ក្រោយបញ្ចប់ការស៊ើបអង្កេត គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានសន្និដ្ឋានថា លោក ទិត រ៉ន សកម្មជននៃអតីតគណបក្សប្រឆាំង ពិតជាបានស្លាប់ដោយសារតែដួលបោកក្បាលក្នុងបន្ទប់ទឹកនៃពន្ធនាគារមែន គឺមិនមែនដោយសារតែការធ្វើទារុណកម្មពីមន្ត្រីពន្ធនាគារដូចការចោទប្រកាន់ឡើយ។ ការសន្និដ្ឋានរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺដូចនឹងការសន្និដ្ឋានរបស់ស្នងការខេត្តកំពង់ចាមនាពេលកន្លងមក។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីលទ្ធផលនៃការចុះទៅស៊ើបអង្កេតរបស់ខ្លួន ទៅលើមរណភាពរបស់លោក ទិត រ៉ន សកម្មជននៃអតីតគណបក្សប្រឆាំង នៅក្នុងពន្ធនាគារខេត្តកកំពង់ចាម (ពន្ធនាគារវត្តឃ្មួង )។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អះអាងថា ក្នុងការស៊ើបអង្កេតនេះ មន្ត្រីរបស់ខ្លួន បានចុះទៅសម្ភាសម្តាយរបស់លោក ទិត រ៉ន ដល់គេហដ្ឋានតែម្តង ព្រមទាំងបានសួរមេភូមិនិងអ្នកជិតខាងផងដែរ។ លើសពីនេះ មន្ត្រីរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានសួរអ្នកជាប់ឃុំជាមួយលោក ទិត រ៉ន និង បានយកកាមេរ៉ាសុវត្ថិភាព មកមើលថែមទៀត។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម រៀបរាប់ថា លោក ទិត រ៉ន ដែលមានលំនៅដ្ឋាននៅភូមិ ភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវសមត្ថកិច្ចចាប់បាន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។ តុលាការ បានចេញដីកា តាំងពីអំឡុងខែកក្កដា ឆ្នាំ២០១០ មកម្ល៉េះ (ជិត១០ឆ្នាំ) ដើម្បីឲ្យសមត្ថកិច្ចតាមចាប់លោក ទិត រ៉ន យកទៅដាក់ពន្ធនាគារ១ឆ្នាំ ពីបទបង្ករបួសស្នាមដោយចេតនា។ ប៉ុន្តែ លោក បានរត់គេចខ្លួន។
ក្រោយចាប់បាន សមត្ថកិច្ច បញ្ជូនលោក ទិត រ៉ន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែមេសាដដែល។
រហូតដល់ព្រឹកថ្ងៃទី១៧ខែមេសា លោក ទិត រ៉ន មានអាការញ័រខ្លួន ដើរមិនចង់រួច និងឆ្លេឆ្លា ហើយក៏បានដើរចូលទៅក្នុងបន្ទប់ទឹក។ សកម្មភាពរបស់លោក ទិត រ៉ន ត្រង់កន្លែងនេះ ត្រូវបានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អះអាងថា បានមើលកាមេរ៉ាសុវត្ថិភាព។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តថា តាមរយៈកាមេរ៉ាសុវត្ថិភាព មានអ្នកជាប់ឃុំពីរនាក់ផ្សេងទៀត ដែលមើលទៅដូចជាភ័យនិងឆ្លេឆ្លា ហើយក៏បានស្រែកហៅឲ្យគេទៅជួយលោក ទិត រ៉ន។ បន្តិចក្រោយមក ពួកគេ ក៏បាននាំគ្នា ទៅជួយលើក លោក ទិត រ៉ន ដែលដួលក្នុងបន្ទប់ទឹក។
សាក្សីម្នាក់ឈ្មោះ ម៉េង អេង ដែលជាប់ឃុំជាមួយលោក ទិត រ៉ន បានប្រាប់មន្ត្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មថា លោក ទិត រ៉ន ដួលផ្កាប់មុខបោកនឹងគែមបង្គន់ ហើយលោក និង អ្នកជាប់ឃុំម្នាក់ទៀត បានជួយសង្គ្រោះបឋម រហូតលោក ទិត រ៉ន បានដឹងខ្លួនវិញ។ ពេលដឹងខ្លួន មន្ត្រីនគរបាល ក៏បានរំរបួសឲ្យលោក ទិត រ៉ន។
ដល់ល្ងាចថ្ងៃទី១៧ ខែមេសាដដែល សមត្ថកិច្ច ក៏បញ្ជូនលោក ទិត រ៉ន ចេញពីមន្ទីរឃុំឃាំងនៃស្នងការខេត្តកំពង់ចាម ទៅកាន់ពន្ធនាការខេត្តកំពង់ចាម។ ដោយឃើញ លោក ទិត រ៉ន មានរបួសនៅចុងចិញ្ចើមខាងស្តាំ មន្ត្រីពន្ធនាគារ ក៏នាំទៅកាន់ប៉ុស្តិ៍សុខភាព ដើម្បីតាមដានសុខភាព។
