ភ្នំពេញ៖ ស្មៅអ៊ីស្រាអែល ឬ ស្មៅផ្អែម កំពុងក្លាយជាដំណាំដ៏ពេញនិយមសម្រាប់អ្នកចិញ្ចឹមសត្វគោនៅកម្ពុជា។ បើតាមអ្នកជំនាញ ស្មៅនេះមានប្រូតេអ៊ីន២០ភាគរយ សម្រាប់ការលូតលាស់របស់គោ បើធៀបនឹងស្មៅធម្មតា និងចំបើងមានសារធាតុចិញ្ចឹមត្រឹម៥ភាគរយ។ ម្យ៉ាងវិញទៀត វាជាប្រភេទស្មៅដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងទទួលបានទិន្នផលច្រើន ដោយមានអាយុកាលលូតលាស់រហូត១០ឆ្នាំ ក្នុងការដាំម្តងៗ។
នៅលើផ្ទៃដីជិតមួយហិកតានៅខេត្តរតនគិរី លោក ហេង តារា បានពង្រីកការដាំដុះស្មៅអ៊ីស្រាអែល ឬស្មៅផ្អែម កាលពីដើមឆ្នាំកន្លងមក។ លោកគ្រោងពង្រីកឲ្យដល់៣០ហិកតា ប្រសិនបើបានទិន្នផលល្អ។
បច្ចុប្បន្ន ម្ចាស់កសិដ្ឋាននៅភាគឦសានរូបនេះ ចិញ្ចឹមកូន-មេគោជាង៧០ក្បាល ហើយគ្រោងពង្រីកចំនួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅកម្ពុជា ពិសេសការបង្កាត់ពូជ និងការចិញ្ចឹមលក់សាច់។
លោក តារា បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey ថាស្មៅអ៊ីស្រាអែល ងាយស្រួលដាំ ដោយដាំបានគ្រប់ខែ ពិសេសក្នុងអំឡុងប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង បើធៀបបៀបនឹងពូជស្មៅបរទេសមួយចំនួន វាមានភាពងាយស្រួលជាង។
បុរសវ័យ៣៨ឆ្នាំរូបនេះ បានបន្ថែមថា៖ «ការដាំស្មៅអ៊ីស្រាអែល មិនចាំបាច់ប្រើថ្នាំការពារឬជំនួយអ្វីឡើយ។ ប៉ុន្តែបើយើងមានលាមកគោស្រាប់ យើងដាក់ទៅលើដីដាំស្មៅទាំងនោះ ក៏ធ្វើឱ្យស្មៅយើងល្អប្រសើរដែរ។ ស្មៅនេះមានរសជាតិផ្អែម និងមានសារធាតុចិញ្ចឹម២០ទៅ២៥ភាគរយដែលល្អសម្រាប់ការលូតលាស់របស់គោគ្រប់ប្រភេទ មិនថាគោចិញ្ចឹមយកសាច់ គោចិញ្ចឹមយកទឹកដោះ និងគោចិញ្ចឹមទុកធ្វើមេបា នោះទេ»។
បើតាមអ្នកជំនាញចិញ្ចឹមគោ ស្មៅអ៊ីស្រាអែលនេះ បាននាំចូលពីថៃ ដែលអាចឲ្យគោស៊ីបានជាមធ្យម៥គីឡូក្រាមក្នុងមួយថ្ងៃ។ សម្រាប់ស្មៅនេះ គេអាចឲ្យគោស៊ីសុទ្ធតែម្តង ឬលាយជាមួយស្មៅធម្មតា លាយជាចំបើងក៏បានដែរ។ លោកបានបញ្ជាក់ថា៖«ស្មៅនេះអាចឱ្យគោស៊ីបានលក្ខណៈវិលជុំក្នុងរយៈពេល១០ឆ្នាំនៃការដាំម្តង»។
