ជាតិ
បឹង​ទន្លេសាប ជា​ជម្រក​របស់​ត្រី​ទឹកសាប​ដ៏​ធំ​បំផុត​ក្នុង​លោក និង​ជា​បឹង​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​
16, Jun 2019 , 6:59 pm        
រូបភាព
  ​រូបភាព​ពីលើ​អាកាស​នៃ​ភូមិ​បណ្តែត​ទឹក​មួយ​នៅក្នុង​បឹង​ទន្លេសាប ខេត្តពោធិសាត់​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​រូបភាព​ពីលើ​អាកាស​នៃ​ភូមិ​បណ្តែត​ទឹក​មួយ​នៅក្នុង​បឹង​ទន្លេសាប ខេត្តពោធិសាត់​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​បឹង​ទន្លេសាប គឺជា​បឹង​ទន្លេសាប​ធំ​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍​។ ក្នុង​រដូវប្រាំង បឹង​នេះ​បាន​គ្របដណ្តប់​ផ្ទៃដី​ដល់​ទៅ​ជាង ២៥០០ គីឡូម៉ែត្រ​ការ៉េ​។ កម្ពស់​ទឹក​បឹង​ក្នុង​រដូវវស្សា បាន​ពង្រីក​វិសាលភាព​ចំនួន​៤​ដង ពី​ជម្រៅ​អតិបរមា ៤​ម៉ែត្រ ទៅ ១០​ម៉ែត្រ​។ ជីវិត​នៅ​ជុំវិញ​បឹង រួមទាំង​ប្រជាជន​រស់ក្នុង​តំបន់​ផងដែរ ត្រូវបាន​ប្រែប្រួល​ទៅតាម​វដ្ត​នៃ​រដូវ​។ ពួកគេ​សង់​លំនៅដ្ឋាន​ជា​ផ្ទះ​ចល័ត ផ្ទះ​បណ្តែត​ទឹក ឬ​ផ្ទះ​ដែលមាន​ជើង​សរសរ​ខ្ពស់ៗ ដើម្បី​គេច​ឲ្យ​ផុតពី​ទឹកជំនន់​នៅ​រដូវវស្សា​។

 
​នៅពេលដែល​ភ្លៀង​មូសុងវស្សា​ថយចុះ​ក្នុង​ខែវិច្ឆិកា ទឹកទន្លេ​មេគង្គ​ក៏​ចាប់ផ្តើម​ស្រក​ចុះ​។ ទឹក​ក្នុង​បឹង​ទន្លេសាប ក៏​ហូរ​ត្រឡប់​ចេញមក ឆ្លងកាត់​ទន្លេសាប​ចូលក្នុង​ទៅ​ទន្លេមេគង្គ​វិញ​។ ស្របពេល​ជាមួយគ្នា​នោះ ហ្វូង​មច្ឆជាតិ​ដ៏​ច្រើន​ឥត​គណនា ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ត្រឡប់​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​ផងដែរ​។ 
 
​ព្រឺ​ត្តិ​ការណ៍ បានធ្វើ​ឲ្យ​ប្រជាជន​រស់នៅក្នុង​តំបន់ ទទួលបាន​ផលប្រយោជន៍​ពី​ការធ្វើ​ចរាចរ​ផ្លាស់​ទី​នៃ​ហ្វូង​ត្រី​ដ៏​មហាសាល​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។ ពួកគេ​រស់នៅ​ក្នុងផ្ទះ​បណ្តែត​ទឹក ដើម្បី​ធ្វើការ​នេសាទ​តែម្តង ដូច​មាន​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់​។ 
 
​លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ជា​សមាជិក និង​ជា​អ្នករៀបចំ​កម្មវិធី​ទូរទស្សន៍​ភូមិសាស្ត្រ​ជាតិ (National Geographic) ព្រមទាំង​ជា​អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) មានប្រសាសន៍ថា​៖ «​ទន្លេសាប គឺជា​ទីតាំង​ធ្វើចរាចរ​ផ្លាស់​ទី​របស់​មច្ឆជាតិ​ដ៏​ច្រើន​លើសលប់​ក្នុង​លោក ដែល​ចេញពី​បឹង​ទន្លេសាប​។ ការធ្វើ​ចរាចរ​ផ្លាស់​ទីនេះ គឺជា​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដ៏​មហាសាល ដោយមាន​ចំនួន​មច្ឆជាតិ​ចូលរួម​ដ៏​ច្រើន​បំផុត ដែល​បាន​កើតមានឡើង​នៅ​បាត​ទន្លេសាប តែ​យើង​មិនអាច​មើលឃើញ ដែលជា​ការផ្លាស់​ទី​ដ៏​ធំ​អស្ចារ្យ​បំផុត​មួយ មិនគួរ​ឲ្យ​ជឿ​នៅលើ​ភពផែនដី​នេះ​។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ដែល​មនុស្ស​ភាគច្រើន​មិនដែល​បានដឹង និង​មិនដែល​បានឮ​អំពី​វា​»​។ 
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ការទន្ទ្រាន​កាប់ឆ្ការ​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ធ្វើ​កម្ម​សិទ្ធ​ជា​ដី​កសិកម្ម ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​បច្ចុប្បន្ន ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​បឹង​ទន្លេសាប ពិសេស​ក្នុង​រដូវ​ត្រី​ពង​-​កូន និង​ធំធាត់ បានធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ មាន​និន្នាការ​ធ្លាក់​យ៉ាងខ្លាំង និង​មាន​ប្រភេទ​ខ្លះ ឈានទៅ​ផុត​ពូជ​តែម្តង​។ ក្នុងនោះ ជីវចម្រុះ​ជាច្រើន​ប្រភេទ ក៏បាន​បាត់បង់​ផងដែរ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ជីវភាព​ប្រជា​នេសាទ​ដែល​រស់នៅក្នុង​តំបន់​ជួប​បញ្ហា​ខ្វះខាត និង​អ្នកខ្លះ​ក៏បាន​ផ្លាស់ប្តូរ​មុខរបរ​ពី​ការនេសាទ​ត្រី នៅ​ប្រកបមុខរបរ​ផ្សេងៗ​វិញ​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com