ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
អចលនទ្រព្យ
ដីធ្លី​៖ អ្នករកស៊ី​ខ្មែរ បត់​មិនទាន់​ចិន អាច​ប្រឈម​បញ្ហា​
16, Jun 2019 , 10:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នករកស៊ី​ចិន កំពុង​នាំមុខ​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ជាពិសេស​របត់​ថ្មីៗ​ក្នុង​ខេត្ត​ព្រះសីហនុ​។ អ្នក​នៅក្នុង​ស្រុក មួយចំនួន​បាន​ផ្សារភ្ជាប់​ជោគវាសនា​ទៅ​ទីផ្សារ​ដែល​ចិន​កំពុងតែ​វាយលុក​នេះ​។ ត្រង់ចំណុច​នេះ អ្នកជំនាញ​អចលនទ្រព្យ​លោក គីម ហ៊ាង បាន​ទាញ​ការចាប់អារម្មណ៍​ថា ឥរិយាបទ​មួយ​របស់​ចិន​គឺ​ក្រឡុក​ទីផ្សារ​មួយ​ឆាវ ហើយ​អ្នក​បត់​មិនទាន់ នឹងត្រូវ​ជាប់ផុង​។ បើ​និយាយ​ពី​ឥទ្ធិពល​វិនិយោគ​របស់​ចិន​ដល់​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច លោក គីម ហ៊ាង ប្រាប់ថា​កម្ពុជា​ត្រូវ​ខំ​ទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​កុំ​ឲ្យ​ពឹងផ្អែក​ខ្លាំងពេក​លើ​វិនិយោគ​ចិន​។​


​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់ ឬ​អាន​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន Khmer Real Estate និង​ជា​ប្រធាន KW Cambodia ដូចតទៅ​នេះ​៖


 
 
​លោក ញ៉ុ​ង ហេង​៖ តើ​ចិន​វិនិយោគ​លើ​អ​ល​ចលនទ្រព្យ និង​សំណង់ នៅ​កម្ពុជា​សព្វថ្ងៃនេះ មាន​ឥរិយាបទ​ដូចម្ដេច​ដែរ​?
 
​លោក គីម ហ៊ាង​៖ ខ្ញុំ​អាច​និយាយបានថា​ចិន​ដែល​មករក​ស៊ី​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​គឺ​ពួកគេ​កំពុងតែ​ចាក​ចេញពី​ប្រទេស​មួយចំនួន​។ យុទ្ធសាស្ត្រ​របស់គាត់ គឺ​មក​លឿន ហើយ​នរណា​ខាត​ក៏​ខាត​ចុះ សំខាន់​គាត់​ចំណេញ ហើយ​យុទ្ធសាស្ត្រ​របស់គាត់​គឺ​មិនយូរ​អង្វែង ព្រោះ​គាត់​ទៅ​ប្រទេស​មួយចំនួន ទៅដល់​ទីនោះ​ភ្លាម​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ឡើង ចង់​និយាយថា​ក្រឡុក​មួយ​ឆាវ​ទៅ អ៊ីចឹង​ក៏​ឡើង​ទាំងអស់គ្នា​ទៅ អ្នកណា​ទប់​ជាប់​ក៏​ជាប់​ទៅ តែ​ទប់​មិន​ជាប់​ក៏​ធ្លាក់​ទៅ​។ ដូចនេះ​ខ្ញុំ​មើលឃើញថា​ទីផ្សារ​ណាក៏ដោយ​ដែល​ផ្ដោតទៅលើ​ចិន​តែមួយ​គឺ​ល្អ​ណាស់​ក្នុង​រយៈពេល​មាន​កម្រិត​, ៣​ឆ្នាំ ៥​ឆ្នាំ មិន​ដល់​១០​ឆ្នាំ​ទេ ព្រោះ​ឥរិយាបទ​រកស៊ី​ក្នុង​វិស័យ​ដីធ្លី​របស់​ចិន​មក​លឿន​ទៅ​ក៏​លឿន​ដែរ​។​
 
​លោក ញ៉ុ​ង ហេង​៖ តើ​ឥរិយាបទ​មករក​ស៊ីរ​បស់​ចិន​ក្នុង​វិស័យ​ដីធ្លី ចូល​លឿន ចេញ​លឿន ជះឥទ្ធិពល​បែបណា​ខ្លះទៅ​?
 
