ជាតិ
សង្គមជាតិ
លោក ពេជ សោភ័ន៖ យុវជនគួរចាប់ជំនាញ «បច្ចេកទេស» ដើម្បីឆ្លើយតបទីផ្សារការងារក្នុងសម័យឌីជីថល លោក ពេជ សោភ័ន រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៩ នៅថ្ងៃទី ១៥មិថុនា នៅពិព័រណ៍កោះពេជ្រ
× ភ្នំពេញ៖ លោក ពេជ សោភ័ន រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យយុវជនចាប់យកការសិក្សាជំនាញឥរិយាបថ ជីវិតនិងអាជីព ពិសស«បច្ចេកទេស»ដើម្បីឆ្លើយតបជាមួយទីផ្សារការងារក្នុងសម័យឌីជីថល នាពេលបច្ចុប្បន្ន។
ក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ «TVET អាចធ្វើបាន» កាលពីព្រឹកថ្ងៃទី ១៥មិថុនា នៅពិព័រណ៍កោះពេជ្រ លោក ពេជ សោភ័ន បានមានប្រសាសន៍ថា ការកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ នៃការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពល និងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៃប្រតិបត្តិការធុរកិច្ចនិងការបំពេញការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ។ ការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន ប៉ុន្តែក៏បង្កើតឱ្យមានការងារថ្មីៗផ្សេងទៀតផងដែរ។ ដូច្នេះតម្រូវឱ្យពលរដ្ឋគ្រប់គ្នា ពិសេសយុវជនត្រូវចេះនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោក បានបញ្ជាក់ថា «ក្នុងបរិបទដែលខឿនសេដ្ឋកិច្ច បច្ចេកវិទ្យា និងពិភពការងារ មានការប្រែប្រួលយ៉ាងឆាប់រហ័សដូច្នេះ កម្លាំងពលកម្មទាំងអស់ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីរត់ដេញតាមហើយអ្នកដែលអាចឈានទៅទទួលបានជោគជ័យ គឺអ្នកដែលផ្តួចផ្តើមដោយខ្លួនឯងផ្ទាល់ក្នុងការយកចិត្តទុកដាក់លើការអភិវឌ្ឍថ្មីៗដែលកំពុងលេចរូបរាងឡើង និងអនុវត្តការសិក្សាពេញមួយជីវិតដើម្បីឈានទៅចាប់យក និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និងជំនាញចាំបាច់ ជាបន្តបន្ទាប់ឥតដាច់ ដើម្បីអាចឆ្លើយតបទាន់ការប្រែប្រួលដ៏ឆាប់រហ័សនៅក្នុងទីផ្សារការងារ»។
បើតាមរដ្ឋលេខាធិការរូបនេះ បច្ចុប្បន្នមានការផ្លាស់ប្តូរជាច្រើនដែលបណ្តាលមកពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដូចជាការផ្តល់សេវារថយន្តតាក់ស៊ី សេវាធនាគារ-ហិរញ្ញវត្ថុ ការទិញ-លក់ទំនិញ ឬការកក់សណ្ឋាគារនិងសំបុត្រយន្តហោះជាដើម។ កត្តានេះនាំឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ការងារ ព្រមទាំងការបង្វែទុនវិនិយោគត្រឡប់ទៅប្រទេសអភិវឌ្ឍដែលជាប្រភពដើមនៃទុនវិញ ដោយសារការអាចប្រើប្រាស់ស្វ័យប្រវត្តិកម្ម រ៉ូបូត និងបញ្ញានិម្មិតជំនួសឱ្យកម្លាំងពលកម្មនិងបញ្ញាមនុស្ស។
លោក ពេជ សោភ័ន បានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្ត និងឆ្លើយតបទីផ្សារការងារបច្ចេកវិទ្យា ដើម្បីឱ្យសម្រេចជោគជ័យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលបានកំណត់ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ» ជាយុទ្ធសាស្ត្រគន្លឹះមួយ ដើម្បីកសាងបាននូវកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតឆ្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងសម្រេចឱ្យបាននូវគោលដៅ «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់ ៥វិស័យ រួមមាន សំណង់ មេកានិក ធុរកិច្ច/ICT អគ្គិសនី និងកម្មន្តសាល ព្រមទាំងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណកម្មអ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ដោយឡែក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតជាង២០ម៉ឺននាក់ បានទទួលកាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលខ្លី-វែង និងការហ្វឹកហ្វឺនកូនជាងលើមុខជំនាញឧស្សាហកម្ម ពាណិជ្ជាកម្ម បច្ចេកទេស សិប្បកម្ម សេវាកម្មទេសចរណ៍ និងកសិកម្ម៕
Tag:
ជាតិ
សង្គម
អប់រំ
បច្ចេកវិទ្យា
ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com