ជាតិ
គ្រូពេទ្យប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខណៈជំងឺគ្រុនឈាមផ្ទុះខ្លាំងនៅឆ្នាំ២០១៩នេះ
17, Jun 2019 , 7:59 am        
រូបភាព

សៀមរាប៖ នៅក្នុងឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងសាជាថ្មី ដោយក្នុងនោះកុមារជាច្រើនរយនាក់ត្រូវបានពិនិត្យឃើញថាបានឆ្លងជំងឺមួយនេះ។ មន្ទីរពេទ្យកុមារអង្គរដែលជាមន្ទីរពេទ្យដ៏ធំមួយនៅខេត្តសៀមរាប ក៏មានអត្រាអ្នកជំងឺគ្រុនឈាមខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស ប្រធានផ្នែកព្យាបាលវេជ្ជសាស្រ្ដនៃមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា អ្នកជំងឺប្រមាណជិត៥០ភាគរយដែលស្នាក់នៅព្យាបាលប្រចាំថ្ងៃក្នុងមន្ទីរពេទ្យ ជាអ្នកជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិតបន្ថែមថា រយៈពេល២ខែចុងក្រោយនេះ មានអ្នកជំងឺគ្រុនឈាមប្រមាណ៣០០នាក់ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ គឺចំនួននេះមានការកើនឡើងខ្លាំងបើធៀបនឹងឆ្នាំ២០១៨ដែលមានប្រហែល១០ភាគរយប៉ុណ្ណោះ។ តាមលោកវេជ្ជបណ្ឌិតក្នុងចំណោមនោះមានទាំងប្រភេទជំងឺស្រាល និងមានករណីធ្ងន់ធ្ងរតិចតួចបំផុត។ យ៉ាងណា មាន២ហើយករណីដែលស្លាប់ដោយសារជំងឺនេះ ចាប់ពីដើមខែមករាមក ដោយសារមកមន្ទីរពេទ្យយឺតពេល។ នេះជាករណីជំងឺគ្រុនឈាមក្នុងមន្ទីរពេទ្យកុមារអង្គរ ដោយមិនរាប់បញ្ចូលករណីតាមមន្ទីរពេទ្យផ្សេងទៀតឡើយ។ គ្រូពេទ្យផ្នែកកុមារនៅមន្ទីរពេទ្យកុមារអង្គរបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការបង្ការនិងទប់ស្កាត់ជំងឺនេះដោយយកចិត្តទុកដាក់ខ្ពស់ ជៀសវាងអត្រាមរណភាពកុមារនៅកម្ពុជា៕


ព័ត៌មានលម្អិតសូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗជាមួយលោកវេជ្ជបណ្ឌិត ង៉ែត ពិសេស ដូចតទៅ

 

 

 

 


Tag:
 ង៉ែត ពិសេស
  មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com