ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីនៃកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ីចេញសេចក្ដីថ្លែងការណ៍អង្គរស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ រូបភាព៖ AKP
×
សៀមរាប៖ សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាបបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៣ មិថុនា ដោយក្នុងនោះបានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិកក្នុងសន្និសីទខាងលើនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍អង្គរដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ។
រដ្ឋមន្ត្រីព័ត៌មាននៃប្រទេសបង់ក្លាដេស កម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន រួមនឹងប្រធានគណៈកម្មាធិការទំនាក់ទំនងនិងព័ត៌មាននៃប្រទេសកូរ៉េ និងអនុរដ្ឋមន្ត្រីព័ត៌មាននៃប្រទេសសាម៉ាវ បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិកនៅខេត្តសៀមរាបនៅថ្ងៃទី១២ មិថុនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយពិសេសការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលព័ត៌មានក្លែងក្លាយ ក៏ដូចជាផលប៉ះពាល់អវិជ្ជមានដល់សង្គម។ ក្នុងនោះ កិច្ចប្រជុំបានសម្រេចដាក់ឱ្យដំណើរការ «គំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយអង្គរ» (Angkor Anti-Fake News Initiative) ដែលជាគម្រោងស្រាវជ្រាវរយៈពេលមួយឆ្នាំលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល បានលើកឡើងថា វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) និងអង្គការយូណេស្កូ នឹងសហការក្នុងភាពជាដៃគូជាមួយសមាជិកនិងដៃគូរបស់ AIBD ដទៃទៀតដើម្បីដំណើរការនៃកិច្ចព្រមព្រៀងខាងលើនេះ។ ក្រៅពីនេះ រដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ក្នុងកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី បានព្រមព្រៀងរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីថ្នាក់ព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ដោយមានការចូលរួមពីដៃគូសំខាន់ៗនៃ AIBD ក្នុងខែកញ្ញា ខាងមុខ។ កិច្ចប្រជុំក៏បានឯកភាពថាអាស៊ី-ប៉ាស៊ីហ្វិកត្រូវការផែនទីបង្ហាញផ្លូវ (Road Map) ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយនេះផងដែរ។
គួរបញ្ជាក់ថា ក្នុងសន្ទរកថាបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦នៅថ្ងៃទី១២ មិថុនា នៅសណ្ឋាគារសុខាសៀមរាប សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាតាមប្រព័ន្ធផ្សព្វផ្សាយនិងតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com