ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន និង​លោក Erdogan ដាក់​គោលដៅ​ពង្រីក​ទំហំ​វិនិយោគ​កម្ពុជា​-​តួ​ក​គី
15, Jun 2019 , 10:08 pm        
រូបភាព
 សម្តេច ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdoğan កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា នៅក្រុងឌូស្ហាន់បេ
សម្តេច ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdoğan កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា នៅក្រុងឌូស្ហាន់បេ
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdoğan កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ខណៈ​មេដឹកនាំ​ទាំងពីរ​មាន​វត្ត​មាននៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន នា​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA)​។



​មេដឹកនាំ​ទាំងពីរ ជួបគ្នា ស្រប​ពេលដែល​កម្ពុជា​-​តួ​ក​គី កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ យោងតាម​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន លោក​ប្រធានាធិបតី​តួ​ក​គី Erdogan បាន​គូសបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ត្រឹម​៩១​លាន​ដុល្លារ​អាមេរិក គឺ​ស្ថិតក្នុង​កម្រិត​ទាប​នៅឡើយ ដោយ​លោក​បានស្នើ​ឲ្យ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឡើងទៅ​ដល់ ៥០០​លាន ឬ ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​

​នា​អំឡុង​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន នៅ​តួ​ក​គី កាលពី​ឆ្នាំ​២១០៨ ភាគី​ទាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ដោយ​កម្ពុជា​បាន​បើក​ស្ថានទូត​នៅក្នុង​ទីក្រុង​អង់កា​រ៉ា បស​តួ​ក​គី ក៏ដូចជា​ការបើក​ស្ថានទូត​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ពាក់ព័ន្ធ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា និង​តួ​ក​គី​នោះ សម្តេច ហ៊ុន សែន ចង់​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព និង​សមិទ្ធផល​ការងារ​ដែល​បានធ្វើ​នាពេល​កន្លងទៅ ហើយ​សម្តេច​រំពឹងថា លោក​ប្រធានាធិបតី​តួ​ក​គី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលខាងមុខ​។

​ជុំវិញ​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់​១​ពាន់​លាន​ដុល្លារ​អាមេរិក សម្តេច ហ៊ុនសែន លើក​ជា​គំនិត​ថា គួរ​ធ្វើបញ្ជី​មុខទំនិញ​ដែល​អាច​នាំចេញ​នាំចូល​រវាង​ប្រទេស​ទាំងពីរ ពោល​តើ​ទំនិញ​អ្វីដែល​កម្ពុជា​អាច​នាំទៅ​តួ​ក​គី​បាន ហើយ​តួ​ក​គី​អាច​នាំ​ទំនិញ​អ្វី​មក​កម្ពុជា​បាន​។​

​ជាមួយគ្នានេះ សម្តេច គាំទ្រ​ការស្នើសុំ​របស់​តួ​ក​គី ដែល​ចង់​ប្រែក្លាយ​ពី​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ ទៅជា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ ដោយឡែក​លើ​ការដោះមីន​វិញ សម្តេច ក៏បាន​ថ្លែងអំណរគុណ​ដល់​តួ​ក​គី ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​កម្ចាត់មីន​តំបន់​អាស៊ាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com