កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី​៖ បើ​មិន​យកចិត្តទុកដាក់​លើ​ថ្នាល កីឡា​កម្ពុជា​មិនអាច​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​ឡើយ​
15, Jun 2019 , 8:29 pm        
រូបភាព
លោក​ កែវ រ៉េមី ថ្លែងក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ
លោក​ កែវ រ៉េមី ថ្លែងក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ
ដោយ:
​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ដែល​ឲ្យ​តម្លៃ​ខ្ពស់​លើ​យុវជន​ថ្នាល ជឿជាក់ថា កីឡា​មួយ​មិនអាច​ជោគជ័យ​បានឡើយ បើ​គ្មាន​ការយកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​យុវជន​ថ្នាល​។ ព្រោះ​ការហ្វឹកហាត់​ពី​ក្មេង​ជួយ​ឲ្យ​យុវជន​មាន​បច្ចេកទេស​ល្អ​ជាង​ហ្វឹកហាត់​ពេល​ពួកគេ​ពេញវ័យ​។ ការលើកឡើង​របស់​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ កាលពី​ថ្ងៃទី​១៣ មិថុនា​។

 
​កីឡា​បើ​មិន​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​យុវជន​ថ្នាល គឺ​មិនអាច​ប្រកួតប្រជែង​ឬ​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ​បានឡើយ​។ នេះ​ជាការ​យល់ឃើញ​របស់លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ដែល​តម្លៃ​ខ្ពស់​ការបណ្តុះបណ្តាល​ថ្នាល​យុវជន​។ សម្រាប់​លោក ការហ្វឹកហាត់​ពេល​ពេញវ័យ មិនសូវមាន​ប្រសិទ្ធិភាព​ដូច​ការហ្វឹកហាត់​នៅ​ក្មេង​ឡើយ​។ ព្រោះ​ការហ្វឹកហាត់​នៅ​ក្មេង​ជួយ​កីឡាករ​មាន​បច្ចេកទេស និង​សមត្ថភាព​ខ្ពស់ ពេល​ពួកគេ​ពេញវ័យ​។   


 
«​ការបណ្តុះ​ថ្នាល​មាន​សារសំខាន់​ខ្លាំងណាស់ និយាយ​ឲ្យ​ចំ​ជា​អ្នក​បន្តវេន​។ កីឡា​បើ​យើង​មិន​យកចិត្តទុកដាក់​ថ្នាល​ដល់​កូនតូចៗ ដែលជា​អ្នក​បន្តវេន​ទេ គឺ​មិនអាច​ដណ្តើម​ជើងឯក​នៅលើ​ពិភពលោក ឬក៏​ប្រកួត​នៅ​ខាងក្រៅ ដើម្បី​ដណ្តើមយក​មុខមាត់​ជូន​ជាតិ​មាតុភូមិ​បានទេ​។ រៀមច្បង​ចាស់ៗ​នៅពេល​គាត់​ចាស់​ទៅលេង​រួច យើង​អត់​មាន​អ្នក​ជំនួស​នោះទេ ដូច្នេះ​ថ្នាល​មាន​សារសំខាន់​»​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ រ៉េមី ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើ​វិញ្ញាសា​តេ​ក្វាន់​ដូ ITF កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​។​


 
​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ គាំទ្រ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​យ៉ាង​ពេញទំហឹង ចំពោះ​ការយកចិត្ត​ទុក​លើ​ការបណ្តុះបណ្តាល​ថ្នាល និង​បង្កើត​ឲ្យ​មានការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​១​នេះ​។ ព្រឹត្តិការណ៍​នេះ គឺជា​ជំហាន​មួយ​ដ៏​ល្អ​ក្នុងការ​ឈានទៅរក​ភាពជោគជ័យ​សម្រាប់​វិស័យ​កីឡា​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត​។ ហើយ​វារឹតតែ​ល្អ បើ​ក្រសួង​អប់រំ បង្កើត​ឲ្យ​មានការ​ប្រកួត​បែបនេះ​កម្រិត​មធ្យមសិក្សា​និង​សាកលវិទ្យាល័យ​បន្ថែមទៀត​។​


 
​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អាស៊ីអាគ្នេយ៍​រូបនេះ​ជឿជាក់ថា តាមរយៈ​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​កាន់តែច្រើន ពិសេស​បង្កើត​ធនធាន​កីឡាករ​ដ៏​សម្បូរបែប​សម្រាប់​វិស័យ​កីឡា​កម្ពុជា​។ ជាមួយ​ការវាយតម្លៃ​ខ្ពស់​លើ​ការរៀបចំ និង​សមត្ថភាព​រីកចម្រើនរ​បស់​កីឡាករ​កីឡាការិនី លោក កែវ រ៉េមី បាន​បញ្ជាក់ថា យុវជន​ដែល​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​១ អាច​នឹងត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើជា​យុវ​ថ្នាល​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​។ 


 
​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ​នៅ​ទីលាន​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ អត្ត​ព​លិ​ក​ខេត្តស្ទឹងត្រែង លេចធ្លោ​ជាងគេ​លើ​វិញ្ញាសា​កីឡា​តេ​ក្វាន់​ដូ ITF បន្ទាប់ពី​ពួកគេ​ដណ្តើមបាន​មេដាយមាស​៤ ប្រាក់​៤ និង​សំរឹទ្ធ​១​។ តាមរយៈ​មេដាយ​ទាំងនេះ ជួយ​ខេត្ត​ត្បូងឃ្មុំ​ឈរ​ចំណាត់ថ្នាក់​លេខ​១ ខណៈ​កំពង់ស្ពឺ​ឈរ​លេខ​២​ក្រោយ​ឈ្នះ​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធ​៣ និង​ប៉ៃលិន​ឈរ​លេខ​៣​ក្រោយ​ឈ្នះ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​១​។   
 
​ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​មកពី​៨​រាជធានី​-​ខេត្ត​ចំនួន​៨១​រូប​(​ស្រី​៤០​រូប​)​ចូលរួម​ដោយ​ពួកគេ​ប្រកួតប្រជែង​គ្នា​លើ​១២​វិញ្ញាសា​៕  


 
 

Tag:
 តេ​ក្វាន់​ដូ ITF
  ត្បូងឃ្មុំ​
  កីឡា​សិស្ស​ថ្នាក់ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com