ភ្នំពេញ៖ អ្នករកស៊ីចិន កំពុងនាំមុខខ្លាំងក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ជាពិសេសរបត់ថ្មីៗក្នុងខេត្តព្រះសីហនុ។ អ្នកនៅក្នុងស្រុក មួយចំនួនបានផ្សារភ្ជាប់ជោគវាសនាទៅទីផ្សារដែលចិនកំពុងតែវាយលុកនេះ។ ត្រង់ចំណុចនេះ អ្នកជំនាញអចលនទ្រព្យលោក គីម ហ៊ាង បានទាញការចាប់អារម្មណ៍ថា ឥរិយាបទមួយរបស់ចិនគឺក្រឡុកទីផ្សារមួយឆាវ ហើយអ្នកបត់មិនទាន់ នឹងត្រូវជាប់ផុង។ បើនិយាយពីឥទ្ធិពលវិនិយោគរបស់ចិនដល់ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច លោក គីម ហ៊ាង ប្រាប់ថាកម្ពុជាត្រូវខំទាក់ទាញវិនិយោគពីប្រទេសផ្សេងៗទៀត ដើម្បីកុំឲ្យពឹងផ្អែកខ្លាំងពេកលើវិនិយោគចិន។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់ ឬអានបទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក គីម ហ៊ាង នាយកក្រុមហ៊ុន Khmer Real Estate និងជាប្រធាន KW Cambodia ដូចតទៅនេះ៖
លោក ញ៉ុង ហេង៖ តើចិនវិនិយោគលើអលចលនទ្រព្យ និងសំណង់ នៅកម្ពុជាសព្វថ្ងៃនេះ មានឥរិយាបទដូចម្ដេចដែរ?
លោក គីម ហ៊ាង៖ ខ្ញុំអាចនិយាយបានថាចិនដែលមករកស៊ីនៅកម្ពុជានាពេលថ្មីៗនេះគឺពួកគេកំពុងតែចាកចេញពីប្រទេសមួយចំនួន។ យុទ្ធសាស្ត្ររបស់គាត់ គឺមកលឿន ហើយនរណាខាតក៏ខាតចុះ សំខាន់គាត់ចំណេញ ហើយយុទ្ធសាស្ត្ររបស់គាត់គឺមិនយូរអង្វែង ព្រោះគាត់ទៅប្រទេសមួយចំនួន ទៅដល់ទីនោះភ្លាមធ្វើឲ្យតម្លៃដីធ្លីឡើង ចង់និយាយថាក្រឡុកមួយឆាវទៅ អ៊ីចឹងក៏ឡើងទាំងអស់គ្នាទៅ អ្នកណាទប់ជាប់ក៏ជាប់ទៅ តែទប់មិនជាប់ក៏ធ្លាក់ទៅ។ ដូចនេះខ្ញុំមើលឃើញថាទីផ្សារណាក៏ដោយដែលផ្ដោតទៅលើចិនតែមួយគឺល្អណាស់ក្នុងរយៈពេលមានកម្រិត, ៣ឆ្នាំ ៥ឆ្នាំ មិនដល់១០ឆ្នាំទេ ព្រោះឥរិយាបទរកស៊ីក្នុងវិស័យដីធ្លីរបស់ចិនមកលឿនទៅក៏លឿនដែរ។
លោក ញ៉ុង ហេង៖ តើឥរិយាបទមករកស៊ីរបស់ចិនក្នុងវិស័យដីធ្លី ចូលលឿន ចេញលឿន ជះឥទ្ធិពលបែបណាខ្លះទៅ?