លើផ្ទៃដីជិតកន្លះហិកតា នៅភូមិសាស្ត្រ ស្រុកកោះញែក ខេត្តមណ្ឌលគិរី លោក មួយ រ៉ាដូ ក៏បានដាំស្មៅផ្អែមអ៊ីស្រាអែល សម្រាប់ឲ្យគោស៊ី និងសម្រាប់ធ្វើពូជស្មៅផងដែរ។ លោកបានអះអាងថា ក្រៅពីមានប្រូតេអ៊ីនច្រើន ស្មៅប្រភេទនេះ ក៏មានជាតិរ៉ែ និងជាតិស្ករពី៧ទៅ១២ភាគរយទៀត សម្រាប់ការលូតលាស់លឿនរបស់គោ។
លោក មួយ រ៉ាដូ អ្នកដាំស្មៅអ៊ីស្រាអែល នៅខេត្តមណ្ឌលគិរី
លោកគូសបញ្ជាក់ថា គោដែលបានស៊ីស្មៅអ៊ីស្រាអែលជាប្រចាំ ក្នុងរយៈពេលយ៉ាងយូរមួយឆ្នាំទៅមួយឆ្នាំកន្លះ វានឹងមានសាច់ពេញលេញ ឆ្អឹងធំ អាចលក់បាន ប៉ុន្តែគោដែលស៊ីស្មៅធម្មតា ស៊ីដើមពោត និងចំបើង មានរយៈពេលជិត៣ឆ្នាំទើបអាចយកទៅលក់បាន។
«មូលហេតុដែលខ្ញុំសម្រេចចិត្តដាំស្មៅនេះ ដោយសារប្រភេទស្មៅនេះស្រួលដាំ ហើយមិនសូវត្រូវការទឹកច្រើន។ ពិសេសស្មៅនេះមានសារធាតុចិញ្ចឹមច្រើន ដែលឲ្យគោស៊ីទៅឆាប់ធំ»។ នេះជាការអះអាងរបស់កសិករក្នុងខេត្តមណ្ឌលគិរី ហើយកសិដ្ឋានរបស់លោក ក៏មានដាំស្មៅSorghum ដែលនាំចូលពីប្រទេសជប៉ុនផងដែរ។
មិនមែនតែនៅភូមិភាគឦសាននោះឡើយ លោក សន រតនា (រ៉ូប៊ែរ កសិករ) នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏រីករាយនឹងរបរលក់ពូជស្មៅអ៊ីស្រាអែលផងដែរ ដោយលោកបានចាប់ផ្តើមដាំស្មៅនេះ ឲ្យគោបា ៦ក្បាលរបស់លោកស៊ីតាំងចុងឆ្នាំ២០១៨ មក។
លោក សន រតនា អ្នកដាំ និងអ្នកលក់ពូជស្មៅអ៊ីស្រាអែល នៅសង្កាត់កោះដាច់ ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
បើតាម លោក រតនា ស្មៅនេះមានប្រភពដើមមកពីអ៊ីស្រាអែល ដោយលោកផ្ទាល់បាននាំយកបន្តពីថៃ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ លោកថា ស្មៅនេះ មានឈ្មោះជាភាសាអង់គ្លេស Sweet Grass ឬ King Grass។ ក្រៅពីដាំស្មៅអ៊ីស្រាអែល លោក រតនា ក៏ដាំស្មៅរុស្សី ស្មៅជប៉ុន (Sorghum) ផងដែរ។
មិនមែនតែសត្វគោនោះឡើយ មាន់ ជ្រូក សេះ ពពែ ត្រី ក៏មានការលូតលាស់ផងដែរក្រោយពេលស៊ីស្មៅប្រភេទនេះ។ «មានកសិករ ម្ចាស់កសិដ្ឋានចិញ្ចឹមគោធំៗនៅបណ្តាខេត្តនានាបានបញ្ជាទិញច្រើនពីខ្ញុំ។ ខ្ញុំផ្គត់ផ្គង់សឹងមិនទាន់ពួកគាត់ទេ ហើយពូជស្មៅនេះ មានរូបរាង និងលក្ខណៈដូចពូជអំពៅអ៊ីចឹង។ ខ្ញុំលក់ពូជស្មៅអ៊ីស្រាអែលនេះ ៣០០ទៅ៥០០រៀលក្នុងមួយកង់ ព្រមទាំងជួយប្រាប់ពីរបៀបដាំដុះ ដែលខ្ញុំចេះជូនពួកគាត់ទៀត ប្រសិនពួកគាត់តម្រូវការ»។ នេះជាការអះអាងរបស់លោក រតនា។
