អេង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បាននិយាយថា សត្វព្រៃដែលជនល្មើសតែងតែយកមកលក់ជាអនាធិបតេយ្យនោះគឺសត្វជ្រូកព្រៃ ដែលភាគច្រើនដាក់លក់នៅតាមផ្សារ។ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងរូបនេះបញ្ជាក់ថា៖«រដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថាន កំពុងតែខ្នះខ្នែងបង្ក្រាបបទល្មើសនេះ»។
រូបពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
ជុំវិញបញ្ហាជួញដូរសត្វព្រៃខុសច្បាប់នេះ លោក នេត្រ ភក្ត្រា ស្នើឲ្យពលរដ្ឋដែលឃើញករណីជួញដូរបែបនេះ សូមរាយការណ៍ជាបន្ទាន់មកកាន់មន្ត្រីបរិស្ថាន ដើម្បីទប់ស្កាត់បទល្មើសលក់សាច់សត្វព្រៃយ៉ាងអនាធិបតេយ្យ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិសត្វព្រៃ។ ជាមួយគ្នានេះលោក ភក្ត្រា ក៏បានក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋ មិនគួរបរិភោគសាច់សត្វព្រៃឡើយ ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពដោយសារមេរោគកាចសាហាវនៅក្នុងខ្លួនសត្វទាំងនោះ ដែលអាចសម្លាប់អ្នកបរិភោគភ្លាមៗផងដែរ។
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្នបទល្មើសជួញដូរសត្វព្រៃខុសច្បាប់នេះ មានការថយចុះដោយសារតែការរឹតបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងក្រុម ជនល្មើស តាមរយៈការចុះផ្សព្វផ្សាយអប់រំ ណែនាំ ការចុះបិទខិត្តប័ណ្ណរាយការណ៍ពីបទល្មើសសត្វព្រៃផ្សេងៗ។ ជាមួយគ្នានេះ សត្វកម្រមួយចំនួនដូចជា ប្រើស ខ្លាឃ្មុំ ជ្រូកព្រៃ ត្រូវបានក្រុមមន្ត្រីបរិស្ថានអភិរក្សការពារយ៉ាងតឹងរឹង៕
រូបពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
រូបពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com