ជាតិ
អាមេរិក​បន្ទោស​ចិន​ជុំវិញ​ការបង្ក​«​ហានិភ័យ​»​ក្នុង​តំបន់​ទន្លេមេគង្គ​
17, Jun 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ វារីអគ្គិសនី Dachaoshan ដៃដង​ទន្លេ​មេគង្គលើ ដែលហូរកាត់តំបន់ Danchaoshan ខេត្តយូណាន ប្រទេស​ចិន។
រូបឯកសារ៖ វារីអគ្គិសនី Dachaoshan ដៃដង​ទន្លេ​មេគង្គលើ ដែលហូរកាត់តំបន់ Danchaoshan ខេត្តយូណាន ប្រទេស​ចិន។
ដោយ: VOA
​ភ្នំពេញ ៖ អ្នកការទូត​អាមេរិក​នៅ​សប្ដាហ៍​នេះ​បាន​រិះគន់​បន្ទោស​ប្រទេស​ចិន​ជុំវិញ​ការបង្ក​ជា​«​ហានិភ័យ‍​»​និង​បញ្ហា​ប្រឈម​នានា​សម្រាប់​និរន្តរភាព​ក្នុង​តំបន់​អាង​ទន្លេមេគង្គ តាមរយៈ​ការសាងសង់​និង​វិនិយោគ​ទំនប់​វា​រី​អគ្គីសនី​លើ​ប្រភពទឹក​នៃ​មហា​គង្គា​ដ៏​វែង​អន្លាយ ដែល​ហូរ​កាត់​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​មួយ​នេះ​។​

 
​ការ​ថ្លែង​ខាងលើ​ហាក់​ផ្ដល់​ជាស​ញ្ញា​ថា តំបន់​អាង​ទន្លេមេគង្គ​អាច​ក្លាយ​ជាទី​សមរភូមិ​ថ្មី​រវាង​សហរដ្ឋអាមេរិក​និង​ចិន ក្នុង​ឈុត​ឆាក​វាយ​ដណ្ដើម​ឥទ្ធិពល​និង​អនុត្តរភាព​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ខណៈដែល​ភាព​តានតឹង​ជា​សាកល​រវាង​មហាអំណាច​ទាំងពីរ​កំពុង​អង្រួន​ពិភពលោក តាមរយៈ​សំណុំរឿង​សង្គ្រាម​ពាណិជ្ជកម្ម ការប្រឈមមុខគ្នា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​កា​រស​ង្គ្រឺ​ត​ធ្មេញ​ដាក់គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។​
 
​ថ្លែង​ទៅកាន់​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​អនាគត​ទន្លេមេគង្គ​រៀបចំឡើង​នៅ​ភ្នំពេញ ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព CICP លោក Michael Newbill ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា សកម្មភាព​របស់​ប្រទេស​«​តែមួយគត់​»​នៅក្នុង​តំបន់​មេគង្គ ដែល​គ្មាន​នរណា​ក្រៅតែពី​ចិន បាន​បង្ក​ជា​ក្ដីបារម្ភ​ជាទូទៅ​សម្រាប់​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​នេះ និង​សម្រាប់​សហរដ្ឋអាមេរិក​ផងដែរ​។​
 
​អ្នកការទូត​អាមេរិក​រូបនេះ​បាន​ថ្លែងប្រាប់​អង្គសិក្ខាសាលា កាលពី​ថ្ងៃ​ព្រហស្បតិ៍ យ៉ាង​ដូច្នេះ​ថា​៖
 
«​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ការ​រំកិល​ប្រែប្រួល​នៃ​ចរន្ត​ភូមិសាស្ត្រ​នយោបាយ​បានចាប់ផ្ដើម​បង្ក​ជា​បញ្ហា​ប្រឈម​ចម្បងៗ​ក្នុង​រូបភាព​ថ្មី​។ បច្ចុប្បន្ននេះ តំបន់​មេគង្គ​ត្រូវ​ប្រឈម​នឹង​ការគ្រប់គ្រង​ដោយ​មិនមាន​សមាមាត្រ ជុំវិញ​ទំនប់​វា​រី​អគ្គីសនី​ច្រើនជាង​១០ ដែល​កសាង​ដោយ​ប្រទេស​តែមួយគត់​ដែល​បានគ្រោង​បំផ្ទុះ​និង​បូម​យក​ច្រាំងទន្លេ​ទៀតផង​»​។​
 
