ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ៖ បើ​លោក ហ៊ុន សែន មិន​ហ៊ាន​ប្ដឹង​ខ្ញុំ​ទេ នោះ​គាត់​គឺជា​ឃាតករ​សម្លាប់​លោក ហុក ឡង់ឌី
17, Jun 2019 , 10:29 am        
រូបភាព
 ភ្នំពេញ​៖ ថ្លែង​ពី​ប្រទេស​បារាំង លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​មិន​ខ្លា​ចការ​គំរាម​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គ្រោង​ប្ដឹង​លោក ទៅ​តុលាការ​បារាំង ជុំវិញ​ករណីស្លាប់​របស់លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ឡើយ​។ មិនតែប៉ុណ្ណោះ​លោក សម រង្ស៊ី ថែមទាំង​ចំអក​វិញ​ថា បើ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុ​ជា ហ៊ាន​ប្ដឹង​លោក​មែន​នោះ ប្រាកដជា​ចាញ់ក្តី ព្រោះ​លោក​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​យកឈ្នះ​រឿងក្តី​នេះ​។​

 
«​ខ្ញុំ​បានទទួល​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​ជិតស្និទ​លោក ហ៊ុន សែន បាន​ឲ្យ​ខ្ញុំ​ដឹងថា ទីបញ្ចប់​លោក ហ៊ុន សែន អត់​ហ៊ាន​ប្ដឹង​ខ្ញុំ​ទេ ពីព្រោះ​គាត់​ដឹងថា បើ​ហ៊ាន​មកប្ដឹង​ខ្ញុំ នៅ​ចំពោះមុខ​តុលាការ​ប្រទេស​បារាំង គឺ​គាត់​ច្បាស់​ជា​ចាញ់​»​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី ដែល​បាន​បន្ថែមថា លោក​មាន​ឯកសារ និង​ភស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ពី​បំណង​ទុច្ចរិត​របស់​សម្ដេច ហ៊ុន សែន និង​ភរិយា នៅក្នុង​សំណុំរឿង​នៃ​ការស្លាប់​របស់លោក ហុក ឡង់ឌី​។ តាមរយៈ​ភស្តុតាង​នៅក្នុង​ដៃ​ខ្លួន​ទាំងនេះ​លោក សម រង្ស៊ី ដែលមាន​ជំនឿ​ចិត្ត​លើ​ការកាត់ក្តី​របស់​តុលាការ​បារាំង​នោះ បាន​អះអាងថា លោក​អាច​យកឈ្នះ​ក្តី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើសិនជា​ហ៊ាន​ប្ដឹង​លោក​មែន​។ 
 
​អះអាង​បែបនេះហើយ​លោក សម រង្ស៊ី ដែល​កំពុង​ជាប់​បណ្ដឹង និង​ទោស​ជាច្រើន តាមរយៈ​ការប្ដឹង​ពី​រដ្ឋាភិបាល​កម្ពុជា និង​បុគ្គល​ផ្សេងទៀត​នោះ បាន​ពន្យុះ​ឲ្យ​មេបក្ស​កាន់អំណាច​នៅ​កម្ពុជា ប្ដឹង​លោក​ឲ្យ​កាន់តែ​ឆាប់​ទៀតផង​។ ត្រង់ចំណុច​នេះ​លោក សម រង្ស៊ី បាន​និយាយ​បែប​ឌឺដង​វិញ​ថា បើសិនជា​សម្ដេច ហ៊ុន សែន មិន​ហ៊ាន​ប្ដឹង​លោក​ទេនោះ បានន័យថា មេដឹកនាំ​កម្ពុជា​រូបនេះ ទទួលស្គាល់​ការពិត​នៃ​បំណង​សម្លាប់​លោក ហុក ឡង់ឌី ពិតប្រាកដ​មែន​។ 
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​នោះ បាន​ថ្លែង​តាមរយៈ​វីដេអូ​ឃ្លី​ប ១០​នាទី យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បញ្ជាក់​ម្ដងទៀត បើ​លោក ហ៊ុន សែន សឿង​ត្រូវតែ​ប្ដឹង​ខ្ញុំ​ដាច់ខាត បើ​មិន​ដូច្នេះ​ទេ (​បានន័យថា​)​គឺ​លោក ហ៊ុន សែន សារភាពថា គាត់​ជា​ឃាតករ​ពិតប្រាកដ​។ កាយវិការ​របស់គាត់ ដែលថា​ម្ដង​ប្ដឹង តែ​បែ​ជា​មិន​ហ៊ាន​ប្ដឹង​ខ្ញុំ​វិញ មានន័យថា លោក ហ៊ុន សែន សារភាព​កំហុស​ថា គាត់​បានសម្លាប់​លោក ហុក ឡង់ឌី យ៉ាងពិត​ប្រាកដ​។ ហើយ​ការសម្លាប់​នេះ គឺ​គាត់​បានដាក់​គ្រាប់បែក​លើ​ឧទ្ធម្ភាគចក្រ ដែល​លោក ហុក ឡង់ឌី ត្រូវ​ជិះ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០០៨»​។​
 
