កីឡាអន្តរជាតិ
អន្តរជាតិ
នៅ Real, Hazard រកបានជាង២៣ម៉ឺនដុល្លារក្នុង១សប្តាហ៍ តែតិចជាងនៅ Chelsea
× Eden Hazard បានផ្ទេរពី Chelsea ទៅ Real Madrid ក្នុងតម្លៃកំណត់ត្រាក្លិបប្រមាណ១៦៤លានដុល្លារអាមេរិក ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ បើទោះមានតម្លៃផ្ទេថ្លៃក្តី ប៉ុន្តែខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិករូបនេះ ទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍តែជាង២៣ម៉ឺនដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងកាលនៅតោខៀវដែលរកបានជាង ២៥ម៉ឺនដុល្លារ។
ផ្លាស់ទៅកាន់ Santiago Bernabeu ខ្សែបម្រើ Hazard ក្លាយជាកីឡាករទីពីរបន្ទាប់ពីខ្សែការពារ Sergio Ramos ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Real។ Ramos វ័យ៣៣ឆ្នាំ ដែលយល់ព្រមស្នាក់នៅជាមួយក្លិបមានមូលដ្ឋានក្នុងក្រុងម៉ាឌ្រីដបន្តទៀត ទទួលបានបៀវត្សជាង ១៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬ ២៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
ទោះបីមានប្រាក់ឈ្នួលទាបជាងនៅ Chelsea ក្តីប៉ុន្តែ Hazard នៅតែសម្រេចចូលរួមជាមួយក្រុមយក្សអេស្ប៉ាញដដែល។ បើតាមការផ្សាយរបស់ Talk Sport និង Legit.ng ខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះទទួលបានថ្លៃនឿយហត់ជាង១២លានដុល្លារក្នុង១ឆ្នាំ ឬ ជាង២៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ក្រោយបង់ពន្ធរួច ដោយមិនទាន់គិតពីប្រាក់លើកទឹកចិត្តផ្សេងៗ។
Gareth Bale ដែលធ្លាប់ជាកីឡាកររកប្រាក់ឈ្នួលច្រើនជាងគេនៅ Real ប្រមាណជាង៤សែនដុល្លារអាមេរិកក្នុង១សប្តាហ៍ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo នោះប្រហែលត្រូវមានកិច្ចព្រមព្រៀងទម្លាក់ប្រាក់ឈ្នួលវិញក្រោយមិនអាចជួយក្រុមបាន។
ដោយឡែក ខ្សែប្រយុទ្ធ Luka Jovic ដែលទើបផ្លាស់ពី Eintracht Frankfurt ទទួលបានប្រាក់ឈ្នួលពីម្ចាស់ជើងឯក La Liga ចំនួន ៣៣សម័យចំនួន ២១៥០០០ដុល្លារក្នុងមួយសប្តាហ៍៕
Tag:
បាល់ទាត់
Eden Hazard
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com