​លោក​ភារធារី​នៃ​ស្ថានទូត​អាមេរិក​បាន​បន្ត​ដោយបាន​លើកឡើងថា ការកសាង​ទំនប់​វា​រី​អគ្គីសនី​និង​ការគាំទ្រ​ផ្នែក​វិនិយោគ​របស់​ចិន​ទៅលើ​ទំនប់​ទាំងនោះ បាន​នាំឱ្យ​មានការ​សាបរលាប​ឥទ្ធិពល​នៃ​យន្តការ​អភិបាលកិច្ច​លើ​ដង​ទន្លេ​ដែលមាន​ស្រាប់ ការ​ចល័ត​ល្បាត​ឆ្លង​ព្រំដែន​ដោយ​បង្ខំ​តាម​ដង​ទន្លេ និង​កំណើន​នៃ​លំហូរ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការរត់ពន្ធ​មនុស្ស​និង​គ្រឿងញៀន​។​
 
​លោក​បាន​បន្តថា​៖
 
«​និន្នាការ​ទាំងអស់នេះ​បង្ក​ជា​ហានិភ័យ​ទៅដល់​ស្វយ័តភាព ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​ធនធានទឹក សន្តិសុខ​ថាមពល និង​សន្តិសុខ​ស្បៀង នៅតាម​តំបន់​អាង​ទន្លេមេគង្គ​»​។​


រូបឯកសារ៖ កម្មករ​ចិនកំពុងធ្វើការនៅ​ការដ្ឋានសាងសង់វារីអគ្គិសនីមួយនៅលើដងទន្លេមេគង្គ។
 
​លោក Pongphisoot Busbarat សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ប្រចាំ​សាកលវិទ្យាល័យ Chulalongkorn ប្រទេស​ថៃ បាន​ថ្លែងថា ការប្រកួតប្រជែង​រវាង​អាមេរិក​និង​ចិន បាន​នឹង​កំពុង​លាតសន្ធឹង​ចូល​មកដល់​តំបន់​មេគង្គ​កាន់តែខ្លាំង​ឡើង ដោយហេតុតែ​«​ភាព​សកម្ម​ខាង​នយោបាយ​ការបរទេស​»​របស់​ចិន នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាន​បង្ក​ជាការ​សង្ស័យ​ក្នុងចំណោម​ប្រទេស​ដៃគូ​ផ្សេងទៀត ដែល​ការសង្ស័យ​ជា​ចម្បង​ពី​សហរដ្ឋអាមេរិក​តែម្ដង​។​
 
​អ្នកជំនាញ​រូបនេះ​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក ក្នុងន័យ​ដើម​យ៉ាង​ដូច្នេះ​ថា​៖
 
«​តំបន់​មេគង្គ​ជាក់ច្បាស់​ណាស់​គឺជា​ទីតាំង​ប្រកបដោយ​សក្ដានុពល​នៃ​ការប្រកួតប្រជែង​រវាង​មហាអំណាច​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ក្រៅតែពី​តំបន់​សមុទ្រ​ចិន​ខាងត្បូង​»​។​
 
​លោក Pongphisoot Busbarat បាន​បន្ថែម​យ៉ាង​ដូច្នេះ​ទៀតថា​៖
 
«​បើទោះជា​ប្រទេស​ចិន​បានបង្ហាញ​ភាពស្មោះត្រង់​របស់ខ្លួន​ដដែល​ជា​ដដែល ហើយ​បើទោះជា​យើង​មិនអាច​បដិសេធ​ការណ៍​ដែលថា​តួនាទី​របស់​ប្រទេស​ចិន​បានផ្ដល់​ជា​វិភាគទាន​និង​ផលប្រយោជន៍​ដល់​តំបន់​មួយ​នេះ​ជាច្រើន​រូបភាព​ក៏ដោយ ភាព​សកម្ម​ផ្នែក​គោលនយោបាយ​ខាងលើនេះ បានទទួល​ការរិះគន់ និង​ក្ដី​សង្ស័យ​ដោយ​ជៀស​មិន​ផុតពី​ចេតនា​ពិតប្រាកដ [​ថា​ចិន​ចង់បាន​អ្វី​]»​។​
 
VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ​ឆ្លើយតប​ពី​សំណាក់​ស្ថានទូត​ចិន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ តែ​មិន​បានទទួល​ការឆ្លើយតប​អ្វី​ទាល់តែសោះ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​
 