មិនត្រូវការទឹកច្រើន តែស្មៅអ៊ីស្រាអែលលូតលាស់ និងផ្តាច់ច្រូតបាន ក្រោយដាំពី១ខែ ទៅ១ខែកន្លះ ហើយលក្ខណៈពិសេសមួយទៀត គឺវាទន់ បែកគុម្ពលឿន (ដើមមួយវាអាចបែបទៅជា១០) ហើយទោះជាមានទឹកលិចក៏វានៅរស់ដែរ។
លោក សួម សុវណ្ណ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបន្ថែមថា ក្រៅពីច្រូតឲ្យស៊ីភ្លាមៗ ដែលគេហៅថាស៊ីឆៅ ឬស្មៅស្រស់ គេក៏អាចផ្អាប់រក្សាទុកឲ្យគោស៊ីបានដែរ។
លោក សួម សុវណ្ណ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ
អ្នកជំនាញរូបនេះបានពន្យល់ថា៖ « ធម្មតា ស្មៅផ្អាប់ជាប្រភេទស្មៅម្យ៉ាងដែលយើងយកស្មៅស្រស់ទៅរក្សាទុកឲ្យ បឺតខ្យល់ចេញ-ចូល ដោយទុកក្នុងរយៈពេលពី៧ទៅ១០ថ្ងៃ យើងអាចយកឲ្យគោស៊ីបាន ហើយសារជាតិនៅក្នុង ស្មៅនោះ គឺជួយដល់សត្វគោឲ្យមានការលូតលាស់ល្អ និងធំធាត់លឿនដូចស៊ីស្មៅឆៅអ៊ីចឹងដែរ»។
លោកបានបន្តថាស្មៅនេះ បើគិតត្រឹមឆ្នាំ២០១៨ នេះ អាចផ្គត់ផ្គង់បានគ្រប់រាជធានី-ខេត្តហើយ។ បច្ចុប្បន្ន នៅខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋ ជាង២០ភាគរយ បានស្គាល់ស្មៅនេះ និងដាំដុះលើទំហំដីធំ-តូចទៅតាមលទ្ធភាព។
«បើយើងដាំលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយខ្នាតធំ យើងត្រូវប្រើចន្លោះគុម្ពស្មៅនីមួយៗ ពី៥០ទៅ៨០សង់ទីម៉ែត្រ និងចន្លោះរោងពី៨០ទៅ១២០សង់ទីម៉ែត្រ ព្រោះស្មៅនេះវាឆាប់បែបគុម្ព និងមានគុម្ពធំៗ។ ប៉ុន្តែបើដាំលក្ខណៈគ្រួសារ យើងអាចដាំចន្លោះនីមួយៗពី៤០ទៅ៥០សង់ទីម៉ែត្រ និងចន្លោះរោងពី៥០ទៅ៦០សង់ទីម៉ែត្រ»។ នេះយោបល់ណែនាំរបស់លោក សួម សុវណ្ណ ដោយផ្អែកតាមបទពិសោធន៍ និងការអនុវត្តផ្ទាល់ខ្លួន។
មន្ត្រីជំនាញបានបញ្ជាក់ទៀតថា ជាទូទៅសម្រាប់ផ្ទៃដី២៥ម៉ែត្របួនជ្រុងដែលដាំស្មៅផ្អែមអ៊ីស្រាអែល ប្រជាពលរដ្ឋចំណាយប្រាក់យ៉ាងច្រើនបំផុតត្រឹម៣០ម៉ឺនរៀល។ ការចំណាយនេះ គឺទៅលើការទិញពូជ ទិញសម្ភារៈស្រោចស្រព និងចំណាយទៅលើការភ្ជួររាស់ដីប៉ុណ្ណោះ ហើយប្រភេទស្មៅនេះដាំតែមួយដង ប៉ុន្តែអាចឲ្យគោស៊ីបានរាប់ឆ្នាំ៕