ជាតិ
សង្គមជាតិ
លោក ផែង វណ្ណៈ នឹងត្រូវដោះលែងនៅថ្ងៃទី១៨មិថុនា
17, Jun 2019 , 9:26 am        
រូបភាព
លោក ផែង ​វណ្ណៈ ពេលដែលត្រូវនាំខ្លួនទៅតុលាការនាពេលកន្លងមក
លោក ផែង ​វណ្ណៈ ពេលដែលត្រូវនាំខ្លួនទៅតុលាការនាពេលកន្លងមក
នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីម្នាក់ ដែលរងបណ្តឹងពីមេធាវីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូដោះលែងឲ្យមានសេរីភាពឡើងវិញ។ តុលាការភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងរបស់លោក នៅព្រឹកថ្ងៃទី១៧មិថុនានេះ។



តាមរយៈសាលក្រមនោះ តុលាការ បានផ្តន្ទាទោសលោក ផែង ​វណ្ណៈ រយៈពេល១ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារតែ២ខែ១៥ថ្ងៃប៉ុណ្ណោះ ឯទោសនៅសល់ គឺត្រូវព្យួរ។ លោក ត្រូវបានឃុំខ្លួនដំបូងនៅថ្ងៃទី៣មេសា ដូច្នេះនៅថ្ងៃទី១៨មិថុនា នឹងគ្រប់រយៈពេលកំណត់នៃការជាប់ឃុំ។

កាលពីថ្ងៃទី១១មិថុនា លោក ផែង វណ្ណៈ បានសរសេរលិខិតមួយច្បាប់ ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសារភាពកំហុសនិងសូមទោស។ លោក ប្រាប់សម្តេចថា លោក មានការសោកស្តាយចំពោះទង្វើមិនគប្បីរបស់ខ្លួន ហើយលោក អះអាងថា ទង្វើនេះ គឺកើតពីអារម្មណ៍ឆេវឆាវមួយពេល ដែលធ្វើឲ្យលោក ភ្លេចខ្លួននិងខ្វះការពិចារណា។

ក្នុងលិខិតនោះ លោក មិនត្រឹមតែសូមទោសម្តេចទេ តែលោក ក៏បានសូមទោសប្រជាពលរដ្ឋមួយចំនួនផងដែរ។ បន្ទាប់ពីសូមទោសរួច លោក ក៏សូមក្តីសន្តោសពីសម្តេច និងសង្ឃឹមថា នឹងបានជួបជុំគ្រួសារ និងបានចេញទៅព្យាបាលជំងឺឆាប់ៗ។ លោក សរសេរប្រាប់សម្តេចដូច្នេះថា «ខ្ញុំបាទ ចងចាំជានិច្ចនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថា នឹងកែប្រែអត្តចរឹត ពាក្យសម្តីរបស់ខ្លួន និង មិនឲ្យមានបញ្ហាទាំងនេះ កើតឡើងជាថ្មីទៀតឡើយ»។

លោក ផែង វណ្ណៈ ត្រូវបានលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ប្តឹងពីបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​។ លោក រងបណ្តឹងនេះ ដោយសារតែលោក ចោទជាសំណួរថា បើលោក មានទោស ដោយគ្រាន់យកថវិកាទៅចូលបុណ្យសពកញ្ញា ឌុំ រីដា និស្សិតឆ្នាំ៤ ដែលស្លាប់ដោយសារយុវតី យិន​ ម៉ាណា បើករថយន្តបុក (អចេតនា) ចុះសម្តេច ហ៊ុន សែន ឲ្យគេយកថវិកា ទៅចូលបុណ្យសពលោកបណ្ឌិត កែម ឡី យ៉ាងម៉េចទៅវិញ?

លោក គី តិច ចាត់ទុកសំណួររបស់លោក​ ផែង វណ្ណៈ ថាមានចេតនាចោទសម្តេច ហ៊ុន សែន ថាជាអ្នកនៅក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ មូលហេតុ ដែលលោក ផែង វណ្ណៈ ចោទជាសំណួរនេះ គឺដើម្បីឆ្លើយតបនឹងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ លោក ពេជ្រ​ ស្រស់ បានប្តឹងលោក ផែង វណ្ណៈ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយសង្ស័យថា លោក ផែង វណ្ណៈ ប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីលោកនាំយកថវិកា៥ពាន់ដុល្លារពីគ្រួសារយុវតី យិន ម៉ាណា ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។

លោក ពេជ្រ ស្រស់ យល់ថា ការយកថវិកាទៅចូលបុណ្យនេះ ទំនងជាចង់បញ្ចប់រឿង។ ដោយមិនសុខចិត្ត និងចង់ឲ្យមានយុត្តិធម៌ពិតប្រាកដក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍នេះ លោក ពេជ្រ ស្រស់ ក៏ប្តឹងឲ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវ។ តែដោយសារលោក ផែង វណ្ណៈ ចោទជាសំណួរខាងលើ លោក ក៏រងបណ្តឹងពីលោក គី តិច ទៅតុលាការតែម្តង។ 

ចំណែក យុវតី យិន​ ម៉ាណា ដែលជាជនបង្កហេតុ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីចុងខែឧសភា ឆ្នាំ២០១៩។ យុវតីវ័យ១៦ឆ្នាំរូបនេះ ជាប់ពន្ធនាគារតែ២ខែប៉ុណ្ណោះ។ ប៉ុន្តែ តុលាការហាមនាង មិនឲ្យបើកបររយៈពេល៣ឆ្នាំ ក្រោយចេញពីពន្ធនាគារ។ គ្រួសាររបស់យុវតី យិន ម៉ាណា បានសងសំណង៧ម៉ឺនដុល្លារ ដល់គ្រួសាររបស់កញ្ញា ឌុំ រីដា៕



Tag:
 ផែង វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com