សូរសព្ទ​ដូចគ្នា ពាក្យ «​លត់​»,«​លុត​» និង​«​លុត្ត​»​តែ​មានន័យ​ខុសគ្នា​!
ជាតិ
សូរសព្ទ​ដូចគ្នា ពាក្យ «​លត់​»,«​លុត​» និង​«​លុត្ត​»​តែ​មានន័យ​ខុសគ្នា​!
15, Jun 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​សូរសព្ទ​ដូចគ្នា​ពិតមែន តែ​«​លត់​»,«​លុត​» និង​«​លុត្ត​» មានន័យ​ខុសគ្នា​ឆ្ងាយ​ណាស់​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​ដែល​សម្តេច ជួន ណាត បានបញ្ជាក់​ដូច្នេះ​។​



​សម្តេច ជួន ណាត ពន្យល់ថា​«​លត់​»​ប្រើ​នៅក្នុង​ន័យ​ថា ធ្វើ​ឲ្យ​រលត់ ធ្វើ​ឲ្យ​បាត់​ក្តៅ​,​បំបាត់ក្រោធ​។ គេ​ច្រើនតែ​ប្រើពាក្យ​«​លត់​»​សំដៅលើ​ការ​លត់​ភ្លើង ដោយ​យក​ទឹក​ទៅ​រលត់ ដូចជា ជ្រលក់​ដែក​ដែល​កំពុង​ឆេះ​ទៅក្នុង​ទឹក​។ ប្រើ​នៅក្នុង​ន័យ​ម្យ៉ាងទៀត គឺ​លត់កំហឹង ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​ល្អប្រសើរ ដើម្បី​ទប់​កំហឹង​កុំ​ឲ្យ​កើតជា​កំហុស​កាន់តែ​ធំ​។ 
 
​លោក​បាន​ពន្យល់​ពាក្យ​«​លុត​»​ជា​កិរិយាសព្ទ មានន័យថា បញ្ជច់​ជង្គង់​ចុះ​ដល់​ដី​។ នៅក្នុង​ភាសា​ថៃ​គេ​ក៏​ប្រើពាក្យ​នេះ​ផងដែរ ដោយ​សរសេរថា ហ្លុ​ត គឺ​មានន័យថា ថ្លោះ​,​របូត​។ លើសពីនេះ​គេ​អាច​ប្រើ​វា​ជា​នាមសព្ទ​ក៏បាន​ដែរ ដែល​សំដៅលើ​ខ្សែពួរ​សម្រាប់​ទាញ​លើក ឬ​ទាញ​ដាក់​ដងក្តោង​ទូក​ធំ ឬ​សំពៅ ឬ​ខ្សែរូត​ក្តោង​តូច ឬ​ហៅថា ខ្សែ​លូត​។ ឯ​«​លុត្ត​» មានន័យថា លុបចោល គឺ​ធ្វើ​ឲ្យ​បាត់​ស្នាម​,​ឲ្យ​បាត់​គំនូស​,​ឲ្យ​បាត់​រូប​,​ឲ្យ​បាត់ឈ្មោះ​,​ឲ្យ​វិនាស​។​
 
​នៅមាន​ពាក្យ​ដែលមាន​សូរសព្ទ​ដូចគ្នា​ច្រើន​ទៀត ដែល​ពលរដ្ឋ​ងាយ​នឹង​ច្រឡំ​គ្នា នោះ​ដូចជា​ពាក្យ ច្រែះ​,​ច្រេះ​,​និង​ច្រែស​,​លេច និង​លិច​, មិច​,​ម៉េច​, ផ្ញៀវ និង​ភ្ញៀវ​, ទារ និង​ទា​,​កំពុង និង​កំពង់​,  អុំ និង​អ៊ំ​,​ចៀរ និង​ជា ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com