ជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌រំភើបចិត្តពេលឃើញសប្បុរសជនកាន់តែច្រើនបរិច្ចាគថវិកាជួសជុលប្រាសាទ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរគណៈប្រតិភូក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទររបស់អង្គការមូលនិធីប្រាសាទពិភពលោកនៅតំបន់អង្គរ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៩។
× សៀមរាប៖ តាមរយៈយន្តការនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានគៀងគរជំនួយបរទេសនិងស្ថាប័នអន្ដរជាតិជាច្រើនឱ្យមកចូលរួមក្នុងកិច្ចការអភិរក្សនិងជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់មូលនិធិប្រចាំឆ្នាំដើម្បីកិច្ចការមួយនេះដែរ។ និន្នាការថ្មីមួយទៀតក៏បានកើតឡើង នោះគឺការចូលរួមពីសប្បុរសជននានាដែលបានយល់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ និងបានយល់ច្បាស់ទៀតថា កិច្ចការមួយនេះមិនមែនជាតួនាទីផ្ដាច់មុខរបស់រាជរដ្ឋាភិបាលនោះទេ។ ការចូលរួមនេះ បានធ្វើឱ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសប្បាយរីករាយ រំភើបចំពោះទឹកចិត្តសប្បុរសជននិងសុំឱ្យនិន្នាការនេះមានជាបន្តបន្ទាប់ទៀត ដើម្បីកិច្ចការអភិរក្សវប្បធម៌ជាតិខ្មែរ។
ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននៅភ្នំបាខែងក្នុងពិធីប្រារព្ធខួប៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការជួសជុលនិងអភិរក្សប្រាសាទរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) នៅថ្ងៃទី១០ មិថុនា លោកស្រី ភឿង សកុណា បានលើកឧទាហរណ៍ពីការចូលរួមរបស់សប្បុរសជនក្នុងការជួសជុលប្រាសាទបន្ទាយឆ្មារ។ តាមលោកស្រីរដ្ឋមន្ត្រី មានលោកស្រី ម៉ៅ ម៉ាល័យ ជាភរិយាលោក កែ គឹមយ៉ាន ត្រូវបានគេដឹងថាបានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីជួសជុលប្រាសាទមួយនេះ។
សម្រាប់លោកស្រីរដ្ឋមន្ត្រី នេះជានិន្នាការថ្មីដែលមានប្រជាជនបានផ្តល់ថវិកាដើម្បីជួយជួសជុលប្រាសាទ ក៏ដូចជាវត្តអារាម (បុរាណ)។ លោកស្រី ភឿង សកុណា មានប្រសាសន៍យ៉ាងដូច្នេះថា៖« ក្រសួងសប្បាយចិត្ត ការជួយថែរក្សាសម្បត្តិទាំងនេះ មិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងទេ ត្រូវតែមានកម្លាំងពីមហាជនចូលរួមដែរ ខ្ញុំចង់ឱ្យមាននិន្នាការនេះកាន់តែច្រើនទៀត»។
ក្រៅពីនេះ លោកស្រីរដ្ឋមន្ត្រីក៏បានផ្តាំទៅដល់យុវជនក៏ដូចជាក្មេងជំនាន់ក្រោយ ត្រូវជួយថែរក្សានូវព្រលឹងរបស់ជាតិ កាលណាបាត់ព្រលឹងឬអត្ដសញ្ញាណហើយ នោះក៏បាត់ខ្លួនឯងដែរ។ ព្រលឹងជាតិដែលលោកស្រី ភឿង សកុណា និយាយនៅពេលនេះគឺមែនមែនសំដៅតែលើប្រាសាទទេ គឺតាំងពីវប្បធម៌រូបីនិងអរូបី ដែលយុវជនជំនាន់ក្រោយត្រូវថែរក្សាឱ្យបានល្អ សមនឹងតម្លៃដែលដូនតាខ្មែរជំនាន់មុនបានលះបង់កសាងទុកឱ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com