កីឡាជាតិ
ជាតិ
កីឡាករ​លំដាប់​ពិភពលោក​ជាង​១០០​នាក់ នឹងចូលរួម​ប្រណាំង​កង់ ដើម្បី​ផ្សព្វផ្សាយ​តំបន់ឆ្នេរ​កម្ពុជា​
16, Jun 2019 , 9:59 am        
រូបភាព
ដោយ:
​កីឡាករ​អាជីព​លំដាប់​ពិភពលោក​ជាង​១០០​នាក់ នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុ​ជានា​ខែមករា ឆ្នាំ​២០២០ ខាងមុខ​។ ព្រឹត្តិការណ៍​នេះ គឺ​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា​។ អ្នកជំនាញ​មកពី​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ​(UCI) អះអាងថា ព្រឹត្តិការណ៍​នេះ​មាន​ដើមកំណើត​នៅ​ម៉ាឡេស៊ី ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​នេះ​ប្រើ​ជា​ឧបករណ៍ ដើម្បី​ស្តារ​វិបត្តិ​ភ្ញៀវទេសចរ​។

 
​នៅ​ដើមខែ​មករា ឆ្នាំ​២០២០​ខាងមុខ ក្រសួងទេសចរណ៍ នឹង​សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក្រោម​ជំនួយ​បច្ចេក​ពី​អ្នកជំនាញ​មកពី​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។ ការរៀបចំ​លើកដំបូង​នេះ​ដោយ​ឆ្លងកាត់​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន​៤​រួមមាន​កោះកុង កំពត កែប​និង​ព្រះសីហនុ ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៥០០​គីឡូម៉ែត្រ​។​
 
​បើតាម​លោក វ៉ា​ត់ ចំរើន រដ្ឋលេខា​ក្រសួងទេសចរណ៍ កីឡាករ​ប្រណាំង​កង់​អាជីព​លំដាប់​ពិភពលោក​មកពី​២០​ប្រទេស​ជាង​១០០​នាក់​នឹង​ប្រកួតប្រជែង​គ្នា ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។ កម្ពុជា​នឹង​ជ្រើសរើស​កីឡាករ​ខ្លាំងៗ​របស់ខ្លួន​ឲ្យ​ចូលរួម​ប្រកួត​ផងដែរ​។ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា​ក្នុងការ​ដកស្រង់​បទពិសោធ ក៏ដូចជា​សិក្សា​បច្ចេកទេស​ពី​កីឡាករ​អាជីព​កម្រិត​ខ្ពស់​ទាំងនេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព សម្រាប់​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​។​


 លោក វ៉ាត់ ចំរើន
​លើសពីនេះ​វា​នឹង​ក្លាយជា​ចលករ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​ពី​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា ពិសេស​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​មក​កម្ពុជា​កាន់តែច្រើន​។ តាមរយៈ​កីឡាករ​អាជីព​ទាំងនេះ នឹង​ជួយ​ទាក់ទាញ​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ​ជុំវិញ​ពិភពលោក ឲ្យ​មក​កម្ពុជា​ដើម្បី​ចុះផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​។ 
 
​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​កំពុង​ក្លាយជា​ចលនា​ថ្មី​មួយ ដែល​ពិភពលោក​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅ​ទស្សនា​ប្រទេស​របស់​ពួកគេ​។ បើតាម​លោក វ៉ា​ត់ ចំរើន ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ បានរួម​ចំណែក​ពី​១០​ទៅ​២០​ភាគរយ​ក្នុង​ការជួយ​ទាក់ទាញ​ភ្ញៀវទេសចរ ព្រោះ​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​មួយ មិនមែន​មានតែ​កីឡាករ​នោះទេ ដោយ​ពួកគេ​បាន​នាំ​គ្រួសារ មិត្តភក្តិ និង​ក្រុមការងារ​ជាដើម​។ 
 
