ជាតិ
ព័ត៍មានសុខភាព
​ការស្រាវជ្រាវ​នៅ​អាមេរិក​៖ ស្ត្រី​ប្រឈម​បញ្ហា​ធាត់ និង​លើស​ទម្ងន់​ដោយសារ​គេង​បើកភ្លើង​
16, Jun 2019 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក បាន​រកឃើញថា ទម្លាប់​គេង ដោយមាន​ពន្លឺ​អំពូល​ភ្លើង ឬ​ទូរទស្សន៍ ជា​មូលហេតុ​មួយ​ដែល​បណ្តាល​ឲ្យ​ស្ត្រី​មាន​បញ្ហា​ឡើង​ទម្ងន់ និង​ធាត់​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ JAMA Internal Medicine​។​

 
​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក បាន​សិក្សា​លើ​ទិន្នន័យ​ស្ត្រី ៤៣ ៧២២ នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​៣៥​ឆ្នាំទៅ​៧៤​ឆ្នាំ​។ ការសិក្សា​នេះ ធ្វើឡើង​ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៩ ហើយ​ទើប​បោះពុម្ពផ្សាយ​ផ្លូវការ​កាលពី​ថ្ងៃទី​១០ ខែមិថុនា​។​
 
​ការសិក្សា​ផ្តោតទៅលើ​ទម្លាប់​គេង និង​ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ (BMI) របស់​ស្ត្រី​ទាំងនោះ​។ លទ្ធផល​បាន​បង្ហាញថា ស្ត្រី​ជាច្រើន​គេង​មិន​លក់​ស្កប់​នោះឡើយ នៅពេល​មាន​ពន្លឺភ្លើង​សិប្បនិម្មិត ជាពិសេស​អំពូល​ភ្លើង ឬ​ទូរទស្សន៍​ដែល​បើក​ចោល​។ បន្ថែម​ពីលើ​នោះ​ទៀត ស្ត្រី​១៧​ភាគរយ មាន​បញ្ហា​លើស​ទម្ងន់ បើ​ប្រៀបធៀប​ទៅនឹង​ស្ត្រី​ដែល​គេង​គ្មាន​ពន្លឺភ្លើង​។​
 
​ក្រុម​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន National Institute of Environmental Health Sciences នៅ​រដ្ឋ Nord Carolina បាន​បញ្ជាក់ថា បុរស​មាន​ភាពស៊ាំ​ទៅនឹង​បរិស្ថាន​ធម្មជាតិ មិន​ថា​ពេលយប់ ពេល​ថ្ងៃ ពេល​មាន​ពន្លឺ ឬ​គ្មាន​ពន្លឺ​នោះឡើយ​។​
 
​អ្នកស្រី Dale Sandler ដែលជា​សហប្រធាន​ក្នុងការ​ស្រាវជ្រាវ បាន​អះអាងថា ស្ត្រី​ដែល​គេង​ដោយ​បើក​ពន្លឺភ្លើង​ចោល ប្រឈម​ឡើង​ទម្ងន់​បន្ថែម​៥​គីឡូក្រាម ហើយក៏​អាច​ឈានទៅ​ធាត់​ជ្រុល​ផងដែរ​។ អ្នកស្រី​បាន​សន្និដ្ឋានថា ២២​ភាគរយ​រង​ហា​នី​ភ័យ​លើស​ទម្ងន់ និង​៣៣​ភាគរយ​ប្រឈម​ការ​ធាត់​។​
 
​អ្នកស្រី Chandra Jackson ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់ទៀត បាន​បន្ថែមថា​៖ «​ពន្លឺ​សិប្បនិម្មិត​នៅពេល​យប់ អាច​ផ្លាស់ប្តូរ​អរ​ម៉ូ​ន និង​ដំណើការ​ជីវសាស្ត្រ​ផ្សេងទៀត ដូចជា​ការកាត់បន្ថយ​បន្ថយ​ការបញ្ចេញ​អរ​ម៉ូ​ន មេ​ឡា​តូ​នី​ន និង​ចង្វាក់​ចរន្ត ហើយ​បង្ក​ឲ្យ​មាន​ជំងឺ​ធាត់​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ​លទ្ធផល​ទាំងនេះ មិនទាន់​ឈានដល់​ការសន្និដ្ឋាន​ជា​សាកល​នោះឡើយ ដោយ​វា​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន National Institute of Environmental Health Sciences ប៉ុណ្ណោះ​៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com