កីឡាជាតិ
ជាតិ
ទ័ពស្វាគមន៍ស្វាយរៀង ក្រោយណាហ្គាទៅជួបយុវជនបាទី អគ្គិសនីទទួលក្រោន រ៉ឹង ប៊ុនហៀង (ឆ្វេង) របស់ការពារជាតិ និងប្រាក់ មុនីឧត្តម របស់ព្រះខ័នរាជស្វាយរៀង ទើបវិលពីបេសកកម្មជាមួយក្រុមជម្រើសជាតិ។ រូបថត FFC
× ក្រោយផ្អាកមួយសប្តាហ៍ដើម្បីទុកពេលឲ្យក្រុមកីឡាករជម្រើសជាតិកម្ពុជាបំពេញបេសកកម្មក្នុងវគ្គជម្រុះ AFC Asian cup និងជម្រុះបឋម World Cup ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានត្រឡប់មកវិញហើយ ដោយនៅថ្ងៃសៅរ៍ទី១៥ មិថុនា ឆ្នាំ២០១៩នេះ មានការប្រកួតចំនួន៣គូ ដែលរៀបចំនៅទីលានផ្សេងៗគ្នា។ ក្រសួងការពារជាតិ(ទ័ព) ត្រូវបើកទ្វារកីឡដ្ឋានស្តាតចាស់ស្វាគមន៍ជើងខ្លាំងព្រះខ័នរាជស្វាយរៀង ក្រោយណាហ្គាវើល និងភ្នំពេញក្រោនជួបគូប្រកួតក្រៅទឹកដីរៀងៗខ្លួន។
ក្រសួងការពារជាតិ ប៉ះ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់
វានឹងក្លាយជាការប្រកួតដ៏តានតឹង និងជក់ចិត្តបំផុតសម្រាប់ទស្សនិកជន ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីហេតុផលរៀងៗខ្លួន។ ក្នុងនោះក្រសួងការពារជាតិ ត្រូវការ៣ពិន្ទុក្នុងការរក្សាគម្លាតកុំឲ្យឆ្ងាយពីកំពូលតារាង ខណៈព្រះខ័នរាជស្វាយ ដើម្បីបន្តឈរកំពូលតារាងប្រចាំសប្តាហ៍ទី១១។ បើមើលពី៣ប្រកួតចុងក្រោយព្រះខ័នរាជស្វាយរៀងហាក់មានកំណត់ត្រាល្អជាងក្រសួងការពារជាតិ ដោយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះបានបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយបឹងកេត មុនយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ៣-០ និងឈ្នះវិសាខា ៥-៣។ ចំណែកក្រសួងការពារជាតិក្រោយចាញ់គីរីវង់សុខសែនជ័យ ៤-១ បានយកឈ្នះវិសាខា ១-០ តែចាញ់ភ្នំពេញក្រោន ៣-១។ បច្ចុប្បន្នស្វាយរៀងឈរកំពូលតារាងមាន២៦ពិន្ទុ ខណៈទ័ពឈរលេខរៀងទី៦មាន១៧ពិន្ទុ។
យុវជនបាទី ប៉ះ ណាហ្គាវើលវេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី
ក្រោយឈ្នះកំពង់ចាម ៣-០ ក្រុមយុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំបានរងបរាជ័យ៥ប្រកួតជាប់គ្នា ដោយចាញ់បឹងកេត ៣-១ ក្រសួងការពារជាតិ ៤-៣ វិសាខា ៥-១ ព្រះខ័នរាជស្វាយរៀង ៣-០ និងអាស៊ីអឺរ៉ុប ៦-១។ ទោះបីមិនរំពឹងរហូតដល់ឈ្នះ តែយុវជនបាទីរំពឹងប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះទប់កុំឲ្យមានការស៊ុតបញ្ចូលទីច្រើនពីណាហ្គាវើល ដែលត្រូវការឈ្នះ ដើម្បីគ្រងកំពូលតារាងបណ្តោះអាសន្ន។ បច្ចុប្បន្នក្រុមនេះស្ថិតនៅលេខរៀងទី២មាន២៤ពិន្ទុ ខណៈបីប្រកួតចុងក្រោយពួកគេបានយកអង្គរថាយហ្គឺរ ៤-០ លត់កំពង់ចាម ១៨-០ តែចាញ់បឹងកេត ២-០។
អគ្គិសនីកម្ពុជា ប៉ះ ភ្នំពេញក្រោនវេលា ម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានអគ្គិសនីកម្ពុជា
ក្រោយស្មើ ២-២ ជាមួយអាស៊ីអឺរ៉ុប ក្រុមអគ្គិសនីកម្ពុជាចាញ់ណាហ្គាវើល ៣-០ ចាញ់ប៉ូលិស ១-០ និងចាញ់សូលទីឡូអង្គរ ៤-២ តែឈ្នះគីរីវង់សុខសែនជ័យ ២-១ នាជំនួបសប្តាហ៍ទី១០។ ចំណែក៤ប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន គឺឈ្នះ៣និងចាញ់១ក្នុងនោះយកឈ្នះប៉ូលិស ៣-០ ឈ្នះក្រសួងការពារជាតិ ៣-១ និងឈ្នះគីរីវង់សុខសែនជ័យ ២-១ តែចាញ់សូលទីឡូអង្គរ ១-០។ បច្ចុប្បន្នអគ្គិសនីកម្ពុជាឈរលេខរៀងទី១១មាន១០ពិន្ទុ ខណៈភ្នំពេញក្រោនឈរលេខរៀងទី៧មាន១៥ពិន្ទុ។ តែយ៉ាងណា គេកត់សម្គាល់ឃើញថា អគ្គិសនីកម្ពុជាជាក្រុមខ្លាំងក្នុងទឹកដី ជាក់ស្តែងពេលទទួលភ្ញៀងជើងខ្លាំងព្រះខ័នរាជស្វាយរៀងពួកគេរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com