ភ្នំពេញ៖ ហុងគ្រី ប្រកាសជំហរខ្លួនប្រាប់កម្ពុជាថា ហុងគ្រីនឹងជំទាស់សហភាពអឺរ៉ុប លើបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងនៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី កាលពីថ្ងៃទី១៣ មិថុនា។ នេះបើតាមកាសែត Daily News Hungry របស់ហុងគ្រី។
ក្នុងជំនួបពិភាក្សាគ្នានោះនាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងថា តំបន់អាស៊ីអាគ្នេយ៍ គឺជាតំបន់មួយ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏ទាក់ទាញការចាប់អារម្មណ៍ពីបណ្ដាប្រទេសនៅក្នុងពិភពលោកផងដែរ។ ថ្លែងបែបនេះហើយលោក Viktor Orbán ក៏បានបង្ហាញបំណងចង់ឲ្យអ្នកវិនិយោគហុងគ្រី បោះទុនរកស៊ីនៅកម្ពុជាដែរ។
តាមរយៈកាសែតហុងគ្រី Daily News Hungry ដែលបានស្រង់សម្តីរដ្ឋមន្ត្រីការបទេសហុងគ្រី លោក Péter Szijjártó ជុំវិញកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ យ៉ាងដូច្នេះថា៖«ទស្សនៈវិស័យនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា គឺវាផ្ដល់ភាពវិជ្ជមានដល់ហុងគ្រី ដោយសារតែផែនការអភិវឌ្ឍប្រទេសកម្ពុជា មួយចំនួនធំនោះ ភាគច្រើនវាផ្ដល់ឱកាសល្អសម្រាប់ក្រុមហ៊ុនហុងគ្រីបោះទុនវិនិយោគផងដែរ»។
ត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រីហុងគ្រី បាននិយាយថា ក្រុមហ៊ុនហុងគ្រីដែលទទួលបានទុនវិនិយោគ តាមរយៈការសម្របសម្រួលរបស់រដ្ឋាភិបាលនោះ នឹងមានលទ្ធភាពចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគម្រោងមួយចំនួន ដូចជា ការគ្រប់គ្រងប្រព័ន្ធទឹកស្អាត, ផ្នែកចំណីអាហារ និងផ្នែកគ្រប់គ្រងរដ្ឋតាមបែបឌីជីថលជាដើម។ បើតាមលោក Viktor Orbán ទុនបម្រុងទុកជាង៤៦លានដុល្លារ ពីធនាគារអាហរ័ណ នីហរ័ណហុងគ្រី នឹងផ្ដល់ឲ្យក្រុមហ៊ុនហុងគ្រី សម្រាប់សហការរកស៊ីជាមួយភាគីកម្ពុជានាពេលខាងមុខ។
និយាយពីការវិនិយោគហើយ នាយករដ្ឋមន្ត្រីហុងគ្រី ក៏ងាកមកពិភាក្សាពីបញ្ហាអនុគ្រោះពន្ធកម្ពុជា ពីសំណាក់សហភាពអឺរ៉ុបវិញម្ដង។ លោក Viktor Orbán អះអាងថា រដ្ឋាភិបាលហុងគ្រី គាំទ្រចំពោះការតស៊ូមតិរបស់រដ្ឋាភិបាលកម្ពុជា លើការដកប្រព័ន្ធអនុគ្រោះពន្ធនេះ។ ហើយហុងគ្រី នឹងជំទាស់លើការសម្រេចចិត្តរបស់សហភាពលើបញ្ហានេះ ចំពោះកម្ពុជាផងដែរ។
តាមរយៈលោក Péter Szijjártó ដែលស្រង់សម្តីនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán ក្នុងជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទមួយ ដែលចុះផ្សាយដោយកាសែត Daily News Hungry យ៉ាងដូច្នេះថា៖« ហុងគ្រីប្រកាន់ជំហរជំទាស់សហភាពអឺរ៉ុប ចំពោះការដកសិទ្ធពាណិជ្ជកម្ម (EBA) ពីកម្ពុជានេះ។ ផ្ទុយពីដំណើរការប្រើប្រាស់យន្តការឥទ្ធិពលដាក់ទណ្ឌកម្មនេះ សហភាពអឹរ៉ុបគួរតែគាំទ្រជួយឲ្យអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែប្រសើរឡើង»។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán ចាត់ទុកបញ្ហាEBA ជារឿងខ្វែងគំនិតគ្នារវាងសហភាពអឺរ៉ុប និងកម្ពុជា។ ផ្ទុយទៅវិញហុងគ្រីតែងតែឈរនិងគាំទ្រកម្ពុជាជានិច្ច។ ហើយហុងគ្រីមិនគាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ដែលមានភាពច្របូកច្របល់គ្នានោះទេ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើហ្វេសប៊ុក។