នៅថ្ងៃទី១៨ ខែមេសា អ្នកជាប់ឃុំ១០នាក់ បានឃើញលោក ទិត រ៉ន ក៏មានសភាពឆ្លេឆ្លា រត់ទៅបុកទ្វារ និងជញ្ជាំងបន្ទប់ទឹក ហើយពេលចេញពីបន្ទប់ទឹក ក៏មានឮសំឡេង។ ពេលនោះ ពួកគេ បានស្ទុះទៅមើល ក៏ឃើញលោក ទិត រ៉ត ដួលផ្ងារក្រោយ។ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អះអាងថា មន្ត្រីរបស់ខ្លួន បានទទួលការបំភ្លឺបែបនេះពីអ្នកជាប់ឃុំទាំង១០នាក់។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្ថែមថា អ្នកជាប់ឃុំជាមួយគ្នា បានឃើញលោក ទិត រ៉ន ចេញលាមកនិងទឹកនោម ក៏បានយកទៅលាងសម្អាត ហើយដោយឃើញលោក ទិត រ៉ន កាន់តែមានសភាពស្លេកទៅៗ ពួកគេ ក៏ស្រែកហៅមន្ត្រីពន្ធនាគារឲ្យទៅជួយ ប៉ុន្តែ ជាអកុសល ពេលនោះ លោក ទិត រ៉ន បានស្លាប់ទៅហើយ។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សរសេរក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កំណត់ហេតុនៃការពិនិត្យសាកសព ពីមន្ត្រីនគរបាលបច្ចេកទេស មន្ត្រីពន្ធនាគារ និងព្រះរាជអាជ្ញាខេត្តកំពង់ចាម បានបញ្ជាក់ថា លោក ទិត រ៉ន ពិតជាបានស្លាប់ដោយដួលបោកទង្គិចចំក្បាលធ្ងន់ធ្ងរពិតប្រាកដមែន»។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ច្រានចោលថា លោក ទិត រ៉ន មិនមែនស្លាប់ដោយសារមន្ត្រីមានសមត្ថកិច្ចថ្នាក់ណាមួយ ធ្វើទារុណកម្មនោះទេ។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បញ្ជាក់ថា តាមរយៈការជួបសម្ភាសជាមួយអ្នកជិតខាង មេភូមិ និងម្តាយរបស់លោក ទិត រ៉ន គឺលោក ទិត រ៉ន ជាមនុស្សញៀនស្រា ដល់កម្រិតដុះមេ ដែលតម្រូវឲ្យគាត់ពិសាស្រាជារៀងរាល់ថ្ងៃ ដែលនេះជាមូលហេតុធ្វើឲ្យគាត់បាត់ភាពម្ចាស់ការលើខ្លួនឯង។
ការចុះទៅស្រាវជ្រាវរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារ និងអ្នកប្រឆាំងមួយចំនួន ដោយមានទាំងលោក សមរង្ស៊ី ផងដែរ ដាក់ការសង្ស័យថា លោក ទិត រ៉ន បានបាត់បង់ជីវិត ដោយសារតែមន្ត្រីពន្ធនាគារវាយធ្វើបាប។
លោក សម រង្ស៊ី បានហៅមរណភាពរបស់លោក ទិត រ៉ន ថាជាឃាតកម្មនយោបាយមួយថ្មីទៀតនៅកម្ពុជា។ លោក បានបង្ហោះវីដេអូឃ្លីបមួយលើទំព័រហ្វេសប៊ុករបស់លោក ដែលបង្ហាញពីទិដ្ឋភាពសពរបស់លោក ទិត រ៉ន ក្រោយបញ្ជូនទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យ។ តាមរយៈវីដេអូនោះ គេ ឃើញស្លាកស្នាមមួយចំនួនលើសាកសព ដូចលើភ្នែកខាងស្តាំ និងនៅម្តុំកញ្ចឹងក ជាដើម។
លោក អៀម ទិត ដែលជាឪពុករបស់លោក ទិត រ៉ន អំពាវនាវ ក្នុងវីដេអូនោះថា «អំពាវនាវទៅតុលាការ អង្គការជាតិ-អន្តរជាតិ ជាពិសេសអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មេត្តាជួយរកយុត្តិធម៌ជូនខ្ញុំផង»។ ពេលនោះ អ្នកស្រីស្មីត កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
ចំណែក ក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរ ដោយស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យលើមរណភាពរបស់លោក ទិត រ៉ន។
ក្រោយការស្លាប់របស់លោក ទិត រ៉ន លោក ឯម កុសល ស្នងការខេត្តកំពង់ចាម បានសរសេររបាយការណ៍ជូនលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ក្នុងរបាយការណ៍នោះ លោក ឯក កុសល ប្រាប់លោក នេត សាវឿន ថា លោក ទិត រ៉ន ស្លាប់ដោយសារដួលហើយប៉ះទង្គិចក្បាល មិនមែនសមត្ថកិច្ច ធ្វើទារុណកម្មឡើយ៕