អន្តរជាតិ
អាមេរិក​ចោទ​អុីរ៉ង់​ថា នៅ​ពីក្រោយ​ការវាយប្រហារ​កប៉ាល់​ពី​រគ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​
14, Jun 2019 , 11:22 am        
រូបភាព
​ស្ថានការណ៍​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស បាន​តានតឹង​ជាថ្មី បន្ទាប់ពី​មានការ​ប្រហារ​លើក​ប៉ាល់​ពីរ​គ្រឿងក្នុង​ដែនទឹក​នៃ​ឈូង​សមុទ្រ​អូ​ម៉​ង់​នៅ​ថ្ងៃទី​១៣ ខែមិថុនា​។ ភ្លាមៗ​អាមេរិក​បាន​ចោទ​អុីរ៉ង់​ថា នៅ​ពីក្រោយ​ការវាយប្រហារ​នេះ ហើយ​ខ្លួន​មាន​ភស្តុតាង​ទៀតផង ប៉ុន្តែ​អុីរ៉ង់​បាន​បដិសេធ​។ ប្រមុខ​អង្គការសហប្រជាជាតិ បានស្នើ​ឲ្យ​មានការ​បញ្ចៀស​ជម្លោះ​នៅ​តំបន់​នេះ ខណៈ​សហភាព​អឺរ៉ុប​បាន​ទទូច​ឲ្យ​មានការ​អត់ធ្មត់​ខ្ពស់​។

 
​កប៉ាល់​ពីរ​គ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ន័​រ​វ៉េ​ស និង​ជប៉ុន បាន​រង​ការវាយប្រហារ​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ បន្ទាប់ពី​ចេញផុត​ច្រក​សមុទ្រ Hormuz ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​អាស៊ី​។ អាជ្ញាធរ​សមុទ្រ​ន័​រ​វ៉េ​ស និយាយថា កប៉ាល់ Front Altair ដែល​ដឹកនាំ​អេតាណុល បាន​រង​ការ​បំផ្ទុះ​ចំនួន​បី ហើយ​បន្ត​ឆេះ​ដល់​យប់​ថ្ងៃទី​១៣ ខែមិថុនា​។ ចំណែក​កប៉ាល់​ជប៉ុន Kokuka Courageous ដែល​ដឹក​មេ​តា​ណុល ក៏​រង​ការ​បំផ្ទុះ​ដែរ ប៉ុន្តែ​ភ្លើង​បាន​រលត់​វិញ​។​


 
​មិនមាន​ការប្រកាស​ទ​ទួល​ខុសត្រូវ​លើ​ករណី​នេះឡើយ ប៉ុន្តែ​ស្ថានការណ៍​ក្នុង​តំបន់​កំពុង​ឡើងក​ម្ដៅ​ខ្លាំង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ទម្លាក់​លើ​អុីរ៉ង់​ចំៗ​តែម្ដង បន្ទាប់ពី​កងទ័ពជើងទឹក​អាមេរិក​និយាយថា ខ្លួន​រកឃើញ​គ្រាប់មីន​ម៉ាញ៉េទិក​ដែល​មិនទាន់​ផ្ទុះ​លើក​ប៉ាល់​មួយ​ក្នុងចំណោម​កប៉ាល់​ទាំងពីរ​។ លោក ប៉ុ​ម​ប៉េ​អូ ប្រកាសថា ក្នុង​តំបន់​ទាំងមូល​មានតែ​អុីរ៉ង់​មួយគត់​ដែលមាន​សមត្ថភាព​ធ្វើ​សកម្មភាព​បែបនេះ​បាន​។ 
 
«​នេះ​ជាការ​វាយតម្លៃ​របស់​អា​មេ​រិ​ក​ដែល​សាធារណរដ្ឋ​ឥស្លាម​អុីរ៉ង់​ទទួលខុសត្រូវ​ការវាយប្រហា​រ​នេះ​។​» នេះ​ជាការ​លើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ដែល​បន្តថា ការវាយតម្លៃ​នេះ គឺ​ពឹង​ផ្អែកលើ​ព័ត៌មាន​ចារកម្ម អាវុធ​ដែល​ត្រូវបាន​ប្រើប្រាស និង​កម្រិត​នៃ​ភាព​ជំនាញ​ក្នុងការ​អនុវត្ត​ប្រតិបត្តិ​ការ​នេះ ការវាយប្រហារ​ថ្មីៗ​លើក​ប៉ាល់​ដឹក​ប្រេង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​អាមេរិក​រូបនេះ​អះអាងថា​ទៀតថា នៅ​តំបន់​នេះ ក៏​គ្មាន​ក្រុម​ណា​ដែលមាន​ធនធាន អាចធ្វើ​ប្រតិបត្តិការ​ដូចនេះ​ដែរ​។​
 
​ទីក្រុង​តេ​ហេ​រ៉ង់​ឯណោះ​វិញ បាន​ទាត់ចោល​ការចោទប្រកាន់​របស់​អាមេរិក ហើយ​ចាត់ទុក​ការវាយប្រហារ​នេះ​ជា​ករណី​សង្ស័យ​ប៉ុណ្ណោះ​។ ការវាយប្រហារ​លើក​ប៉ាល់​ជប៉ុន​នេះ ធ្វើឡើង​ខណៈដែល​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​អុីរ៉ង់​ដើម្បី​សម្របសម្រួល​ភាព​តានតឹង​រវាង​អាមេរិក និង​អុីរ៉ង់​ផ្ទាល់ ប៉ុន្តែ​ទំនងជា​មិនអាច​ទទួលបាន​ផ្លែផ្កា​អ្វី​ទេ ព្រោះ​មេដឹកនាំ​កំពូល​អុីរ៉ង់​ប្រកាស​មិន​ចរចា​ជាមួយ​អាមេរិក​ទៅហើយ​។​


 
​ជាមួយនឹង​ការ​ចោទ​អុីរ៉ង់ លោក ប៉ុ​ម​ប៉េ​អូ ក៏បាន​ព្រមាន​ដែរ​ថា អាមេរិក​នឹង​ការពារ​ទាហាន​របស់ខ្លួន ផលប្រយោជន៍​ក្នុង​តំបន់ និង​ឈរ​នៅ​ជាមួយ​ដៃគូ​ក្នុង​តំបន់​ដើម្បី​ការពារ​ពាណិជ្ជ​កម្មសាក​ល និង​ស្ថិរភាព​តំបន់​។ ដោយឡែក​ក្នុង​កិច្ចប្រជុំ​បិទ​ក្រុមប្រឹក្សាសន្តិសុខ​វិញ តំណាង​អាមេរិក​បានការ​វាយប្រហា​រ​នេះ​ជាការ​គំរាម​យ៉ាងច្បាស់​បង្កដោយ​អុីរ៉ង់​។ 
 
​រឿង​ស្ថិរភាព​តំបន់​នោះ បេសកកម្ម​អុីរ៉ង់​បាន​តប​វិញ​ថា ទណ្ឌកម្ម និង​ការបង្កើន​យោធា​របស់​អាមេរិក​ទៅវិញ​ដែលជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​តំបន់​។ អុីរ៉ង់​បាន​ប្រាប់​ឲ្យ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ឈប់​សកម្មភាព​បង្ក​ស​ង្ក្រា​ម​របស់ខ្លួន​៕  
 

Tag:
 ​អាមេរិក​
  អ៊ីរ៉ង់​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com