ជាតិ
កម្ពុជា​-​ហុង​គ្រី នឹង​បើក​ស្ថានទូត​ឡើងវិញ​នៅ​ឆ្នាំ​២០២១ ដើម្បី​រំឭក​ខួប​ទំនាក់ទំនង​ការទូត​៦៥​ឆ្នាំ
14, Jun 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា និង​ហុង​គ្រី គ្រោង​បើក​ស្ថានទូត​រៀងខ្លួន​ឡើងវិញ នៅ​ឆ្នាំ​២០២១ ដើម្បី​រំឭក​ខួប​ទំនាក់ទំនង​ការទូត​៦៥​ឆ្នាំ នៃ​ប្រទេស​ទាំងពីរ​។ គម្រោង​នេះ ត្រូវបាន​ឯកភាព​នៅក្នុង​ជំនួបរ​វាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក  Viktor Orbán នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃទី​១៣ មិថុនា​។


 
​កម្ពុជា និង​ហុង​គ្រី ក៏​ធ្លាប់មាន​ស្ថានទូត​នៅក្នុង​ប្រទេស​រៀងខ្លួន​ដែរ ប៉ុន្តែ​ត្រូវបាន​បិទ​ទៅវិញ នៅក្នុង​ឆ្នាំ​១៩៩៦​។ តាមរយៈ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​បច្ចុប្បន្ននេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា បើក​ស្ថានទូត​ជាថ្មី​ឡើងវិញ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក លើ​ផ្នែក​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។​
 
​សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ៖«​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ មេដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​ដែរ​ថា នៅក្នុង​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ នៅ​ឆ្នាំ​២០២១ កម្ពុជា​និង​បើក​ស្ថានទូត​ទូត​របស់​កម្ពុជា នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ក្នុងនោះ​ហុង​គ្រី​ក៏​នឹង​បើក​ស្ថានទូត​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដូចគ្នា​នោះដែរ​»​។​
 
​ក្រៅពីនេះ​នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ហុង​គ្រី ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់​តែមាន​ទំហំ​ធំ​ថែមទៀត​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ស្នើ​រដ្ឋាភិបាល​ហុង​គ្រី ជួយ​ជួសជុល​ប្រាសាទ​កោះ​កេ​រិ៍​ផងដែរ ។​
 
​កម្ពុជា និង​ហុង​គ្រី បានចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩ ក្រោយពី​ដួល​រំលំ​របប ប៉ុល ពត (១៩៧៥-១៩៧៩)​។ គួរ​បញ្ជាក់ថា កម្ពុជា និង​ហុង​គ្រី បានចាប់ផ្ដើម​ទំនាក់ទំនង​ការទូត តាំងពី​ឆ្នាំ​១៩៥៦​មកម្ល៉េះ ៕

Tag:
 ហ៊ុន សែន​
  ហុង​គ្រី​
  ស្ថានទូត
© រក្សាសិទ្ធិដោយ thmeythmey.com