ទាក់ទងនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះ សហភាពអឺរ៉ុប បានចេញរបាយការណ៍មួយកាលពីថ្ងៃទី១១ មិថុនា ដោយរំឭកដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះស្រាយបញ្ហាធំៗមួយចំនួន ដូចជា សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិនិងជួបជុំ និង ការដកហូតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាដើម។ សហភាពអឺរ៉ុប នៅតែមិនទាន់ឃើញភាពប្រសើរឡើងនៃដំណោះស្រាយជុំវិញ បញ្ហាទាំងនេះទេ ទន្ទឹមនឹងដំណើរការនីតិវិធីដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធត្រូវបានអនុវត្ត។
ប៉ុន្តែមុនសហភាពអឺរ៉ុបចេញរបាយការណ៍នេះ រដ្ឋមន្ត្រីការបរទស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន ក៏បានអះអាងប្រាប់លោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអឺរ៉ុប ដែលមកទស្សនកិច្ចនៅកម្ពុជាថា កម្ពុជា នឹងព្យាយាមការពារប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) មិនឲ្យបាត់បង់នោះទេ។ ប៉ុន្តែកម្ពុជាក៏មានបន្ទាត់ក្រហមកំណត់ ដោយមិនឲ្យបរទេសយកប្រព័ន្ធមួយនេះ ដាក់សម្ពាធ និងលូកដៃចូលកិច្ចការផ្ទៃក្នុងជាតិផងដែរ។
ក្នុងន័យនេះលោក ប្រាក់ សុខុន ចង់សង្កត់ធ្ងន់ថា ទោះជាបាត់បង់ ឬមិនបាត់បង់ EBA ក៏កម្ពុជាមិនអាចយកអធិបតេយ្យភាព និងឯករាជ្យជាតិទៅដោះដូរជាមួយEBA នោះដែរ។ អមជាមួយការលើកឡើងខាងលើរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានរំឭកទៅប្រតិភូអឺរ៉ុបវិញថា ទោះជាកម្ពុជាបានប្រឹងបំពេញភារកិច្ច និងដោះស្រាយបញ្ហានានាក្នុងប្រទេស ដើម្បីទទួលបានការយោគយល់លើប្រព័ន្ធអនុគ្រោះពន្ធនេះច្រើនហើយ ប៉ុន្តែខាងប្រតិភូអឺរ៉ុប មិនបានសរសេររបាយការណ៍រៀបរាប់ពីវឌ្ឍនភាពនៃប្រទេសកម្ពុជាឡើយ។
គិតមកដល់ពេលនេះ មានរយៈពេល៤ខែហើយ ដែលសហភាពអឺរ៉ុប កំពុងបន្តដំណើរការនីតិវិធីតាមដាន និងត្រួតពិនិត្យលើស្ថានការណ៍កម្ពុជា មុននឹងសម្រេចថា បន្ត ឬដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា។ នីតិវិធីនេះ ត្រូវការរយៈពេល១៨ខែ ទៅ២០ខែ ទើបសហភាពអឺរ៉ុប ធ្វើសេចក្តីសម្រេចចុងក្រោយ។ ក្នុងអំឡុង៦ខែដំបូង សហភាពអឺរ៉ុប ឲ្យកម្ពុជាចូលរួមពិភាក្សានិងការពារខ្លួន ដើម្បីបញ្ចៀសពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ ដំណាក់កាលទី២ គណៈកម្មការអឺរ៉ុប នឹងតាមដានប្រមូលព័ត៌មានជុំវិញស្ថានការណ៍ប្រទេសកម្ពុជា ដើម្បីធ្វើរបាយការណ៍អំពីលទ្ធផល សម្រាប់ការវាយតម្លៃ និងធ្វើសេចក្តីសន្និដ្ឋាន។
ក្នុងករណីនេះ ប្រសិនបើគណៈកម្មការសម្រេចចិត្តយកពន្ធឡើងវិញលើរាល់ទំនិញទាំងអស់ និងយកពន្ធលើទំនិញខ្លះក៏ដោយនោះ គេត្រូវការរយៈពេល២ខែទៀត ដើម្បីឲ្យសភាអឺរ៉ុប ឬសមាជិកនៃសហភាពអឺរ៉ុបអាចជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការទី២នេះ។
យោងតាមរបាយការណ៍ធនាគារពិភពលោក បានចេញផ្សាយថា ក្នុងករណីមានការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា នោះការនាំចេញនឹងអាចធ្លាក់ចុះ ដែលគិតជាទឹកប្រាក់ចន្លោះប្រមាណ ៥១៣លានដុល្លារ ទៅ ៦៥៤លានដុល្លារក្នុងមួយឆ្នាំ។ ការគណនានេះ ដោយផ្អែកតួលេខនៃនាំចេញទៅ EU ឆ្នាំ២០១៨ ទំហំ ៤៣៤០លានដុល្លារ នៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអង្ករ ដោយមិនគិតផលិតផលកង់៕