​លោក គីម ហ៊ាង​៖ វា​ល្អ​សម្រាប់​រយៈពេល​ខ្លី សម្រាប់​បុគ្គល​ដែល​ឆក់​ឱកាស​មួយ​ប្រាវ ធ្វើ​អ្នក​មានបាន​គឺ​បាន​ហើយ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​បត់បែន​មិនទាន់​ទេ គ្រិច​ក​មិន​ខាន​។ ឧទាហរណ៍​ខ្មែរ​លក់​ដី​ហ្នឹង ១០០​ដុល្លារ ឲ្យ​ចិន ថ្ងៃក្រោយ​ខ្មែរ​មក​ទិញ ចិន​លក់​២០០​ដុល្លារ ក្រោយមក​ខ្មែរ​លក់​ឲ្យ​ចិន​៣០០​ដុល្លារ ក្រោយមកទៀត​ចិន​លក់​ឲ្យ​ខ្មែរ​៤០០​ដុល្លារ អា​តម្លៃ​៤០០​នេះ​គឺជា​ប់​ហើយ (​គាំង​)​។ 
 
​ហើយ​បទពិសោធន៍​ខ្ញុំ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចិន ជា​ទម្លាប់​មួយ​ចិន​តែងតែ​ដាក់​លុយ​លើស​។ ឧទាហរណ៍​គាត់​នាំ​ភ្ញៀវ​ចិន​គ្នា​គាត់​មក​ទិញ​ដី យើង​លក់​ឲ្យ​គាត់​តែ​១​ម៉ែត្រក្រឡា​តែ​១០០​ដុល្លារ តែ​គាត់​ដាក់​តម្លៃ ១២០​ដុល្លារ ១៣០​ដុល្លារ ខុសពី​ក្រុមហ៊ុន​ក្នុងស្រុក ដែល​មិន​ធ្វើ​ដូចនេះ​ទេ គឺ​យើង​ស៊ី​តែ​កម្រៃជើងសារ​ប៉ុណ្ណោះ​។ នេះ​ជា​ឥរិយាបទ​មួយ​ដែលមាន​ផល​អវិជ្ជមាន​សម្រាប់​វិស័យ​ដីធ្លី​កម្ពុជា​ក្នុង​រយៈពេល​យូរអង្វែង ព្រោះ​ខ្មែរ​យើង​មាន​គោលជំហរ​ស្មោះត្រង់ តែ​ពេល​រកស៊ី​ជាមួយ​ចិន​យូរៗ​ទៅ​បុគ្គលិក​មួយចំនួន​ចង់​មិន​ចង់​យកតាម​ចិន ដោយ​លក់​អចលនទ្រព្យ​ដាក់​តម្លៃ​ពីលើ​។​
 
​លោក ញ៉ុ​ង ហេង​៖ ដោយឡែក​សម្រាប់​សេដ្ឋកិច្ច និង​វិស័យ​អចលនទ្រព្យ នឹងរង​ផលប៉ះពាល់​ទេ ពី​ការ​ប៉ោង​ឡើង​ទីផ្សារ​ដីធ្លី​នេះ​?
 