លោក គីម ហ៊ាង៖ វាល្អសម្រាប់រយៈពេលខ្លី សម្រាប់បុគ្គលដែលឆក់ឱកាសមួយប្រាវ ធ្វើអ្នកមានបានគឺបានហើយ ប៉ុន្តែចំពោះអ្នកដែលបត់បែនមិនទាន់ទេ គ្រិចកមិនខាន។ ឧទាហរណ៍ខ្មែរលក់ដីហ្នឹង ១០០ដុល្លារ ឲ្យចិន ថ្ងៃក្រោយខ្មែរមកទិញ ចិនលក់២០០ដុល្លារ ក្រោយមកខ្មែរលក់ឲ្យចិន៣០០ដុល្លារ ក្រោយមកទៀតចិនលក់ឲ្យខ្មែរ៤០០ដុល្លារ អាតម្លៃ៤០០នេះគឺជាប់ហើយ (គាំង)។
ហើយបទពិសោធន៍ខ្ញុំធ្វើការជាមួយក្រុមហ៊ុនចិន ជាទម្លាប់មួយចិនតែងតែដាក់លុយលើស។ ឧទាហរណ៍គាត់នាំភ្ញៀវចិនគ្នាគាត់មកទិញដី យើងលក់ឲ្យគាត់តែ១ម៉ែត្រក្រឡាតែ១០០ដុល្លារ តែគាត់ដាក់តម្លៃ ១២០ដុល្លារ ១៣០ដុល្លារ ខុសពីក្រុមហ៊ុនក្នុងស្រុក ដែលមិនធ្វើដូចនេះទេ គឺយើងស៊ីតែកម្រៃជើងសារប៉ុណ្ណោះ។ នេះជាឥរិយាបទមួយដែលមានផលអវិជ្ជមានសម្រាប់វិស័យដីធ្លីកម្ពុជាក្នុងរយៈពេលយូរអង្វែង ព្រោះខ្មែរយើងមានគោលជំហរស្មោះត្រង់ តែពេលរកស៊ីជាមួយចិនយូរៗទៅបុគ្គលិកមួយចំនួនចង់មិនចង់យកតាមចិន ដោយលក់អចលនទ្រព្យដាក់តម្លៃពីលើ។
លោក ញ៉ុង ហេង៖ ដោយឡែកសម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ នឹងរងផលប៉ះពាល់ទេ ពីការប៉ោងឡើងទីផ្សារដីធ្លីនេះ?
លោក គីម ហ៊ាង៖ បើចង់និយាយថាចិនក្រឡុកមួយប្រាវ តើប៉ះពាល់លក្ខណៈម៉ាក្រូដែរ ឬអត់ គឺអាស្រ័យគោលនយោបាយរដ្ឋាភិបាល។ ខ្ញុំអាចនិយាយថាពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ អ្នករកស៊ីដីធ្លីក្នុងស្រុកខ្មែរច្រើនជាងគេគឺកូរ៉េ។ កាលនោះធនធានមនុស្ស ចំណេះដឹងប្រជាពលរដ្ឋនៅមានកម្រិត ហើយពេលនោះឆ្នាំ២០០៨ កូរ៉េដកទៅវិញ យើងចង់ដួល។ តែបច្ចុប្បន្នអ្នករកស៊ីដីធ្លី ច្រើនជាចិនដីគោក។ អ៊ីចឹងបើយើងមានគោលនយោបាយទាក់ទាញវិនិយោគិនមកពីច្រើនប្រទេស ទោះជាចិនដកវិនិយោគទៅវិញក៏អត់បញ្ហាដែរ តែបើយើងយកចិនជាគោលធំរហូតដល់ ៥០ ឬ៦០ភាគរយ ពេលដកទៅវិញយើងប្រាកដជាពិបាក។
នៅពេលដែលច្បាប់ប្រទេសយើងរឹងមាំ គឺគាត់នឹងដកទៅវិញបណ្ដើរ ៗ។ មានន័យថាពេលច្បាប់យើងតឹងតែង ពន្ធដារតឹងតែង ចរន្តទឹកប្រាក់តឹងតែង គ្រប់គ្រងតឹងតែង គឺគាត់ពិបាករកស៊ី ហើយប្រទេសដែលមានច្បាប់តឹងរ៉ឹងខ្លាំង ចិនមិនហ៊ានទៅក្រឡុកទេ តែប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចខ្មែរយើង គឺគាត់ចូលចិត្តមក ព្រោះឱកាសគាត់មកមួយប្រាវគឺរកលុយបានច្រើន។ ទីផ្សារខ្មែរយើងបច្ចុប្បន្នគឺល្អសម្រាប់ចិន ច្រើនជាងកូរ៉េ ឬជប៉ុន ប៉ុន្តែរយៈពេល៥ឆ្នាំក្រោយជប៉ុនមកខ្មែរច្រើនវិញ ព្រោះជប៉ុនជាប្រទេសចំណាយពេល១០ឆ្នាំសិក្សា តែរកស៊ី១០០ឆ្នាំ។
លោក ញ៉ុង ហេង៖ ចុះបើគេសួរត្រឡប់វិញថា រដ្ឋាភិបាលកន្លងមកអះអាងថាកម្ពុជាបើកចំហររួចហើយ អ្នកវិនិយោគពីប្រទេសណាមកក៏បាន តែបើជាក់ស្ដែងវិនិយោគចិនមកច្រើន ឲ្យធ្វើដូចម្ដេច?