​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្ដេច ហ៊ុន សែន បាន​និយាយថា នៅពេលនេះ​លោក និង​មេធាវី​ផ្សេងទៀត កំពុង​សិក្សា​ផ្នែក​ច្បាប់ ក្នុងការ​ប្រមូល​ភស្តុតាង ដើម្បី​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក គី តិច បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនទាន់​ឆ្លើយតប​(​លោក សម រង្ស៊ី​) ឥឡូវ​បានទេ ព្រោះ​ខ្ញុំ​កំពុង​សិក្សា​ផ្លូវច្បាប់​។ ហើយ​លោក សម រង្ស៊ី តែងតែ​ចេញ​វិ​ដេ​អូ​ឃ្លី​ប​ពីរ ទៅ​បី​ដង​ហើយ ប៉ុន្តែ​ខាងយើង​មិន​តបតអ្វី​ទេ​។ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការប្ដឹង ឬ​មិន​ប្ដឹង ខ្ញុំ​រក្សា​សិទ្ធិបន្តិច​សិន ព្រោះ​ខ្ញុំ​កំពុង​សិក្សា ហើយ​នៅពេល​សម្រេចចិត្តថា​យ៉ាងណា ខ្ញុំ​នឹង​ជូនដំណឹង​ទៅ​ឲ្យ​សារព័ត៌មាន​ជា​សាធារណៈ​»​។​
 
​ក្រៅពី​សម្ដេច ហ៊ុន សែន គ្រោង​ប្ដឹង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​សម្ដេច នៅ​ពីក្រោយ​ការស្លាប់​របស់លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​នោះ ក៏មាន​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គ្រោង​ប្ដឹង​លោក សម រង្ស៊ី ដែរ​។  សម្ដេច ស ខេង នឹង​ប្ដឹង​ជុំវិញ​ករណី​ដែល​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ និយាយថា សម្ដេច​មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​ប្រធាន​បក្ស​។ 
 
​ចំណែក​កូនប្រុស​លោក ហុក ឡង់ឌី គឺ​លោក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ ឯណោះ​វិញ ក៏​មិន​ពេញចិត្ត​ចំពោះ​ការលើកឡើង​របស់លោក សម រង្ស៊ី ដែរ​។ លោក ឌី វិជ្ជា ដែល​ត្រូវជា​កូនប្រសារ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូបនេះ បានស្នើ​ឲ្យ​មេធាវី​សិក្សា​ពី​ផ្លូវច្បាប់ ដើម្បី​ប្តឹង​លោក សម រង្ស៊ី ដែល​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​ឪពុក​ខ្លួន ។ សម្រាប់​លោក ឌី វិជ្ជា ការលើកឡើង​របស់លោក សម រង្ស៊ី គឺជា​ការ​ប្រឌិត​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិ​ភាន់ច្រឡំ មកលើ​រដ្ឋាភិបាល​។​
 
​ម្ដង​ជា​ពីរដង លោក សម រង្ស៊ី តែងតែ​និយាយ​ចំៗ​ថា សម្ដេច ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី តាមរយៈ​ការដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែល​កំពុងតែ​ហោះហើរ​លើ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​។ លោក សម រង្ស៊ី ថែមទាំង​អះអាងថា សម្ដេច ហ៊ុន សែន បានសម្រេច​ចិត្ត​សម្លាប់​លោក ហុក ឡង់ឌី ដោយសារតែ​អតីត​ស្នងការ​នគរបាលជាតិ​រូបនេះ បានដឹង​រឿង​អាក្រក់​របស់​សម្ដេច ហ៊ុន សែន ច្រើនពេក​។ ជាពិសេស​កាលណោះ​លោក ហុក ឡង់ឌី ត្រៀម​លាតត្រដាង​អំពី​បញ្ជា ដែល​គាត់​បានទទួល​ពីស​ម្ដេច ហ៊ុន សែន ឲ្យ​សម្លាប់​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​ខ្លាំងក្លា​មួយរូប កាលពី​ឆ្នាំ ២០០៤​ជាដើម​៕

Tag:
 ​សម រង្ស៊ី​
  ហ៊ុន សែន​
  ហុក ឡង់ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com