​លោក គីម ហ៊ាង​៖ បើ​ចង់​និយាយថា​ចិន​ក្រឡុក​មួយ​ប្រាវ តើ​ប៉ះពាល់​លក្ខណៈ​ម៉ាក្រូ​ដែរ ឬ​អត់ គឺ​អាស្រ័យ​គោលនយោបាយ​រដ្ឋាភិបាល​។ ខ្ញុំ​អាច​និយាយថា​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៨ អ្នករកស៊ី​ដីធ្លី​ក្នុងស្រុក​ខ្មែរ​ច្រើនជាងគេ​គឺ​កូរ៉េ​។ កាលនោះ​ធនធានមនុស្ស ចំណេះដឹង​ប្រជាពលរដ្ឋ​នៅមានកម្រិត ហើយ​ពេលនោះ​ឆ្នាំ​២០០៨ កូរ៉េ​ដក​ទៅវិញ យើង​ចង់​ដួល​។ តែ​បច្ចុប្បន្ន​អ្នករកស៊ី​ដីធ្លី ច្រើន​ជា​ចិនដីគោក​។ អ៊ីចឹង​បើ​យើង​មាន​គោលនយោបាយ​ទាក់ទាញ​វិនិយោគិន​មកពី​ច្រើន​ប្រទេស ទោះជា​ចិន​ដក​វិនិយោគ​ទៅវិញ​ក៏​អត់​បញ្ហា​ដែរ តែបើ​យើង​យក​ចិន​ជា​គោល​ធំ​រហូតដល់ ៥០ ឬ​៦០​ភាគរយ ពេល​ដក​ទៅវិញ​យើង​ប្រាកដជា​ពិបាក​។ 
 
​នៅពេលដែល​ច្បាប់​ប្រទេស​យើង​រឹងមាំ គឺ​គាត់​នឹង​ដក​ទៅវិញ​បណ្ដើរ ៗ​។ មានន័យថា​ពេល​ច្បាប់​យើង​តឹងតែង ពន្ធដារ​តឹងតែង ចរន្តទឹក​ប្រាក់​តឹងតែង គ្រប់គ្រង​តឹងតែង គឺ​គាត់​ពិបាក​រកស៊ី ហើយ​ប្រទេស​ដែលមាន​ច្បាប់​តឹងរ៉ឹង​ខ្លាំង ចិន​មិន​ហ៊ាន​ទៅ​ក្រឡុក​ទេ តែ​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ដូច​ខ្មែរ​យើង គឺ​គាត់​ចូលចិត្ត​មក ព្រោះ​ឱកាស​គាត់​មក​មួយ​ប្រាវ​គឺ​រកលុយ​បាន​ច្រើន​។ ទីផ្សារ​ខ្មែរ​យើង​បច្ចុប្បន្ន​គឺ​ល្អ​សម្រាប់​ចិន ច្រើនជាង​កូរ៉េ ឬ​ជប៉ុន ប៉ុន្តែ​រយៈពេល​៥​ឆ្នាំក្រោយ​ជប៉ុន​មក​ខ្មែរ​ច្រើន​វិញ ព្រោះ​ជប៉ុន​ជា​ប្រទេស​ចំណាយពេល​១០​ឆ្នាំ​សិក្សា តែ​រកស៊ី​១០០​ឆ្នាំ​។ 
​លោក ញ៉ុ​ង ហេង​៖ ចុះបើ​គេ​សួរ​ត្រឡប់​វិញ​ថា រដ្ឋាភិបាល​កន្លងមក​អះអាងថា​កម្ពុជា​បើកចំហរ​រួចហើយ អ្នកវិនិយោគ​ពី​ប្រទេស​ណា​មក​ក៏បាន តែបើ​ជាក់ស្ដែង​វិនិយោគ​ចិន​មក​ច្រើន ឲ្យ​ធ្វើ​ដូចម្ដេច​?
 
​លោក គីម ហ៊ាង​៖ បើកចំហរ​របស់​យើង​នៅមានកម្រិត​។ យើង​ត្រូវតែមាន​ក្រុម​ជំរុញ​ការវិនិយោគ​ពី​ជប៉ុន កូរ៉េ សាំង​ហ្គា​ពួរ អឺរ៉ុប អាមេរិក​។ បើ​យើង​ជំរុញ​ពួកគេ​មក​កាន់តែច្រើន គឺមាន​តម្លាភាព​តែម្ដង​។ បច្ចុប្បន្ន​ខ្ញុំ​ឃើញ​វិនិយោគ​ចិន​មក​ច្រើន​មែនទែន ច្រើន​លើស តែ​ប្រទេស​ផ្សេង​ចូលមក​គឺ​អត់​សូវ​មាន​។ យើង​ស្វាគមន៍​វិនិយោគ​ចិន មក​ច្រើនជាង​នេះ​ក៏បាន តែ​កុំ​ភ្លេច​វិនិយោគ​មកពី​ប្រទេស​ផ្សេងៗ​ទៀត​។​
 
