ក្រុមកីឡាបាល់ទាត់ត្បូងឃ្មុំបានគ្រងជើងឯកពានរង្វាន់ ជីផាក អាយុក្រោម១៥ឆ្នាំប្រចាំឆ្នាំ២០១៩ ក្រោយយកឈ្នះក្រុមព្រះសីហនុក្នុងលទ្ធផល ៣-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានវិសាខាកាលពីថ្ងៃទី១៣ មិថុនា។ ជោគជ័យដ៏ធំធេងនេះ គឺវាលើសពីការរំពឹងទុករបស់ថ្នាក់ដឹកនាំខេត្ត ដែលដាក់គោលដៅដំបូងយ៉ាងខ្លាំងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឆ្នាំ២០១៩អាចចាត់ទុកជាឆ្នាំជោគជ័យសម្រាប់ត្បូងឃ្មុំ ខណៈពួកគេទើបតែគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តកាលពីពេលថ្មីៗ។
អនុប្រធានមន្ទីរអប់រំកាយនិងកីឡាខេត្តត្បូងឃ្មុំលោក កា វចនា ចាត់ទុកការឈ្នះពាន ជីផាក អាយុក្រោម១៥ឆ្នាំរបស់ត្បូងឃ្មុំជាជ័យជម្នះដ៏លើសលប់ខុសពីការរំពឹងទុក។ មុនការប្រកួតចាប់ផ្តើម អនុប្រធានមន្ទីររូបនេះ បានដាក់គោលដៅថា ក្រុមលោកខ្លាំងបំផុតអាចឈានដល់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ តែអ្វីៗផ្ទុយពីការយល់ឃើញ។
ក្រុមព្រះសីហនុទទួលបានចំណាត់ថ្នាក់លេខ២
«ខ្ញុំគិតថា ក្រុមត្បូងឃ្មុំនឹងមិនអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយក៏មិនអាចបានពាននេះដែរ។ តែដោយសារការខិតខំប្រឹងប្រែងរបស់សមាជិកក្រុមជួយឲ្យខ្ញុំបានពានមួយនេះ។ ដំបូងខ្ញុំគិតថា យ៉ាងខ្លាំងបំផុតខ្ញុំឡើងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺវាធំបំផុតសម្រាប់ត្បូងឃ្មុំ។ ប៉ុន្តែខ្ញុំមិននឹកស្មានថា ក្រុមអាចឈានដល់ដំណាក់កាលនេះ»។ នេះជាការលើកឡើងរបស់លោក កា វចនា។
នេះជាឆ្នាំដ៏ជោគជ័យសម្រាប់ខេត្តត្បូងឃ្មុំ ព្រោះក្រុមនេះទើបតែឈ្នះពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្តកាលពីចុងខែឧសភា ឆ្នាំ២០១៩ ដោយកាលណោះពួកគេបានយកឈ្នះសៀមរាបក្នុងលទ្ធផល ១-០ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានវិសាខាដូចគ្នា។ ជ័យជម្នះនេះ ជួយឲ្យខេត្តទើបបំបែកចេញពីខេត្តកំពង់ចាមមួយនេះ ទទួលបានកៅអីឡើងទៅប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដោយត្រូវប្រឈមជាមួយព្រះខ័នរាជស្វាយរៀង។
លោក កា វចនា បានចាត់ទុកការឈ្នះពានពីរក្នុងរយៈពេលពីរខែនេះ គឺដោយសារក្រុមកីឡាករបាល់ទាត់លោកទទួលបានការយកចិត្តទុកពីថ្នាក់ដឹកនាំខេត្ត គឺលោកអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ្ឌ តាមរយៈផ្តល់ឲ្យមានការប្រមូលផ្តុំហ្វឹកហាត់ជាប្រចាំ។ ការសាងសង់ទីលានបាល់ទាត់នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្រុកមេមត់ក្រោមគម្រោងអភិវឌ្ឍវិស័យកីឡាបាល់ទាត់២៥រាជធានី-ខេត្តរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏រួមចំណែកក្នុងជោគជ័យនេះផងដែរ។
«ខ្ញុំធ្លាប់បានសុំឯកឧត្តម ស សុខា ថាបើមានការប្រកួតពានជីផាកទៀត ខ្ញុំបាទសុំចូលរួមបន្តដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅខេត្តត្បូងឃ្មុំ។ វិស័យកីឡាបាល់ទាត់អាចរីកចម្រើនទៅបាន គឺដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ បើសិនថ្នាក់ដឹកនាំ និងអភិបាលខេត្ត គាត់មិនយកចិត្តទុកដាក់ គឺយើងមិនទទួលបានជោគជ័យនោះទេ»។ នេះជាការបន្ថែមរបស់លោក កា វចនា។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅកីឡដ្ឋានវិសាខា ក្រុមត្បូងឃ្មុំបានវាយបកយកឈ្នះក្រុមព្រះសីហនុក្នុងលទ្ធផល ៣-១ ដើម្បីគ្រងជើងឯកពានរង្វាន់ជីផាកអាយុក្រោម១៥ឆ្នាំ ដែលរៀបចំដោយក្លិបបាល់ទាត់វិសាខា។ ចំណែកក្រុមកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះព្រៃវែង ៤-០។ ក្រុមជើងឯកត្បូងឃ្មុំទទួលបានថវិកាលើកទឹកចិត្តចំនួន១០លានរៀល, ព្រះសីហនុបាន៦លានរៀល, កំពង់ឆ្នាំងបាន៤លានរៀល និងព្រៃវែងបាន២លានរៀល៕