អន្តរជាតិ
ភរិយានាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវចោទពីបទរៀបចំអាហារដោយចាយលុយរដ្ឋខុសគោលដៅ
× តុលាការអ៊ីស្រាអែល នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា បានចោទប្រកាន់ភរិយាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ពីបទប្រើប្រាស់ថវិការដ្ឋមិនត្រឹមត្រូវ ទាក់ទងនឹងការចំណាយទិញអាហារ។ នេះបើតាមការផ្សាយរបស់ The Times of Israel។
កាលពីឆ្នាំមុន លោកស្រី Sara Netanyahu និងអតីតមន្ត្រីម្នាក់នៅការិយាល័យនាយករដ្ឋមន្ត្រី ត្រូវបានគេរកឃើញថា បានចំណាយលុយរដ្ឋប្រមាណ១០០ ០០០ដុល្លារអាមេរិកលើការទិញអាហារ។ ប៉ុន្តែចំនួននេះត្រូវបានកាត់បន្ថយមកត្រឹម៥០ ០០០ ប៉ុន្តែរដ្ឋទាមទារឲ្យគ្រួសារ Netayahu សងវិញ។
ជាទូទៅ អ្នកដែលបម្រើការនៅការិយាល័យ ឬគ្រួសារនាយករដ្ឋមន្ត្រី មិនមានសិទ្ធិរៀបចំម្ហូបអាហារដោយខ្លួនឯងនោះឡើយ នៅពេលមានវត្តមានចុងភៅ។ ប៉ុន្តែលោកស្រី Sara និងលោក Ezra Saidoff អតីតនាយខុទ្ទកាល័យរងការិយាល័យនាយករដ្ឋមន្ត្រី បានល្មើសជាបន្តបន្ទាប់ចន្លោះពីខែកញ្ញា ឆ្នាំ២០១០ ដល់ខែមីនា ឆ្នាំ២០១៣។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Sara ក៏មិនទទួលរងនូវការពិន័យធ្ងន់ធ្ងរនោះដែរ ដោយតុលាការតម្រូវឲ្យបង់តែ១៥ ២១០ដុល្លារអាមេរិក ចូលរដ្ឋវិញតែប៉ុណ្ណោះ។ រីឯលោក Saidoff ត្រូវរាយការណ៍ថា យល់ព្រមសងរដ្ឋវិញនូវទឹកប្រាក់២៧៦៥ដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com