​លោក ញ៉ុ​ង ហេង​៖ ខ្ញុំ​ចង់​ងាក​ទៅ​ព្រះសីហនុ​បន្តិច​ដែល​ចិន​សម្រុក​ទៅ​ទីនោះ​ច្រើន ហើយ​ទីផ្សារ​អចលនទ្រព្យ​ក៏​ហក់​ឡើង​ខ្លាំង​ដែរ​។ តើ​លោក​មាន​ចំណាប់អារម្មណ៍​បែបណា​? 
 
​លោក គីម ហ៊ាង​៖ ចិន​ទៅ​ព្រះសីហនុ​ច្រើន ព្រោះ​តំបន់​នេះ​ឆ្ងាយ​ពី​រដ្ឋបាល​ដែល​នៅ​ភ្នំពេញ ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​របស់​អ្នកធំ ឆ្ងាយ​ពី​ឱ​កា​វិនិយោគ​របស់​ជនជាតិ​ផ្សេងៗ ដូចនេះ​នៅ​កំពង់សោម​នេះ គាត់​ចង់​ម៉ៅ​យកតែ​ម្ដង​។ 
 
​ផ្ទះ​១​ល្វែង កាលពី​៥​ឆ្នាំមុន​ជួល​តែ​៥០០​ដុល្លារ​ទេ តែ​ចិន​ចូលមក​ឲ្យ​២០០០​ដុល្លារ ខ្មែរ​ក៏​ជួល​ឲ្យ​ចិន ហើយ​ចិន​បន្ត​ឲ្យ​ចិន​គ្នា​គេ​បាន​៣៥០០​ដុល្លារ អ៊ីចឹង​តម្លៃ​ជួល​នៅ​កំពង់សោម​សព្វថ្ងៃ​គឺ​ឡើង​ហួស​ពី​ការពិត​។ ក្នុង​រយៈពេល​ខ្លី​ម្ចាស់​ដែល​ជួល​ទាំង​នោះបាន​លុយ​ច្រើន តែ​សម្រាប់​រយៈពេល​ខ្លី​ទេ ព្រោះ​នៅពេល​សំណង់​ខុន​ដូ ស​ណ្ឋ​គារ ផ្សារ​ទំនើប សំណង់​ផ្សេងៗ​សង់​រួចហើយ គឺ​ចិន​ឈប់​ជួល​ហើយ គេ​ទៅ​នៅ​ជុំគ្នា​គេ​។ 
 
​នៅ​កម្ពុជា​មិនទាន់មាន​ឆៃ​ណា​ថោ​ន (China Town) នោះទេ ហើយ​ស្ថានទូត​ចិន​ក៏​អត់​គាំទ្រ​ឲ្យ​មាន​ដែរ ប៉ុន្តែ​ប្រជាជន​យើង​មួយចំនួន​កំពុងតែ​ហៅ​តំបន់​នោះ​ជា China Town រួចទៅហើយ​។ អ៊ីចឹង​វា​ជា​បញ្ហា​មួយ គឺថា​តំបន់ China Town នេះ ថ្ងៃ​ណាមួយ​ចិន​នៅ​ពេញ​តែម្ដង អ្នកលក់ អ្នកទិញ អ្នក​ជួល អ្នក​ដើរលេង​សុទ្ធតែ​ចិន​ទាំងអស់ វា​កើត​ទៅជា​ទីក្រុង​ចិន​នៅ​កំពង់សោម​។ សម្រាប់​កម្ពុជា​គឺ​វា​អត់​ចំណេញ​សោះតែ​ម្ដង​៕
 
 

Tag:
 គីម ហ៊ាង​
  អចលនទ្រព្យ​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com