​នៅក្នុង​អង្គសិក្ខាសាលា​ខាងលើ​ក៏មាន​ការជជែក​ផងដែរ អំពី​អនាគត​ដ៏​ស្រពិចស្រពិល​នៃ​អាង​ទន្លេមេគង្គ ថា​តើ​ប្រភព​ធនធានទឹក មច្ឆា និង​ដី​ល្បប់​មួយ​នេះ អាច​នឹងមាន​លទ្ធភាព​បន្ត​ផ្ដល់​ប្រយោជន៍​ដល់​បណ្ដាជន​រាប់លាន​នាក់​ដែល​រស់នៅ​អាស្រ័យ​ផល​នឹង​ទន្លេ ហើយក៏​មានការ​អំពាវនាវ​ផងដែរ ឱ្យមាន​ការសិក្សា​និង​រៀបចំតាក់តែង​គោលនយោបាយ​សម្រាប់​អនុវត្ត​ឱ្យបាន​ជាក់ច្បាស់ ដើម្បី​ធានាថា​ប្រជាជន​ងាយ​រងគ្រោះ​នឹងត្រូវ​បានផ្ដល់​អាទិភាព​ក្នុងការ​អភិវឌ្ឍ​។​
 
​លោក ពូ សុធីរៈ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន CICP បាន​លើកឡើងថា ការសាងសង់​ប្រកបដោយ​«​ភាពមិន​សមប្រកប​» និង «​ខ្វះ​ទំនួល​ខុសត្រូវ​»​នៃ​ទំនប់​វា​រី​អគ្គីសនី​តាម​ដង​ទន្លេមេគង្គ​ជាដើម​ចម ដែល​គេ​គួរ​បន្ទោស​សម្រាប់​ការកើត​ឡើងជា​ញឹកញាប់​នូវ​គ្រោះមហន្តរាយ រាំងស្ងួត និង​ទឹកជំនន់ នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​។​
 
​អតីត​អ្នកការទូត​ខ្មែរ​រូបនេះ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖
 
«​គម្រោង​អភិវឌ្ឍ​ដែល​ខ្វះ​ការគិតគូរ​ទាំងនេះ មានលទ្ធភាព​ធំធេង​ក្នុង​ការបង្ក​ការខូចខាត​ដ៏​បំផ្លិចបំផ្លាញ បើសិន​បើ​ដំណោះស្រាយ​ប្រកបដោយ​ភាពសមស្រប​ណាមួយ មិនត្រូវ​សម្រេចបាន​ដោយ​គ្រប់គ្រាន់​ទេនោះ​»​។​


រូបឯកសារ៖ វាលស្រែរងគ្រោះរាំងស្ងួតនៅខេត្ត Soc Trang នៅតាមដងទន្លេមេគង្គនៃប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។


រូបឯកសារ៖ ទំនប់វារីអគ្គិសនី Nam Theun 2 នៅលើដងទន្លេមេគង្គក្នុងប្រទេសឡាវ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១០។
 
​ទន្លេមេគង្គ​ហូរ​តាម​ខ្សែទឹក​ដែលមាន​ប្រវែង​ប្រមាណ ៤៣០០ គីឡូម៉ែត្រ មាន​ប្រភពពី​ខ្ពង់រាប Tibet ប្រទេស​ចិន ធ្វើដំណើរ​កាត់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក មុននឹង​ចប់​ត្រឹម​ប្រទេស​វៀតណាម ហូរ​ចាក់​ទៅក្នុង​សមុទ្រ​ខាងត្បូង​។ ទន្លេ​នេះ​មាន​ឈ្មោះថា ឡាន​ឆាង (Lancang) ក្នុង​សូរសៀង​ភាសា​ចិន​។​
 
​គណៈកម្មការ​ទន្លេមេគង្គ MRC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​ប្រទេស​តាម​ដង​ទន្លេ​ទាំងអស់ លើកលែងតែ​ចិន និង​ភូមា ដើម្បី​ធ្វើការ​គ្រប់គ្រង​ធនធាន​តាម​ដង​ទន្លេ​នេះ​ប្រកបដោយ​ចីរភាព តែ​ស្ថាប័ន​នេះ​ត្រូវគេ​មើលឃើញថា​ខ្វះ​អំណាច​និង​លទ្ធភាព​ក្នុងការ​ទប់ស្កាត់ ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​នានា​ជា​បន្តបន្ទាប់​ដែលមាន​លទ្ធភាព​បង្ក​អតុល្យភាព​ដល់​សុខមាលភាព និង​ជីវៈចម្រុះ​នៃ​មហា​គង្គា​នេះ​។​
 