​មន្ត្រី​ជំនាញ​មកពី UCI លោក Orisa Bin Baharun ដែលមាន​បទពិសោធ​រៀ​ប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​កម្រិត​អាជីព​ចំនួន​១៩​ឆ្នាំ​បាន​អះអាងថា ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​ត្រូវបាន​រៀបចំ​លើកដំបូង​បំផុត​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ពេលនោះ​ពួកគេ​ជួប​វិបត្តិ​រឿង​ភ្ញៀវទេសចរ​។ តាមរយៈ​ព្រឹត្តិការណ៍​នេះ វា​បាន​ជួយ​ប្រែ​មុខមាត់​ម៉ាឡេស៊ី​ពី​ប្រទេស​ខ្សត់​ភ្ញៀវទេសចរ ឲ្យ​មកជា​ប្រទេស​មាន​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ​។ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​ម៉ាឡេស៊ី និង​បណ្តា​ប្រទេស​លើ​ពិភពលោក​ជាច្រើន​បាននាំគ្នា​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​បន្តបន្ទាប់​។ 


 លោក Orisa Bin Baharun (ស្តាំ)ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅនៅទីស្នាក់ការ NOCC

​ដោយ​មើលឃើញ​ពី​សារសំខាន់ លោក Bruno Bodard អគ្គនាយក​សមាគម​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​លើ​ពិភពលោក ដែល​បានមក​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានផ្តល់​គំនិត​ឲ្យ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឲ្យ​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។ ហើយ​នៅ​នោះ លោក ថោង ខុន ក៏​ឯកភាព​តាម​គំនិត​របស់លោក​តែម្តង​។ 


 លោក Bruno Bodard ពេលចូលរួមសន្និសីទសារព័ត៌មានការប្រណាំងពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា

​លោក នី ផល្លី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៤-៦ ខែមករា ឆ្នាំ​២០១៩ ដោយ​បែង​ចែកជា​៣​ដំណាក់កាល​។ ដំណាក់កាល​ទី​១​នៅ​ថ្ងៃទី​៤ មករា ដោយ​ចេញដំណើរ​ពី​រមណីយដ្ឋាន​តារា​សាគរ​ខេត្តកោះកុង​ឆ្លង​រង្វង់​មូល​សាយ​ភូ​ថង​ឆ្ពោះទៅ​ទី​រួម​ខេត្តកោះកុង​ដែលមាន​ចំណាយ​សរុប​១៣៩​គីឡូម៉ែត្រ រីឯ​ដំណាក់កាល​ទី​២​នៅ​ថ្ងៃទី​៥ មករា ដោយ​ចេញដំណើរ​ពី​រង្វង់​មូល​រមណីយដ្ឋាន​តារា​សាគរ ឆ្លងកាត់​ផ្លូវបំបែក​ស្រែអំបិល ឆ្ពោះទៅ​រង្វង់​មូល​វាលរិញ រួច​បន្តដំណើរ​ទៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ដែលមាន​ចម្ងាយ​១៧៤​គីឡូម៉ែត្រ ខណៈ​ដំណាក់កាល​ទី​៣ ដែលជា​ថ្ងៃ​ចុងក្រោយ​នៅ​ថ្ងៃទី​៦ មករា កីឡាករ​ត្រូវ​ចេញដំណើរ​នៅមុខ​សាលាខេត្ត​កែប ឆ្លងកាត់​រង្វង់​សេះស ឆ្ពោះទៅ​រង្វង់​មូល​ធុ​រេ​ន​ខេត្តកំពត រួច​បន្តដំណើរ​ទៅ​រង្វង់​មូល​វាលរិញ និង​បញ្ចប់​នៅ​រង្វង់​មូល​តោ​ពីរ​ខេត្ត​ព្រះសីហនុ ដោយនៅ​ទីនោះ​កីឡាករ​ត្រូវ​ជិះ​៣​ជុំ​ក្នុង​ខេត្ត​៕ 
 
 

Tag:
 បាល់ទាត់​
  វ៉ា​ត់ ចំរើន​
  Bruno Bodard
  Orisa Bin Baharun
© រក្សាសិទ្ធិដោយ thmeythmey.com