ជាតិ
រដ្ឋាភិបាល ដាក់គោលដៅលុបបំបាត់ពលកម្មកុមារឲ្យអស់ ត្រឹមឆ្នាំ២០២៥ រូបភាពពីក្រសួងការងារ
× ក្រសួងការងារ បានដាក់ចេញវិធានការនិងយុទ្ធសាស្ត្រសំខាន់ៗ៥ចំណុច ដើម្បីសម្រេចទិសដៅបបញ្ចប់ពលកម្មកុមារនៅត្រឹមឆ្នាំ២០២៥។ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ បានប្រកាសពីវិធានការនេះ ក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារ វិធានការឬយុទ្ធសាស្ត្រទាំង៥នោះ រួមមាន ១. គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) ត្រូវបន្តសម្របសម្រួលអនុវត្តអនុសញ្ញាអន្តរជាតិ និងគោលនយោបាយជាតិពាក់ព័ន្ធនឹងពលកម្មកុមារ ជាពិសេសសហការជាមួយអន្តរក្រសួង-ស្ថាប័ន ដើម្បីជំរុញអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ឆ្នាំ២០១៦-២០២៥។
២. អគ្គលេខាធិការដ្ឋាន គ.ជ.ព. និងនាយកដ្ឋានជំនាញត្រូវខិតខំពង្រឹងវិធានការអធិការកិច្ចការងារឱ្យមានប្រសិទ្ធភាព ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ ជាពិសេសពង្រីកវិសាលភាពការងារវិស័យសេដ្ឋកិច្ចមិនរៀបរយ ដូចជា កម្មករការងារផ្ទះ សិប្បកម្ម និងសេវាកម្មដទៃទៀត។
៣. បន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធ និងកៀងគរធនធានហិរញ្ញវត្ថុ និងស្វែងរកការគាំទ្រពីសាធារណជនចូលរួមប្រឆាំងពលកម្មកុមារ។
៤. ពង្រីកការផ្សព្វផ្សាយ និងយុទ្ធនាការប្រឆាំងពលកម្មកុមារ និងការងារដោយបង្ខំទៅដល់មូលដ្ឋាន និងសហគមន៍នានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ។
៥. ពង្រឹងកិច្ចអន្តរាគមន៍ស្នូល ដើម្បីសង្គ្រោះពលកម្មកុមារ និងហាមឃាត់ការងារដោយបង្ខំទៅតាមប្រភេទមុខរបរ និងបង្កើនកិច្ចសហប្រតិបត្តិការក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារពីគ្រប់ទម្រង់។
ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ឆ្នាំ២០១៩ បានប្រារព្ធឡើងក្រោមប្រធានបទ «កុមារត្រូវសម្រេចសុបិនរបស់ខ្លួនដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ» ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានដល់កុមារនិងបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការកេងប្រវ័ញ្ចពលកម្មគ្រប់ទម្រង់៕
Tag:
ក្រសួងការងារ
វិធានការ
បញ្ចប់ពលកម្មកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com