លោក គីម ហ៊ាង៖ បើកចំហររបស់យើងនៅមានកម្រិត។ យើងត្រូវតែមានក្រុមជំរុញការវិនិយោគពីជប៉ុន កូរ៉េ សាំងហ្គាពួរ អឺរ៉ុប អាមេរិក។ បើយើងជំរុញពួកគេមកកាន់តែច្រើន គឺមានតម្លាភាពតែម្ដង។ បច្ចុប្បន្នខ្ញុំឃើញវិនិយោគចិនមកច្រើនមែនទែន ច្រើនលើស តែប្រទេសផ្សេងចូលមកគឺអត់សូវមាន។ យើងស្វាគមន៍វិនិយោគចិន មកច្រើនជាងនេះក៏បាន តែកុំភ្លេចវិនិយោគមកពីប្រទេសផ្សេងៗទៀត។
លោក ញ៉ុង ហេង៖ ខ្ញុំចង់ងាកទៅព្រះសីហនុបន្តិចដែលចិនសម្រុកទៅទីនោះច្រើន ហើយទីផ្សារអចលនទ្រព្យក៏ហក់ឡើងខ្លាំងដែរ។ តើលោកមានចំណាប់អារម្មណ៍បែបណា?
លោក គីម ហ៊ាង៖ ចិនទៅព្រះសីហនុច្រើន ព្រោះតំបន់នេះឆ្ងាយពីរដ្ឋបាលដែលនៅភ្នំពេញ ឆ្ងាយពីភ្នែកច្រមុះរបស់អ្នកធំ ឆ្ងាយពីឱកាវិនិយោគរបស់ជនជាតិផ្សេងៗ ដូចនេះនៅកំពង់សោមនេះ គាត់ចង់ម៉ៅយកតែម្ដង។
ផ្ទះ១ល្វែង កាលពី៥ឆ្នាំមុនជួលតែ៥០០ដុល្លារទេ តែចិនចូលមកឲ្យ២០០០ដុល្លារ ខ្មែរក៏ជួលឲ្យចិន ហើយចិនបន្តឲ្យចិនគ្នាគេបាន៣៥០០ដុល្លារ អ៊ីចឹងតម្លៃជួលនៅកំពង់សោមសព្វថ្ងៃគឺឡើងហួសពីការពិត។ ក្នុងរយៈពេលខ្លីម្ចាស់ដែលជួលទាំងនោះបានលុយច្រើន តែសម្រាប់រយៈពេលខ្លីទេ ព្រោះនៅពេលសំណង់ខុនដូ សណ្ឋគារ ផ្សារទំនើប សំណង់ផ្សេងៗសង់រួចហើយ គឺចិនឈប់ជួលហើយ គេទៅនៅជុំគ្នាគេ។
នៅកម្ពុជាមិនទាន់មានឆៃណាថោន (China Town) នោះទេ ហើយស្ថានទូតចិនក៏អត់គាំទ្រឲ្យមានដែរ ប៉ុន្តែប្រជាជនយើងមួយចំនួនកំពុងតែហៅតំបន់នោះជា China Town រួចទៅហើយ។ អ៊ីចឹងវាជាបញ្ហាមួយ គឺថាតំបន់ China Town នេះ ថ្ងៃណាមួយចិននៅពេញតែម្ដង អ្នកលក់ អ្នកទិញ អ្នកជួល អ្នកដើរលេងសុទ្ធតែចិនទាំងអស់ វាកើតទៅជាទីក្រុងចិននៅកំពង់សោម។ សម្រាប់កម្ពុជាគឺវាអត់ចំណេញសោះតែម្ដង៕