ជាតិ
កម្ពុជា​គ្រោង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​នៅ​សប្តាហ៍​ក្រោយ​
14, Jun 2019 , 7:59 pm        
រូបភាព
ទិដ្ឋភាពនៃគម្រោងផលិតប្រេងកាត «អប្សរា‍» របស់​ក្រុមហ៊ុន KrisEnergy នៅ​ក្នុង​ប្រទេស​កម្ពុជា។
ទិដ្ឋភាពនៃគម្រោងផលិតប្រេងកាត «អប្សរា‍» របស់​ក្រុមហ៊ុន KrisEnergy នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ: VOA
​ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ រដ្ឋសភាជាតិ​កម្ពុជា នឹង​បន្ត​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦ ដោយ​ធ្វើការ​អនុម័ត​លើ​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល ប្រេងកាត បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​តាំងពី​ពីរ​ឆ្នាំមុន​ជាមួយនឹង​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy​។​

 
​រដ្ឋសភាជាតិ​នឹង​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​នៅក្នុង សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​
 
​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ដែលមាន​៩​ជំពូក និង​៧២​មាត្រា​នេះ ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១៧ បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ក្រុមហ៊ុន KrisEnergy បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​សម្រាប់​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅក្នុង​ប្លុក A នៃ​ដែនសមុទ្រ​កម្ពុជា​។​
 
​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់ VOA ថា​កម្ពុជា​អាច​ទាញយក​ធនធានធម្មជាតិ​ដែល​ខ្លួន​មាន​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ​ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់បាន​ថា​ពេលណា​កម្ពុជា​នឹង​អាច​ទទួលបាន​ផល​នេះឡើយ​។​
 
​លោក​បាន​និយាយថា​៖
 
«​ប្រទេស​ណាក៏ដោយ​តែមាន​ធនធានធម្មជាតិ​គេ​ត្រូវតែ​ជីក​យកមក​ធម្មតា​ដើម្បី​នឹង ជា​ធនធាន​របស់​រដ្ឋ​របស់​ប្រទេសជាតិ​ហ្នឹងហើយ ហើយ​យកមក​បម្រើ​ដល់​ផលប្រយោជន៍​ប្រទេសជាតិ អាហ្នឹង​មានអី​ចម្លែក​»​។​
 
VOA មិនអាច​សុំ​ការអធិប្បាយ​ពី​មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ ក្រសួង​រ៉ែ​និង​ថាមពល និង​អ្នកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា ដោយ​ពួកគាត់​ថា​កំពុង​ជាប់​ប្រជុំ​។​
 
​យ៉ាងណាក៏ដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ត្រូវបាន​គេ​ដកស្រង់​សម្តី ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ជាតិ​កម្ពុជា​ថា សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត នឹង​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា​ផងដែរ​។​
 
​ខណៈដែល​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត  អាច​នឹងត្រូវ​បានអនុម័ត​នៅ​ថ្ងៃ​ចន្ទ​នេះ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​បានបង្ហាញ​ក្តីបារម្ភ ថា​ការរុករក​ប្រេង​នៅ​កម្ពុជា​អាច​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ផ្នែក​បរិស្ថាន​នៅក្នុង​ដែនសមុទ្រ​។​
 
​លោក សន ជ័យ បាន​និយាយថា​៖
 
«​ការរុករក​ប្រេង​នេះ​គឺជា​ដំណើរ​ភ័យ​ផង អរ​ផង អ៊ីចឹងទៅ​ដើម្បី​កាត់បន្ថយ​អា​រឿង​ភ័យ​ហ្នឹង យើង​ចង់​ឲ្យ​រដ្ឋសភា​ហ្នឹង​អឺ ពិនិត្យពិច័យ​ឲ្យ​បាន​ច្រើន​មុននឹង​មានការ​ដាក់​ឲ្យ​មានការ​អនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​នេះ​»​។​
 
​លោក ឡេង ប៉េងឡុង​បាន​ច្រានចោល​ការបារម្ភ​នេះ ដោយ​លោក​បាន​និយាយថា​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត មាន​អត្ថន័យ​គ្រប់គ្រាន់​ដើម្បី​ការពារ​អត្ថប្រយោជន៍​ប្រទេសជាតិ​និង​បង្កា​ហានិភ័យ​ផ្សេងៗ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com