​គិត​ត្រឹម​ឆ្នាំ​២០៣០ មានការ​រំពឹងថា​ទំនប់​វា​រី​អគ្គីសនី​ប្រមាណ​៣០ នឹង​ត្រូវបាន​សាងសង់​និង​ដំណើរការ​កាត់​ទទឹង​ទន្លេមេគង្គ ដែល​ទំនប់​ភាគច្រើន បើ​មិន​ស្ថិតក្នុង​ប្រទេស​ចិន ក៏​ជាការ​ផ្ដល់​ហិរញ្ញប្បទាន​វិនិយោគ​ពី​ចិន​ដែរ​។ នេះ​បើ​យោងតាម​ការ​ប្រ​មើ​មើល​និង​ទិន្នន័យ​របស់​ក្រុម​អភិរក្ស​ដើម្បី​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (CGIAR)​។​
 
​ក្រៅតែពី​យន្តការ MRC ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក៏បាន​ចូលរួម​នឹង​យន្តការ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ផ្សេងទៀត​ផងដែរ​ជាមួយនឹង​ដៃគូ​សហការ​ពី​ខាងក្រៅ​តំបន់ រួមមាន កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ (LMC) ជាមួយ​ប្រទេស​ចិន និង​គំនិត​ផ្ដួចផ្ដើម​តំបន់​មេគង្គ​ប៉ែក​ខាងក្រោម (LMI) ជាមួយ​សហរដ្ឋអាមេរិក​។​
 
​លោក ស៊ីម វីរៈ ទីប្រឹក្សា​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែងថា ទីក្រុង​ភ្នំពេញ​និង​រដ្ឋ​ដទៃទៀត​ក្នុង​តំបន់​ប្រាថ្នា​ចង់​ស្វះ​ស្វែងរក​ចំណុចរួម​គ្នា​រវាង​យន្តការ​ទាំងអស់​ដែលមាន​ស្រាប់ ធានា​យ៉ាងណា​ទាញយក​ប្រយោជន៍​ដល់​ប្រជាជន​និង​ប្រទេស​តាម​ដង​ទន្លេ និង​ធានា​ការពារ​ទន្លេ​ដ៏​មាន​សក្ដានុពល​មួយ​នេះ​ទៅ​ថ្ងៃមុខ​ផងដែរ​។​
 
​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែលជា​តំណាង​របស់​រដ្ឋមន្ត្រីការបរទេស​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖
 
«​បណ្ដា​ប្រទេស​ក្នុង​តំបន់​មេគង្គ​មានការ​តោង​ដឹង​ក្នុង​ស្មារតី​ថា វេទិកា​មេគង្គ​មិនគួរ​ត្រូវបាន​ប្រឡូក​ក្នុង​នយោបាយ ឬក៏​មិនគួរ​ក្លាយជា​សង្វៀន​ហែកហួរ​បំបែកបំបាក់​គ្នា​ប្រឆាំង​ចិន ប្រឆាំង​សហរដ្ឋអាមេរិក ប្រឆាំង​ជប៉ុន ប្រឆាំង​កូរ៉េ ឬ​ប្រឆាំង​ឥណ្ឌា​នោះឡើយ​»​។​
 
​យ៉ាងណាក្ដី លោក​ភារធារី Michael Newbill នៃ​ស្ថានទូត​អាមេរិក បាន​លើកឡើងថា​ការចូលរួម​របស់​សហ​រដ្ឋ​អាមេរិក​នៅ​តំបន់​អាង​ទន្លេមេគង្គ មាន​ក្ដី​ប្រាថ្នា​ផ្ដល់​ជាការ​ផ្ដល់​អត្ថប្រយោជន៍​បំពេញ​ឱ្យ​គ្នា​ជាមួយនឹង​យន្តការ​ថ្នាក់​តំបន់​ផ្សេងៗ​ទៀត ដើម្បី​ជួយ​ដល់​និរន្តរភាព​នៃ​អាង​ទន្លេ​មួយ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com